អង្គការ​សិទ្ធិ​មនុស្ស​ថា​សិទ្ធិ​បញ្ចេញ​មតិ​នៅ​កម្ពុជា​មិន​ទាន់​ល្អ​ប្រសើរ
ដោយ សេក បណ្ឌិត
2010-09-02

ក្រុម​អង្គការ​អន្តជាតិ ដែល​ធ្វើ​ការ​អង្កេត ឃ្លាំមើល​បញ្ហា​សិទ្ធិ
មនុស្ស​នៅ​លើ​ពិភព​លោក បាន​បង្ហាញ​របាយ​ការណ៍​ថា បរិយាកាស​សិទ្ធិ​មនុស្ស
ក្នុង​ប្រទេស​កម្ពុជា​ថ្មី​នេះ មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើយ ជា​ពិសេស
សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។

លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក (កណ្ដាល) ធ្លាប់​ត្រូវ
មន្ត្រី​រដ្ឋាភិបាល​ប្ដឹង​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត

ការិយាល័យ​អង្កេត ឃ្លាំ​មើល​សម្រាប់​ការ​ពារ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស
របស់​អង្គការ​អន្តរ​ ជាតិ​ចំនួន​ពីរ គឺ​អង្គការ​ពិភព​លោក​ប្រឆាំង​ការ
ធ្វើ​ទារុណកម្ម និង​អង្គការ​សម្ព័ន្ធ​អន្តរ​ជាតិ​ការពារ​សិទ្ធិ​មនុស្ស
ដែល​មាន​សមាជិក​ជាង​មួយ​រយ​ប្រទេស នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ កញ្ញា បាន​ចេញ
សេចក្ដី​ថ្លែង​ការណ៍​ស្ដី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថា អ្នក​ការ
ពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កំពុង​ប្រឈម​មុខ​នឹង​ការ​កៀប​សង្កត់
សេរីភាព ព្រម​ទាំង​រឹត​ត្បិត​លើ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ។

សេចក្ដី​ថ្លែង​ការណ៍​របស់​អង្គការ​ខាង​លើ​នេះ បាន​ឲ្យ​ដឹង​ថា ប្រជា​ជន
កម្ពុជា បាន​ប្រឈម​នឹង​ការ​រឹត​បន្តឹង​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ លើ​សេរីភាព
ក្នុង​ការ​បញ្ចេញ​មតិ តាំង​ពី​ឆ្នាំ​២០០៨​មក។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​ផ្សព្វ​ផ្សាយ​សេចក្ដី​ថ្លែង​ការណ៍​ស្ដីពី
ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២ កញ្ញា នៅ​ទីក្រុង
ភ្នំពេញ មន្ត្រី​អង្គការ​សម្ព័ន្ធ​អន្តរ​ជាតិ ការពារ​សិទ្ធិ​មនុស្ស លោក
ជែន ទីងហ្គា (Jens Tingas) មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ប្រើ​វិធានការ
ជា​ច្រើន ដើម្បី​ឲ្យ​សកម្មជន​សិទ្ធិ​មនុស្ស​ទាំង​នោះ​ស្ងៀម​ស្ងាត់ ដូច​ជា
ការ​អនុវត្ត​តាម​រយៈ​ប្រព័ន្ធ​តុលាការ​ជា​ដើម ៖ «រឿង​ដែល​មិន​មាន ​ការ
គោរព​សិទ្ធិ​មនុស្ស​ហ្នឹង មក​ពី​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ អ្នក​ណា
ដែល​ហ៊ាន​និយាយ​ចេញ គឺ​ត្រូវ​បាន​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍ ឬ​ផ្សាយ
ព័ត៌មាន​មិន​ពិត ញុះ​ញុង ត្រូវ​ជាប់​ចោទ​ពី​បទ​ព្រហ្មទណ្ឌ ម្យ៉ាង​ទៀត
ច្បាប់​ជាតិ​មួយ​ចំនួន ដែល​ទើប​បាន​អនុមតិ​ថ្មីៗ​នេះ សុទ្ធ​តែ​បាន​រឹត
បន្តឹង​ផ្នែក​សេរីភាព​សម្ដែង​មតិ និង​ការ​ប្រមូល​ផ្តុំ​កាន់​តែ​មាន​ភាព
តូច​ចង្អៀត»។

ប្រធាន​អង្គការ​សិទ្ធ​មនុស្ស​លីកាដូ លោក​ស្រី ពង្ស ឈីវ​ហ្គិច បាន​គាំទ្រ
ចំពោះ​សេចក្ដី​ថ្លែង​ការណ៍​ខាង​លើ​នេះ ហើយ​អង្គការ​លោក​ស្រី​ថ្មីៗ​នេះ ក៏
បាន​ចេញ​របាយ​ការណ៍​មួយ​ដែរ ដែល​មាន​ខ្លឹម​សារ​ស្រដៀង​គ្នា​នឹង​អង្គការ
អន្តរ​ជាតិ​ខាង​លើ​នេះ​ដែរ។

មន្ត្រី​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈ
រដ្ឋមន្ត្រី លោក ទិត្យ សុធា បាន​ប្រតិកម្ម​ជំទាស់​នឹង​សេចក្ដី​ថ្លែង
ការណ៍​អំពី​ការ​ធ្លាក់​ចុះ​នូវ​ ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ
ក្នុង​អំឡុង​ពេល​នេះ ដោយ​ថា​របាយ​ការណ៍​ទាំង​នោះ​មិន​ឆ្លុះ​បញ្ចាំង​នូវ
ការ​ពិត​ជាក់​ស្ដែង​ឡើយ។

សកម្មជន​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរ​ជាតិ បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល
កម្ពុជា​ពិនិត្យ​មើល​លើ​បញ្ហា​នេះ​ឡើង​វិញ ទៅ​តាម​សន្ធិ​សញ្ញា​អន្តរ​ជាតិ
នានា ស្ដីពី​សិទ្ធិ​មនុស្ស ដែល​រដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់
និង​យល់​ព្រម​អនុវត្ត​តាម ព្រម​ទាំង​ពិនិត្យ​មើល​លើ​គម្រោង​អភិវឌ្ឍន៍
ទាំង​ឡាយ​ណា ដែល​មាន​ផល​ប៉ះពាល់​ដល់​សិទ្ធិ​ពល​រដ្ឋ និង​សង្គម​ទូទៅ។

ការិយាល័យ​អង្កេត ឃ្លាំ​មើល​ដើម្បី​ការ​ពារ​សិទ្ធិ​មនុស្ស បាន​រក​ឃើញ​ថា
មេ​ដឹក​នាំ​សហ​ជីព សកម្មជន​ការ​ពារ​ដីធ្លី និង​អ្នក​សារព័ត៌មាន​ជា​ច្រើន
បាន​ប្រឈម​មុខ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​បំផុត។

រហូត​មក​ដល់​ថ្ងៃ​ទី​៨ ធ្នូ ឆ្នាំ​២០០៩ សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី
ចំនួន ៥២​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ឃុំ​ក្នុង​ពន្ធនាគារ និង​អ្នក​ផ្សេង
ជា​ច្រើន​ទៀត បាន​ទទួល​រង​ការ​ឈឺ​ចាប់​ពី​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ដោយ
បង្ខំ និង​ការ​រំខាន​យាយី​ផ្សេងៗ​ទៀត៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to