កម្ពុជា​ទិញ​រថក្រោះ​និង​រថពាសដែក​៩៤​គ្រឿង
RFI
ដោយៈ លាង​ ដឺលុច
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 15 កញ្ញា 2010

កម្ពុជា​បាន​បញ្ជា​ទិញ​រថក្រោះ​និង​រថពាសដែក​ចំនួន​ជិត​១០០​ដើម្បី
ពង្រឹង​វិស័យ​ការពារ​ជាតិ។ រថក្រោះ និង​រថពាសដែក​ទាំងនេះ​នឹង​មក​ដល់
កំពង់ផែ​ខេត្ត​ព្រះសីហនុ​នៅក្នុង​សប្តាហ៍​ ក្រោយ​នេះ។ មន្ត្រី​យោធា​នៃ
ក្រសួង​ការពារជាតិ​បដិសេធ​មិន​និយាយ​អំពី​ចំនួន​ទឹកប្រាក់​ ដែល​ត្រូវ​បាន
ចំណាយ​ទៅលើ​ការ​ទិញអាវុធ​សង្គ្រាម​ទាំងនេះ​ឡើយ។

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​រថក្រោះ និង​រថពាសដែក​ចំនួនជាង៩០​គ្រឿង
ពី​ប្រទេស​មួយ​នៃ​អឺរ៉ុប​ខាងកើត។ មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​ក្រសួង
ការពារ​ជាតិ​មួយ​រូប បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​អោយ​ដឹង
ថា កម្ពុជា​បាន​បញ្ជា​ទិញ​រថក្រោះធុន​T៥៥​ចំនួន​៥០​គ្រឿង និង​រថពាសដែក
ចំនួន​៤៤​គ្រឿង។ ហើយ​ថា រថក្រោះ​និង​រថពាសដែក​ទាំងនេះ​ ប្រហែល​ជា​នឹង​អាច
ត្រូវ​ដឹកជញ្ជូន​មកដល់​កំពង់ផែ​ខេត្ត​ព្រះសីហនុ​នៅថ្ងៃ​ ទី​១៨ខែ​កញ្ញា
សប្តាហ៍​ក្រោយ​នេះ។ ប្រភព​មន្ត្រី​យោធា​ដដែល​បាន​អត្ថាធិប្បាយ​ថា ការ
បញ្ជាទិញ​សព្វាវុធ​ថ្មី​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​វិស័យ​ការពារ
ជាតិ។

ដោយ​បាន​បញ្ជាក់​ថា នេះ​គឺ​ជា​ព័ត៌មាន​សម្ងាត់​យោធា មន្ត្រី​យោធា​កម្ពុជា
បាន​បដិសេធ​មិន​ប្រាប់​អំពី​ចំនួន​ទឹកប្រាក់​ដែល​ ត្រូវបាន​ចំណាយ​សម្រាប់
ការ​ទិញ​រថក្រោះ និង​រថពាសដែក​ទាំងនេះ​ទេ ហើយ​ក៏​មិន​បាន​ប្រាប់​ថា
កម្ពុជា​ទិញ​រថក្រោះ​ទាំងនេះ​ពី​ប្រទេស​ណាមួយ​ពិតប្រាកដ​ពី​អឺរ៉ុប​ខាងកើត
 នោះ​ដែរ។

រថក្រោះ និង​រថពាសដែក​ថ្មី​ទាំងនេះ​នឹង​មក​ដល់​កម្ពុជា ចំ​ពេល​ដែល
កម្ពុជា​កំពុង​ហ្វឹកហ្វឺន​កម្លាំង​យោធា​នៃ​កង​រថក្រោះ និង​រថពាសដែក​ជាង
៨០០​នាក់។ តាំងពី​មាន​ការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ថៃ កម្ពុជា​រឹតតែ
ពង្រឹង​កម្លាំង​យោធា​របស់​ខ្លួនកាន់​តែខ្លាំង ទាំង​សម្ភារៈ និង​ថវិការ។
រដ្ឋាភិបាល​បាន​សម្រេច​បន្ថែម​ថវិកា​ជាតិ​ទៅលើ​វិស័យ​ការពារជាតិ ហើយ​លោក
នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏​ធ្លាប់​បាន​ថ្លែង​អោយ​ដឹង​ដែរ​ថា ទាហាន
កម្ពុជា​មាន​អាវុធ​ទំនើប និង​ថ្មី​ជាច្រើន​សម្រាប់​ប្រឆាំង​ការ​ឈ្លានពាន
ពី​បរទេស។

កាល​ពី​ថ្ងៃ​ទី​១៤​កញ្ញា​ម្សិលមិញ លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ
ជា​បាន​ចេញ​ដំណើរ​ធ្វើ​ទស្សនកិច្ច​ក្រៅ​ ផ្លូវការមួយ នៅ​ប្រទេស​ចិន
រយៈពេល​៧ថ្ងៃ។ ទាក់ទងនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី
ទៀ បាញ់ លោក​ឧត្តមសេនីយឯក ឈុំ សុជាតិ​ដែលជា​អ្នកនាំពាក្យ​ក្រសួង​ការពារ
ជាតិ បាន​ប្រាប់​អោយ​ដឹង​ថា លោក​ទៀ បាញ់​នឹង​ត្រូវ​អញ្ជើញ​អោយ​ធ្វើ
ទស្សនកិច្ច​នៅក្នុង​រោងចក្រ​ផលិត​សម្ភារៈ​ យោធា​របស់​ប្រទេស​ចិន។ ប្រទេស
ចិន​ដែល​ធ្លាប់​បាន​ផ្តល់កម្ចី​ដល់​កម្ពុជា​សម្រាប់​ទិញ​នាវា​ល្បាត
សមុទ្រ និង​ផ្តល់​ជំនួយ​ជា​រថយន្ត​ដឹកជញ្ជូន​របស់​យោធា​ជាង​២០០​គ្រឿង៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to