Dear Friends:

You need to install Unicode to read the poem in khmer.text:

Follow this link for instruction:

http://www.cambodia.org/fonts/


                    លោភលន់​​    (បទកាកគតិ)

​     ម្នាក់ៗដោះសា             ថាខ្លួននេះណា                    មិនចេះលោភលន់

   ពាក្យនេះមិនពិត            មនុស្សលោកលោភធ្ងន់        លោភមិនឆ្អែតឆ្អន់
   ទាំងប្រុសទាំងស្រី។

   លោភមិនចេះចប់           លោភគ្រប់លោភសព្វ          បានដប់រកម្ភៃ

  នរណាចង់ក្រ?                ចង់ធ្វើសេដ្ឋី
តែគ្មាននិស្ស័យ             ទ្រាំចាយត្បិតត្បៀត។

   សម្បត្តិសមល្មម             តែចិត្តមិនព្រម                    លោភចង់បានទៀត

   ខ្លួនឯងគ្រប់គ្រាន់            ក៏នៅតែឆ្លៀត
ចង់បានអោយញាតិ       ឫុអ្នកក្រក្រី។

   ចង់បានសក្ដិយស           អោយកាន់តែខ្ពស់               លើសអ្នកដទៃ

    មានឫទ្ធិអំណាច        ​     កេរ្តិ៍ឈ្មោះល្បាញល្បី
ងារត្រឹមលោកស្រី         ចង់ធ្វើជំទាវ។

    រូបរាងសមល្មម              ស្រីខ្លះមិនព្រម
លោភចង់រាងរៀវ

    កែកុនសម្ផស្ស​​​​​​               ឲ្យស្រស់ស្រួចស្រាវ
ចាស់ចង់ធ្វើស្ទាវ              រាវរកក្មេងៗ។

    ផ្ទះធំសមល្មម                ចិត្តមនុស្សមិនព្រម
ព្រោះជាផ្ទះល្វែង

    ចង់បានភូមិគ្រឹះ              ស្រឡះធំធេង                      ធំដាច់គេឯង
                   មានទាំងឡានថ្មី។

    ឡានថ្មីសមល្មម       ​​     តែចិត្តមិនព្រម
ព្រោះម៉ាកមិនល្បី

     ឡានចិនកូរ៉េ                 Hyundai​ នោះអី!
ម៉ាកថោកមិនថ្លៃ             ទោះថ្មីក៏ដោយ។

     ចង់បានLexus              ជាន់ទៅវាស្ទុះ
ល្បឿនខ្លាំងមិនខ្សោយ

     Mercedes,Bentley      ​  BM ទើបឡូយ                    ទោះចាស់ក៏ដោយ
        ឲ្យតែបានម៉ាក។

     កាលពីសម័យ-            ប៉ុលពតប្រល័យ                   ទ័លក្រតោកយ៉ាក

     ដាច់ដាបអត់ឃ្លាន        ធ្វើការគ្មានស្រាក
នឹក(មិនឃើញ)ទេម៉ាក        សុំតែមួយរស់ ។

     គ្មានអ្វីក៏ដោយ             សូមតែគេឲ្យ
បាយចម្អែតពោះ

     ជាមួយអំបិល               អ្វីក៏ដោយចុះ
ឲ្យតែបានរស់​​​​​​​​​​​​​​​​                    ក៏សុខចិត្តដែរ។

     ថាមិនលោភលន់          គ្រាន់តែផុតកុន
អារម្មណ៍ផ្តើមប្រែ

     បាយញ៉ាំមិនឆ្ងាញ់         គ្មានសាច់បន្លែ
គ្មានស្រា(បារី)តែ              បង្អែមលៀងមាត់។

     ហ្នឹងហើយចិត្តមនុស្ស     មិនមែនបន្តុះ                      លោភលន់ប្រាកដ

​​     តែបើលោភពេក            ខ្វះភាពអំណត់                    លោភនោះមិនផុត
        ពីភាពអន្តរាយ។

      ហក់កាន់តែខ្ពស់           ពេលដាំក្បាលចុះ
ធ្លាក់ជ្រៅទៅឆ្ងាយ

      គ្មានអ្វីសេសសល់         ក្រៅពីក្តីស្តាយ
ទ្រព្យទាំងសម្ពាយ          រលាយបាត់បង់។

      ពាក្យខ្ញុំសារសព្ទ័           គ្មានន័យបង្អាប់
ខ្ញុំនិយាយត្រង់

       ចិត្តមនុស្សដូចគ្នា         ទាំងខ្ញុំ-ប្អូនបង
លោភតិចច្រើនផង        គឺជាការពិត។

        Dec  16 ,2010

           នអ

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to