ប្រធានរដ្ឋវៀតណាម កំពុងបំពេញដំណើរទស្សនកិច្ច ៣ ថ្ងៃ នៅកម្ពុជា
cen.com.kh ដោយ : លីហូវ (ថ្ងៃទី 26 សីហា 2010) ភ្នំពេញ: ប្រធានរដ្ឋ នៃប្រទេសវៀតណាម លោក ង្វៀន មិញត្រៀត ( Nguyen Minh Triet ) មកដល់កម្ពុជា នៅម៉ោង ៣រសៀល ថ្ងៃព្រហស្បតិ៍នេះ ដើម្បីផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ ថ្ងៃ នៅកម្ពុជា តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ក្នុងរយៈពេលនៃការធ្វើទស្សនកិច្ចនៅកម្ពុជានេះ លោកប្រធានរដ្ឋ នៃប្រទេសវៀតណាម នឹងចូលគាល់ព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា។ ក្រៅពីនេះ លោក ង្វៀន មិញត្រៀត ប្រធានាធិបតីវៀតណាម ក៏មានគម្រោងចូលថ្វាយបង្គំគាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងសម្តេចព្រះអភិសេរីសុគន្ធា មហាសង្ឃរាជាធិបតី បួរ គ្រី ផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស លោកប្រធានរដ្ឋវៀតណាម ង្វៀន មិញត្រៀត នឹងចូលរួមសម្ពោធការិយាល័យតំណាងរបស់វិទ្យុសម្លេងវៀតណាម នៅទីក្រុងភ្នំពេញ និងធ្វើទស្សនកិច្ចនៅសាលាមិត្តភាពកម្ពុជា-វៀតណាម ផងដែរ។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋវៀតណាម នៅកម្ពុជា ពេលនេះ បានធ្វើឡើង ក្រោយពីព្រះករុណា ព្រះមហាក្សត្រ នរោត្តម សីហមុនី រួមទាំងព្រះវររាជបិតា និងព្រះវររាជមាតា បានយាងទៅបំពេញព្រះរាជដំណើរទស្សនកិច្ច នៅទីក្រុងហាណូយប្រទេសវៀតណាម កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១០៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

