ហ៊ុន​សែន​ដឹក​នាំ​គណៈប្រតិភូ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន-​អាមេរិក
ដោយ សេក បណ្ឌិត
2010-09-22
rfa
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹក​នាំ​គណៈប្រតិភូ​ចាក​ចេញ​ពី
កម្ពុជា ទៅ​បុរី​ញូវយ៉ក សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​​២២ ​កញ្ញា​នេះ ដើម្បី
ត្រៀម​ចូល​រួម​កិច្ចប្រជុំ​ថ្នាក់​ដឹក​នាំ​ប្រទេស​ជា​សមាជិក​អាស៊ាន និង
សហរដ្ឋអាមេរិក​លើក​ទី​២ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១០។
នៅ​មុន​ពេល​ចាក​ចេញ​ពី​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់
សហរដ្ឋអាមេរិក នៅ​វេលា​ម៉ោង ១២​ថ្ងៃ​ត្រង់ ថ្ងៃ​ពុធ ទី​២២ ខែ​កញ្ញា
រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី គឺ​លោក ស្រ៊ី ថាមរុង្គ បាន​មាន
ប្រសាសន៍​បញ្ជាក់​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា កម្ពុជា​នឹង​មិន​លើក​យក
បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា ជាមួយ​នឹង​ប្រទេស​ថៃ ដាក់​ចូល​ក្នុង
របៀបវារៈ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​ដឹក​នាំ​អាស៊ាន និង​សហរដ្ឋ​អាមេរិក
នោះ​ឡើយ។

លោក ស្រ៊ី ថាមរុង្គ ពន្យល់​ថា ការ​ដែល​មិន​លើក​យក​បញ្ហា​ព្រំដែន​កម្ពុជា
ដាក់​ឲ្យ​មាន​ការ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ខាង​លើ​នេះ ដោយសារ​កិច្ច
ប្រជុំ​ត្រូវ​មាន​ប្រធានបទ​ច្រើន​ដែល​ត្រូវ​ពិភាក្សា ដូចជា​បញ្ហា
សេដ្ឋកិច្ច ទំនាក់ទំនង​ការ​អភិវឌ្ឍ​ក្នុង​តំបន់ វិស័យ​ការទូត​ជាដើម។
ប៉ុន្តែ​លោក ហ៊ុន សែន និង​លោក អាភីស៊ិត វ៉េតឆាឈីវ៉ាក់ (Abhisit
Vejjajiva) នឹង​មាន​ជំនួប​ទ្វេ​ភាគី​ដាច់​ដោយ​ឡែក​នៅ​ក្រៅ​កិច្ច​ប្រជុំ
នោះ។

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង សម រង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា
សហគមន៍​អាស៊ាន​ត្រូវ​តែ​យក​ចិត្ត​ទុក​ឲ្យ​បាន​ដិតដល់​ចំពោះ​ប្រទេស
កម្ពុជា និង​ថៃ ដែល​កំពុង​មាន​ទំនាស់​នឹង​គ្នា ហើយ​មិន​គួរ​ទុក​ឲ្យ
ប្រទេស​ទាំង​ពីរ​នេះ អូស​បន្លាយ​ពេល​វេលា​បន្ត​ចរចា​ទ្វេ​ភាគី​ដោយ​ពុំ
មាន​លទ្ធផល​អ្វី​សោះ​នោះ​ ទេ។

មន្ត្រី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា បាន​សរសេរ​លិខិត​ស្វែង​រក​ការ
ធ្វើ​អន្តរាគមន៍​ពី​សំណាក់​ប្រធាន​អាស៊ាន និង​ជា​រដ្ឋមន្ត្រី​ក្រសួង
ការបរទេស​វៀតណាម និង​ជា​ប្រធាន​អាស៊ាន លោក ផាម យ៉ាឃៀម (Pham Gia Khiem)
ឲ្យ​ជួយ​ដោះស្រាយ​វិបត្តិ​ព្រំដែន​កម្ពុជា និង​ថៃ​នេះ។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា កន្លង​ទៅ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស
វៀតណាម លោកស្រី ង្វៀន ភឿង ង៉ា (Nguyen Phuong Nga) បាន​ប្រកាស​ថា វៀតណាម
ដែល​ជា​ប្រទេស​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០១០ កំពុង​ធ្វើ​កិច្ច
ពិភាក្សា​យ៉ាង​សកម្ម​ជាមួយ​នឹង​បណ្ដា​ប្រទេស​អាស៊ាន​ផ្សេង ​ទៀត ជា​ការ
ឆ្លើយ​តប​ទៅ​នឹង​សំណើ​ស្នើ​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន ធ្វើ​ការ​សម្រុះ
សម្រួល​វិបត្តិ​ព្រំដែន​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ។ ប៉ុន្តែ​រហូត​មក
ដល់​ពេល​នេះ ជា​លទ្ធផល​ពុំ​មាន​ជា​ផ្លែផ្កា​អ្វី​ឡើយ។

កិច្ច​ប្រជុំ​លើក​ទី​២ របស់​ថ្នាក់​ដឹកនាំ​អាស៊ាន​នេះ ដឹក​នាំ​ដោយ​ប្រធាន
អាស៊ាន និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម លោក ផាម យ៉ាឃៀម និង
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូប៉ាម៉ា (Barack Obama) ជា
ម្ចាស់​ផ្ទះ។

កិច្ចប្រជុំ​លើក​នេះ ក្រៅ​ពី​ពិភាក្សា​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ
នានា កិច្ច​ប្រជុំ​នេះ​នឹង​ពិនិត្យ​មើល​បញ្ហា​អន្តរជាតិ​មួយ​ចំនួន ជា
ពិសេស​បញ្ហា​សេដ្ឋកិច្ច បញ្ហា​ប្រែប្រួល​អាកាសធាតុ គ្រប់គ្រង​គ្រោះ
មហន្តរាយ សន្តិសុខ​ស្បៀង ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ជាដើម។

សហរដ្ឋ​អាមេរិក​បាន​ក្លាយ​ជា​ដៃគូ​សន្ទនា​ពេញ​សិទ្ធិ​នៅ​ឆ្នាំ​១៩៧៧។ លើ
បញ្ហា​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អាស៊ាន ជា
ពិសេស​ជាមួយ​កម្ពុជា ដោយ​នៅ​ឆ្នាំ​២០០៨ ទំហំ​ទឹក​ប្រាក់​ពាណិជ្ជកម្ម
សហរដ្ឋ​អាមេរិក​មក​កម្ពុជា មាន​ចំនួន​រាប់​​ពាន់​លាន​ដុល្លារ​សហរដ្ឋ
អាមេរិក៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
  • ... Campatriot People Power CPP កម្លាំងអ្ នកស្នេហាជាតិ
    • ... Bury Chau

Reply via email to