<http://vuthdevelop.blogspot.com/2010/08/blog-post_4089.html> RFI
ដោយ ប៉ែន បូណា
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 14 សីហា 2010

*ជម្លោះ​ព្រំដែន​នៅ​ប្រាសាទ​ព្រះវិហារ​បាន​រាលដាល​ជា​បន្ត​បន្ទាប់
និង​កាន់​តែ​ស៊ីជម្រៅ​​ឡើង​ជា​លំដាប់។
ថៃ​មិន​ត្រឹម​តែ​មិន​ព្រម​ទទួល​ស្គាល់​ថា​ខ្លួន​កំពុង​ឈ្លានពាន​ទឹក​ដី
ខ្មែរ​ប៉ុណ្ណោះ​ទេ តែ​ចុងក្រោយ​នេះ គេ​បែរ​ជា​ចោទ​ថា
កម្ពុជា​កំពុង​ឈ្លានពាន​ទឹកដី​របស់​ខ្លួន​ទៅ​វិញ។
ការ​ចោទ​ប្រកាន់​នេះ​បាន​ធ្វើ​ឡើង​តាមរយៈ​លិខិត​របស់​នាយក​រដ្ឋមន្ត្រី
អាភីស៊ីត ​វេចាជីវ៉ា ​ផ្ញើ​ជូន​អង្គការ​សហប្រជាជាតិ
កាល​ពី​ថ្ងៃ​ទី​១០​សីហា​ដោយ​បដិសេធ​មិន​ទទួល​យក​កិច្ច​អន្តរាគម​ពី​សហគមន៍
អន្តរជាតិ​ឡើយ។
នេះ​គឺ​ជា​ពេល​វេលា​ដែល​កម្ពុជា​ត្រូវ​ជម្រះ​បញ្ជី​ឲ្យ​ជ្រះស្រឡះ​ជាមួយ​ថៃ។*

នៅ​ទី​បំផុត​ រឿងរ៉ាវ​ព្រះវិហារ​ដែល​ថៃ​បាន​ចូល​ទន្ទ្រាន​ទាំង​បំពាន
កាល​ពី​ថ្ងៃ​ទី​១៥​កក្កដា​ឆ្នាំ​២០០៨​មក​នោះ
បាន​ក្លាយ​ជា​រឿង​«ចោរ​ស្រែក​ឲ្យ​គេ​ចាប់​ចោរ»។ នាយក​រដ្ឋមន្ត្រី​ថៃ អាភីស៊ីត
វេចាជីវ៉ា​ បាន​សរសេរ​សំបុត្រ​ប្រាប់​អង្គការ​សហ​ប្រជាជាតិ
កាល​ពី​ថ្ងៃ​ទី​១០​សីហា​ថា
​បញ្ហា​ព្រះវិហារ​កើត​ឡើង​ដោយសារ​តែ​កម្ពុជា​បាន​ឈ្លានពាន​ទឹកដី​របស់​ខ្លួន
​ទៅ​វិញ។

ស្ថានភាព​នេះ​ជា​សញ្ញា​បញ្ជាក់​ឲ្យ​ឃើញ​ថា
កម្ពុជា​ចាំបាច់​ត្រូវ​ជម្រះ​បញ្ជី​ជា​មួយ​ថៃ​ឲ្យ​បាន​ជ្រះស្រឡះ
ជា​បន្ទាន់​មិន​អាច​បណ្តែត​បណ្តោយ​ឲ្យ​បញ្ហា​ដ៏​រ៉ាំរ៉ៃ​នេះ​បន្ត​អូស
បន្លាយ​បាន​ទៀត​ឡើយ។ អូស​បន្លាយ​មិន​បាន​ពីព្រោះ​ថា
ផលវិបាក​នៃ​សំណុំ​រឿង​នេះ​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ឡើង​ជា​លំដាប់​ដែល
អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​រងគ្រោះ នៅ​ថ្ងៃ​ណា​មួយ
ប្រសិន​បើ​មាន​ការ​ធ្វេសប្រហែស។

ជា​ការពិត ​ដូច​ដែល​ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​តាំង​ពី​ដើមទី​មក​អ៊ីចឹង
កម្ពុជា​គួរ​តែ​ប្រញាប់ប្រញាល់​ដោះស្រាយ​បញ្ហា​នេះ
តាមរយៈ​ការប្រើ​ប្រាស់​យន្តការ​អន្តរជាតិ តាំង​ពី​ដើមទី​មកម៉្លេះ ដោយ​ហេតុ​ថា
យន្តការ​ទ្វេភាគី​មិន​អាច​នឹង​ដោះស្រាយ​បាន​ឡើយ។ បញ្ហា​នៅ​ត្រង់​ថា
តើ​គេ​អាច​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​ដូចម្តេច​ទៅ បើ​នៅ​ពេល​ចូល​តុ​ចរចា​ម្តងៗ
ភាគីថៃ​កាន់​ផែនទី​ផ្សេង រី​ឯ​ភាគី​កម្ពុជា​កាន់​ផែនទី​ផ្សឹង?

មិន​តែ​ប៉ុណ្ណោះ​លទ្ធផល​ដំបូងៗ​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋន្ត្រី​ការបរទេស
​៣​លើក​ចុង​ក្រោយ
ត្រូវ​បាន​ភាគី​ថៃ​យក​ទៅ​គ្រវាត់​ចោល​កៀន​ជញ្ជាំង​មិន​ខ្ចី​យក​ទៅ​ឲ្យ
រដ្ឋសភា​អនុម័ត​ឡើយ។
តើ​ឯណា​ទៅ​ជា​សុឆន្ទៈ​របស់​ថៃ​ក្នុង​ការដោះស្រាយ​បញ្ហា​ជាមួយ​​កម្ពុជា​នោះ?
លើស​ពី​នេះ​ទៅ​ទៀត​ថៃ​នៅ​តែ​អះអាង​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​សន្តិសុខ​សហ
ប្រជាជាតិ​ថា ខ្លួន​ពិត​ជា​ចង់​ដោះស្រាយ​បញ្ហា​ជាមួយ​កម្ពុជា​ដោយ​សន្តិវិធី
និង​តាមរយៈ​យន្តការ​ទ្វេភាគី​ដដែល។ អ្វី​ដែល​ឈឺ​ចាប់​បំផុត​នោះ
គឺ​ថៃ​បាន​ចោទ​កម្ពុជា​ថា​បាន​បំពាន​ចូល​ទឹកដី​របស់​ខ្លួន។

មក​ដល់​ចំណុច​នេះ
មេដឹកនាំ​ខ្មែរ​គួរ​យល់​បាន​ហើយ​អំពី​មហិច្ឆតា​របស់​ថៃ​ដោយ​មិន​គួរ​បណ្តែត
បណ្តោយ​ឲ្យ​បញ្ហា​អូស​បន្លាយ​តទៅ​ទៀត​ឡើយ។ ចំណុច​ដែល​ត្រូវ​ចោទ​សួរ​នោះ
គឺ​តើ​ហេតុអ្វី​បាន​ជា​ថៃ​ខ្លាច​យន្តការ​អន្តរជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា
ប្រសិន​បើ​ខ្លួន​អះអាង​ថា កម្ពុជា​កំពុង​ឈ្លានពាន​ទឹក​ដី​របស់​ខ្លួន?
ចម្លើយ​មាន​តែ​មួយ​គត់​គឺ
មក​ពី​ថៃ​គ្មាន​ភស្តុតាង​ដើម្បី​ការពារ​អំណះអំណាង​របស់​ខ្លួន​ចំពោះ​មុខ
សហគមន៍​អន្តរជាតិ​ឡើយ។ ដូច្នេះ​យុទ្ធសាស្រ្ត​របស់​ថៃ
គឺ​ការអូស​បន្លាយ​ទំនាស់​ឲ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​ហើយ
នៅ​ក្នុង​អំឡុង​ពេល​នោះ​ពួក​គេ​នឹង​ប្រើ​យុទ្ធវិធី​«បើ​កុហក​ម្តង​គេ​មិន​ជឿ
ត្រូវ​កុហក​ដប់​ដង ​ឬ​មួយ​រយ​ដង​នោះ​គេ​នឹង​ជឿ​ជា​មិន​ខាន»។

អ្វី​ដែល​គួរ​ឲ្យ​ពិចារណា​បំផុត​នោះ
គឺ​ថៃ​កំពុង​ធ្វើ​យ៉ាងណា​ឲ្យ​ខ្លួនឯង​ដែល​ជា​អ្នកឈ្លានពាន​ក្លាយ​ជា
អ្នករងគ្រោះ​ដោយ​ការឈ្លានពាន​ទៅ​វិញ។ ទន្ទឹម​នឹង​នេះ
ថៃ​នៅ​តែ​បន្ត​ប្រើ​គ្រប់​វិធី​ដើម្បី​អូស​បន្លាយ​ទំនាស់
ហើយ​ឆ្លៀត​ឱកាស​ធ្វើ​ព្យុះ ធ្វើ​ភ្លៀង​អង្គការ​យូណេស្កូ​យ៉ាង​សម្បើម។
គោលដៅ​ចុង​ក្រោយ​របស់​ថៃ​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ«ចោរ​រួច​ខ្លួន
រីឯ​ម្ចាស់​ទ្រព្យ​ត្រូវ​ជាប់​គុក»។ ល្បិច​នេះ ថ្វី​ត្បិត​តែ​នៅ​លើ​គោក
តែ​ថៃ​នៅ​តែ​ព្យាយាម។«ព្យាយាម​ក្រែង​បាន​សម្រេច»។

ចុង​ក្រោយ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន
​បាន​ដាក់​ល័ក្ខខ័ណ្ឌ​២​យ៉ាង​ឲ្យ​ភាគី​ថៃ​ចំពោះ​បញ្ហា​ព្រះវិហារ គឺ​ទី១
ថៃ​ត្រូវ​ឲ្យ​រដ្ឋសភា​របស់​ខ្លួន​អនុម័ត​លទ្ធផល​នៃ​កិច្ច​ប្រជុំ
៣​លើក​ចុង​ក្រោយ ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា និង​ទី២
​ការចរចា​ត្រូវ​មាន​យន្តការ​អន្តរជាតិ​ណាមួយ​ជា​អ្នកសម្រប​សម្រួល។
ល័ក្ខខ័ណ្ឌ​ទាំងពីរ​នេះ ត្រូវ​គេ​មើល​ឃើញ​ជា​ទូទៅ​ថា
ល្អ​ប្រសិន​បើ​រដ្ឋាភិបាល​ពិត​ជា​ប្រកាន់​យក​ដោយ​ម៉ឺងម៉ាត់​មែន​នោះ។
ផ្ទុយ​ទៅ​វិញ
​ប្រសិន​បើ​ជំហរ​របស់​ថៃ​ដែល​ចង់​ចរចា​ទ្វេភាគី​បាន​ទទួល​ជ័យ​ជម្នះ​តែ​ដដែល
​នោះ​ វា​មិន​ខុស​អ្វី​ពី​ការផ្តល់​ឱកាស​ឲ្យ​ថៃ​មាន​ពេល​សំងំ​សន្សំ​ពិស
ដើម្បី​ព្រួស​ដាក់​កម្ពុជា​ជា​បន្ត​ទៀត​នោះ​ឡើយ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to