បុរសខ្មែរម្នាក់ត្រូវបានទូរទស្សន៍ CNN ជ្រើសជាបក្ខជនវីរបុរសប្រចាំឆ្នាំ ដោយ ហង្ស សាវយុត 2010-09-25 rfa ទីប្រឹក្សាអង្គការដោះមីនមួយ ដែលកំពុងធ្វើសកម្មភាពជួយបោសសំអាត មីនក្រោមដី ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋខ្មែរ បានអំពាវនាវឲ្យ មហាជនខ្មែរ និងពិភពលោកជួយបោះឆ្នោតគាំទ្របេក្ខជនខ្មែរម្នាក់ ឲ្យ ក្លាយទៅជាជើងឯកវីរបុរសយកឈ្នះលើបេក្ខជនឆ្នើមក្នុងកម្មវិធី ទូរទស្សន៍ ស៊ីអិនអិន (CNN) ចំពោះស្នាដៃដោះមីនដើម្បីសន្តិភាពរបស់ ប្រជាជនកម្ពុជា។ បុរសខ្មែរម្នាក់ ដែលជាអ្នកស្ម័គ្រចិត្តតែងដើរជួយដោះមីនជិត២០ ឆ្នាំ ដោយមិនទារកម្រៃនៅតាមបណ្ដាខេត្តជាច្រើនជាប់ព្រំដែន ខ្មែរ-ថៃ ត្រូវបានទូរទស្សន៍អន្តរជាតិ ស៊ីអិនអិន CNN ជ្រើសរើស បញ្ចូលឈ្មោះទៅក្នុងបញ្ជីបេក្ខជនកំពូលវីរបុរសក្នុងចំណោម បេក្ខជន ឆ្នើមៗ ចំនួន១០រូបមកពីប្រទេសជុំវិញពិភពលោក ដើម្បីធ្វើការ ប្រកួតជ័យលាភីជើងឯកវីរបុរសរបស់ទូរទស្សន៍សម្រាប់ ឆ្នាំ២០១០ នេះ។
ស្ថានីយទូរទស្សន៍អន្តរជាតិ ស៊ីអិនអិន បានសំរេចជ្រើសរើសបុរស ខ្មែរ ឈ្មោះ អាគីរ៉ា អាយុ៣៥ឆ្នាំ ទីលំនៅខេត្តសៀមរាប បញ្ចូលទៅក្នុង បញ្ជីបេក្ខជនវីរបុរសកំពូលទាំង១០រូប ដែលមកពីជុំវិញពិភពលោក លើ ស្នាដៃសមត្ថភាព និងការងារដែលធ្លាប់បានធ្វើសម្រាប់ប្រយោជន៍ជា ច្រើន បម្រើឲ្យមនុស្សជាតិ។ លោក អឿន យក្ស ហៅ អាគីរ៉ា បានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា នៅឯតំបន់ចម្ការមីនមួយ ក្នុងភូមិម្កាក់ ឃុំធ្លកលើ ស្រុក ជីក្រែង ខេត្តសៀមរាប ដែលក្រុមរបស់លោកកំពុងប្រតិបត្តិការដោះមីនថា លោកពុំធ្លាប់បានដាក់ពាក្យស្នើសុំជាបេក្ខភាពនៃវីរបុរស ទូរទស្សន៍ ទេ ហើយលោកក៏មិនដឹងខ្លួនដែរ។ ប៉ុន្តែទូរទស្សន៍នោះ ធ្លាប់មកសុំលោកថតរូប និងសម្ភាសន៍ពាក់ព័ន្ធនិងការដោះមីនរបស់ លោក ហើយប៉ុន្មានថ្ងៃមកនេះ លោកឮគេប្រាប់ថា លោកបានជាប់ឈ្មោះ ក្នុងចំណោមបេក្ខជនវីរបុរសកំពូលចំនួន១០រូប ធ្វើឲ្យរូបលោកមាន ការភ្ញាក់ផ្អើល។ លោក អាគីរ៉ា បានមានប្រសាសន៍ថា លោកបានស្ម័គ្រចិត្តដើរដោះមីននៅ តាមបណ្ដាខេត្តមួយចំនួនជាប់ ព្រំដែនខ្មែរ-ថៃ ដោយមិនទារប្រាក់ កម្រៃជាច្រើនឆ្នាំមកហើយ ដោយលោកចង់ឃើញទឹកដីខ្មែរគ្មានគ្រាប់ មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងឲ្យប្រជាពលរដ្ឋខ្មែរមាន សន្តិភាព និងបានប្រើប្រាស់ដីសម្រាប់រស់នៅធ្វើកសិកម្មដោយ សុវត្ថិភាព ៖ «ខ្ញុំដោះមីនតាំងពីឆ្នាំ១៩៩០ គឺដោះមុន UNTAC ចូល ដោយខ្លួនឯង គេហៅថាស្ម័គ្រចិត្ត គឺខ្ញុំយល់ដឹងព្រោះខ្ញុំ ធ្លាប់បានដាក់មីនពីសម័យសង្គ្រាម ដល់ពេលខ្ញុំយល់ថាយើងធ្លាប់ បានធ្វើអាក្រក់ ហើយយើងមានគំនិតចង់កែប្រែខ្លួនឲ្យល្អ ដើម្បី ជួយប្រទេសជាតិយើងវិញ គឺស្ម័គ្រចិត្តដោយខ្លួនឯង អត់មានអង្គការ ណាទេ។ ដើរដោះជាមួយប្រជាជនខ្លះ ជាមួយទាហានខ្លះ ដែលរស់នៅតាម តំបន់មានមីនចាប់ពីខេត្តបាត់ដំបង មកបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ។ ខ្ញុំដើរដោះជិះតែម៉ូតូ ឬក៏ឡានតាក់ ស៊ី»។ ទោះយ៉ាងណា លោក អាគីរ៉ា បានសំដែងការគ្មានជំនឿទេថា លោកមិនអាច ក្លាយទៅជាជើងឯកនៃពានរង្វាន់ទូរទស្សន៍ស៊ីអិនអិន ប្រចាំឆ្នាំ នេះបានទេ ដោយសារតែលោកបានទទួលការសិក្សាអប់រំតិចតួចប៉ុណ្ណោះ បើប្រៀបធៀបជាមួយបេក្ខជន៩រូបផ្សេងទៀត មកពីជុំវិញពិភពលោក ដែល សុទ្ធតែជាអ្នកមានសមត្ថភាព ដើម្បីឲ្យរូបលោកក្លាយទៅជាជើងឯកនៃ ពានរង្វាន់ទូរទស្សន៍ស៊ីអិន អិនប្រចាំឆ្នាំនេះ។ លោក ប៊ីល ម័រស៍ (Bill Morse ) ជាទីប្រឹក្សារបស់អង្គការដោះមីន កម្ពុជា ដែលទើបតែបានបង្កើតឡើងថ្មីមួយ សម្រាប់ជួយដល់ក្រុម អាគីរ៉ា បានមានប្រសាសន៏ថា លោកគឺជាអ្នកដែលបានស្នើសុំដាក់ឈ្មោះ លោកអាគីរ៉ា ទៅក្នុងបញ្ជីបេក្ខជនវីរបុរសស៊ីអិនអិន ប្រចាំឆ្នាំ ២០១០នេះ។ លោក ប៊ីល ម័រស៍ បានមានប្រសាសន៍ថា សម្រាប់ការប្រកួតជ្រើស រកជើងឯកវីរបុរសឆ្នាំនេះ គឺមានមនុស្សចំនួន១ម៉ឺននាក់បានដាក់ ពាក្យប្រកួត ហើយជំហានដំបូងស្ថានីយទូរទស្សន៍ស៊ីអិនអិន បានជម្រុះ ចោលដោយជ្រើសរើសយកតែ២៥នាក់។ ជាលើកទី២ នេះបានជម្រុះចោលពី២៥ ឲ្យនៅសល់តែ១០នាក់ ដែលក្នុងចំណោមបេក្ខជនកំពូល១០នាក់នោះ គឺមាន ឈ្មោះអាគីរ៉ាជាជនជាតិខ្មែរមួយដែរ។ លោក ប៊ីល ម័រស៍ បានមានប្រសាសន៍ថា លោកបានឮឈ្មោះអាគីរ៉ាតាំងពី ឆ្នាំ២០០៣ មកម្ល៉េះ ដែលបុរសខ្មែរម្នាក់នេះ តែងដើរដោះមីននៅតាម ទីព្រៃ។ លោកបានជួបគាត់ចំនួន៤ថ្ងៃ ហើយលោកក៏បានត្រឡប់ទៅសហ រដ្ឋអាមេរិកដើម្បីស្វែងរកលុយជួយបង្កើត អង្គការដោះមីនមួយ សម្រាប់គាត់។ លោក ប៊ីល ម័រស៍ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ និងបរទេសជួយ គាំទ្របេក្ខភាពរបស់អាគីរ៉ា តាមរយៈការបោះឆ្នោតតាមប្រព័ន្ធ Internet ៖ «ខ្ញុំគិតថាគាត់ឈ្នះ ខ្ញុំដឹងថាគាត់នឹងឈ្នះពីព្រោះ ខ្ញុំជាអ្នកបញ្ជូនឈ្មោះគាត់ទៅ ក្នុងបញ្ជីបេក្ខជនដែលរឿងជីវិត របស់គាត់ គឺអស្ចារ្យខ្លាំងណាស់។ ប្រសិនបើលោកអ្នកបើកទៅក្នុង គេហទំព័ររបស់ទូរទស្សន៍ CNN គឺបេក្ខជនវីរបុរស៩នាក់ផ្សេងទៀត គឺ អ្វីដែលគេបានធ្វើជាការងារធមុ្មតាៗ។ ជាការពិតណាស់ជើងឯកនៃ វីរបុរស CNN គឺបានពីការបោះឆ្នោតជុំវិញពិភពលោក ដូច្នេះបើលោក អ្នកចង់បោះឆ្នោតគាំទ្រអាគីរ៉ា សូមចូលទៅក្នុងគេហទំព័រ CNN និង សូមជួយបោះឆ្នោតឲ្យអាគីរ៉ា»។ លោក អាគីរ៉ា ឈ្មោះដើម អឿន យក្ស មានកំណើតនៅភូមិសំរោង ឃុំសំរោង ស្រុក សូទ្រនិគម ខេត្តសៀមរាប។ លោកគឺកូនពៅក្នុងគ្រួសារកសិករមួយ ដែលមាន បងប្អូនចំនួន៣នាក់ គឺប្រុស២ និងស្រីម្នាក់។ លោក អាគីរ៉ា បានប្រាប់ថា លោកបានចាប់ផ្ដើមស្គាល់គ្រាប់មីនតាំងពី អំឡុងឆ្នាំ១៩៨២-១៩៨៣ ដោយលោកចេះដាក់គ្រាប់មីន និងគ្រាប់ច្នៃពី កងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋកម្ពុជាផង។ ចាប់តាំងពីឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០០៧ លោក អាគីរ៉ា បានស្ម័គ្រ ចិត្តដើរដោះមីនដោយមិនទារកម្រៃចេញពីផ្ទៃដីបាន ប្រមាណជា ៥ ម៉ឺនគ្រាប់ ដោយការដោះនោះមិនស្របតាមបច្ចេកទេសដោះមីនទេ។ ឆ្នាំ១៩៩៧ លោកបានបង្កើតសារមន្ទីរមីនមួយដោយខ្លួនឯង នៅខេត្ត សៀមរាប ហើយរហូតមកដល់បច្ចុប្បន្ននេះ សារមន្ទីរមីនរបស់លោក បាន ប្ដូរទីតាំងទៅស្រុកបន្ទាយស្រី ដោយមានទាំងចិញ្ចឹមកុមារកំព្រា ចំនួនជិត៣០នាក់ទៀតផង។ កាលពីឆ្នាំ២០០៨ អាគីរ៉ា បានបង្កើតអង្គការដោះមីនមួយ ឈ្មោះថា អង្គការដោះមីនកម្ពុជា ហើយអង្គការនេះមានការគាំទ្រថវិកាពីសហ រដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

