ភ្នំពេញ: នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១០ លោកប្រមុខការទូតកម្ពុជា ហោ ណាំហុង បានសរសេរលិខិតជាផ្លូវការ ដាក់ទៅកាន់ប្រធានអាស៊ាន ដើម្បីលើកឡើងពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានអូសបន្លាយ ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨។ លោកប្រមុខការទូតកម្ពុជា បានស្នើសុំឲ្យប្រធានអាស៊ាន ចូលរួមសម្របសម្រួល ដោះស្រាយជម្លោះព្រំដែនកម្ពុជា និងថៃ ដែលកំពុងទ័លច្រក។
ក្នុងសារលិខិត ផ្ញើជូនលោក ផាម យ៉ាឃៀម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានអាស៊ាន, លោកប្រមុខការទូត ហោ ណាំហុង បានលើកឡើងថា ដោយការទ័លច្រក ក្នុងពេលនេះ ធ្វើឲ្យអស់សង្ឃឹមលើការចរចាទ្វេភាគីបន្តទៀតនោះ និងដើម្បីចៀសវាងមានការប៉ះទង្គិចអាវុធដោយទ្រង់ទ្រាយធំ និងក្នុងស្មារតីសាមគ្គីភាពអាស៊ាន ដោយប្រទេសកម្ពុជា និងថៃ សុទ្ធតែជាសមាជិកគ្រួសារអាស៊ានដូចគ្នា, លោកប្រមុខការទូត ហោ ណាំហុង បានស្នើយ៉ាងទទូចឲ្យលោករដ្ឋមន្ត្រីការបរទេសវៀតណាម ក្នុងនាមជាប្រធានអាស៊ាន សូមមេត្តាជួយធ្វើការសម្រុះសម្រួលលើបញ្ហានេះ ក្នុងក្របខណ្ឌអាស៊ានជារួមក៏បាន ឬឈរលើមូលដ្ឋានឯកកត្តភាព ដោយពាក់ព័ន្ធតែសមាជិកអាស៊ានមួយចំនួនក៏បាន ស្របទៅតាមគោលការណ៍នៃធម្មនុញ្ញអាស៊ាន មាត្រា ២ ( c ) និង ( d )។ ក្នុងសារលិខិតនោះ លោកប្រមុខការទូត ហោ ណាំហុង បានរម្លឹកពីព្រឹត្តិការណ៍ទាំងអស់នៃជម្លោះព្រំដែនកម្ពុជា-ថៃ ក្រោយពីការបញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ទោះបីជាមានការជំទាស់ពីថៃដ៏ខ្លាំងក្លាយ៉ាងណាក្តី។ លោកប្រមុខការទូត ហោ ណាំហុង បានបញ្ជាក់ថា ប្រទេសថៃបានបញ្ជូនទ័ព មកឈ្លានពានកម្ពុជា ចំនួនបីលើក។ ទី១-នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ប្រទេសថៃ បានបញ្ជូនទ័ពចូលមកកាន់កាប់វត្ត កែវសិក្ខាគិរីស្វារៈ របស់កម្ពុជា។ ទី២-នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៨ ទ័ពថៃ បានឆ្លងចូលដែនដីកម្ពុជា ហើយបានប៉ះទង្គិចជាមួយទ័ពកម្ពុជា នៅទីតាំងចំនួនបី ក្នុងតំបន់ជុំវិញប្រាសាទព្រះវិហារ ដោយបានធ្វើឲ្យទាហានកម្ពុជា ស្លាប់ ២ នាក់ និងរបួស ២ នាក់ទៀត។ ទី៣-នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០០៩ ទ័ពថៃបានឆ្លងព្រំដែន ចូលម្តងទៀត មកតំបន់ជុំវិញ ប្រាសាទព្រះវិហារ ដោយរួមទាំងខាងមុខប្រាសាទផង និងបានបាញ់អាវុធធុនធំ បំផ្លិចបំផ្លាញការិយាល័យអាជ្ញាធរព្រះវិហារ និងផ្សារដែលស្ថិតក្នុងបរិវេណប្រាសាទព្រះវិហារ ហើយព្រមទាំងបង្កការខូចខាតដល់ជណ្តើរធំខាងមុខប្រាសាទព្រះវិហារផងដែរ ។ ជាមួយនឹងការលើកឡើងដូច្នេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា បច្ចុប្បន្ននេះ ប្រទេសថៃ នៅតែរក្សាវត្តមានរបស់ទាហានខ្លួន នៅក្នុងវត្តកែវសិក្ខាគិរីស្វារៈ របស់កម្ពុជា ដែលមានទីតាំងប្រមាណជា ៣០០ ម៉ែត្រប៉ុណ្ណោះ ពីប្រាសាទព្រះវិហារ ហើយនិងនៅជ្រៅមកក្នុងទឹកដីរបស់កម្ពុជា ។ លោកប្រមុខការទូតកម្ពុជា ហោ ណាំហុង បានបញ្ជាក់ក្នុងលិខិតថា មកទល់នឹងពេលនេះ កម្ពុជាបានរក្សាការអត់ធ្មត់ជាអតិប្បរិមា នឹងបានខិតខំរកដំណោះស្រាយបញ្ហាជាទ្វេភាគី ប៉ុន្តែមិនបានទទួលលទ្ធផល។ ប្រទេសថៃ នៅតែបន្តធ្វើការទាមទារដែនដី ដែលហៅថា តំបន់ ៤,៦ គីឡូម៉ែត្រការ៉េ ដោយផ្អែកតាមផែនទីសម្ងាត់របស់ខ្លួន គូសជាឯកតោភាគី និងគ្មានតម្លៃច្បាប់អន្តរជាតិ។ ក្នុងពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីថៃ បានគម្រាមជាសាធារណៈថា នឹងប្រើកម្លាំងយោធា ដើម្បីបណ្ថេញទ័ព និងប្រជាជនកម្ពុជា ដែលរស់នៅក្នុងដែនដី ហៅថា តំបន់ ៤,៦ គីឡូម៉ែត្រ ដែលកម្ពុជា មិនទាំងដឹងផងថា វាមានទីតាំងនៅទីណា? ព្រោះប្រជាជនកម្ពុជា បានរស់នៅក្នុងតំបន់នេះទាំងមូល យូរយារណាស់មកហើយ ។ ក្នុងសារលិខិតនោះ លោកប្រមុខការទូត ហោ ណាំហុង ក៏បានរម្លឹកជូនលោករដ្ឋមន្ត្រីការបរទេសវៀតណាម ដែលជាប្រធានអាស៊ាន បន្ថែមទៀតថា ផ្អែកតាមផែនទីឧបសម្ព័ន្ធ១ ( ផែនទីដងរែក ) ដែលផលិតដោយគណៈកម្មការបារាំង-សៀម ដើម្បីកំណត់សីមាព្រំដែនរវាងឥណ្ឌូចិន និងសៀម បង្កើតឡើងតាមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ តុលាការយុត្តិធម៌អន្តរជាតិ បានកាត់សេចក្តីលើករណីប្រាសាទព្រះវិហារ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នោះគឺទី១-ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងដែនដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ ទី២-ប្រទេសថៃ ត្រូវមានកាតព្វកិច្ចដកចេញនូវយោធា ឬកំលាំងប៉ូលីស ឬកំលាំងការពារ ឬអ្នកថែរក្សាផ្សេងៗ ដែលត្រូវបានដាក់ឲ្យឈរជើងដោយថៃ នៅឯប្រាសាទ ឬនៅតំបន់ជុំវិញប្រាសាទ ដែលស្ថិតនៅលើដែនដីរបស់កម្ពុជា ។ ទី៣-ប្រទេសថៃ ត្រូវមានកាតព្វកិច្ចប្រគល់មកឲ្យកម្ពុជាវិញនូវរាល់វត្ថុ ដូចមានបញ្ជាក់ក្នុងសំណើទី៥ របស់កម្ពុជា ដែលអាជ្ញាធរថៃ បានយកចេញពីប្រាសាទ ឬតំបន់ប្រាសាទ ចាប់តាំងពីពេលដែលថៃ បានចូលកាន់កាប់ប្រាសាទនៅឆ្នាំ១៩៥៤។ ដូច្នេះយោងតាមសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិខាងលើនេះ លោកប្រមុខការទូត ហោ ណាំហុង បានបញ្ជាក់ថា ដែនដីដែលស្ថិតនៅជុំវិញប្រាសាទប្រាសាទព្រះវិហារ គឺស្ថិតនៅក្នុងដែនដី ក្រោមអធិបតេយ្យភាពរបស់កម្ពុជា ស្របតាមផែនទីឧបសម្ព័ន្ធ ១ ដែលបានទទួលស្គាល់តាមច្បាប់ជាអន្តរជាតិ និងជាផែនទីតែមួយគត់ ដែលកំណត់ ដោយស្របច្បាប់នូវសីមាព្រំដែនតំបន់ប្រាសាទព្រះវិហារ ដែលទាំងប្រទេសកម្ពុជា ទាំងប្រទេសថៃ មានកាតព្វកិច្ច ត្រូវតែគោរពតាម ។ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានបញ្ជាក់ថា បញ្ហាកើតឡើង គឺដោយសារតែប្រទេសថៃ បន្តដាក់ការទាមទារដែនដី ដោយផ្អែកតាមផែនទីសម្ងាត់របស់ខ្លួន គូសជាឯកតោភាគី និងគ្មានមូលដ្ឋានច្បាប់អន្តរជាតិ រីឯប្រទេសកម្ពុជា បានប្រកាន់ជំហរ រិះរកដំណោះស្រាយទ្វេភាគីដោយសន្តិវិធី ផ្អែកតាមឯកសារដែលច្បាប់ និងអន្តរជាតិ ទទួលស្គាល់ ហើយប្រទេសថៃ ក៏បានទទួលស្គាល់ផងដែរ រហូតដល់ពេលប្រាសាទព្រះវិហារ ត្រូវបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ ជាមួយនឹងការលើកឡើងខាងលើនេះ លោកប្រមុខការទូត ហោ ណាំហុង បានគូសបញ្ជាក់ថា ការចរចាគ្នាអស់រយៈពេលជាងពីរឆ្នាំ គិតចាប់ពីឆ្នាំ២០០៨ តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស ចំនួនបីលើក ( ខែកក្កដា ឆ្នាំ២០០៨ នៅសៀមរាប, ខែសីហា ឆ្នាំ២០០៨ នៅហួរហ៊ីន និងខែវិច្ឆិកា ឆ្នាំ២០០៩ នៅសៀមរាប ) និងកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ( ខែវិច្ឆកា ឆ្នាំ២០០៨ នៅសៀមរាប, ខែកុម្ភៈ ឆ្នាំ២០០៩ នៅក្រុងបាងកក, ខែមេសា ឆ្នាំ២០០៩ នៅក្រុងភ្នំពេញ ) សម្រេចបានការព្រមព្រៀងគ្នាមួយចំនួន ដែលអាចនាំទៅរកដំណោះស្រាយបញ្ហា។ ក៏ប៉ុន្តែភាគីថៃ ពុំបានដាក់សុំឲ្យរដ្ឋសភារបស់ខ្លួនអនុម័ត និងអនុញ្ញាតឲ្យមានការអនុវត្តនូវការព្រមព្រៀងទាំងនោះទេ ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

