នាយករដ្ឋមន្ត្រីព្រមានដកតំណែងមន្ត្រីពុករលួយ ដោយ យន់ សាមៀន 2010-08-21 RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដល់គ្រប់ក្រសួង ស្ថាប័នរដ្ឋ កងទ័ព និងនគរបាលទាំងអស់ត្រូវបញ្ឈប់អំពើពុករលួយក្នុងការសុំឲ្យ មានការ ផ្លាស់ប្ដូរតំណែង និងការតែងតាំងតំណែងខុសច្បាប់ បើមិន ដូច្នោះទេ លោកនឹងដកតំណែងបច្ចុប្បន្ន ចំពោះមន្ត្រីណាដែលពាក់ព័ន្ធ នឹងអំពើពុករលួយនេះ។ នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពី ថ្ងៃសុក្រ ទី២០ ខែសីហា បានព្រមាននឹងដកមន្ត្រីរដ្ឋាភិបាល កងទ័ព និងនគរបាលណា ដែលបានអន្តរាគមន៍ឲ្យមានការផ្លាស់ប្តូរ ឬតែងតាំង តំណែងមិនប្រក្រតីក្នុងស្ថាប័នរដ្ឋទាំងនោះ។ ការព្រមានរបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមានមន្ត្រីរដ្ឋាភិបាលបាននិងកំពុង អន្តរាគមន៍ ដើម្បីទទួលបានតំណែងជំនួសពីមន្ត្រីរដ្ឋាភិបាល កងទ័ព និង នគរបាលណាដែលបានចូលនិវត្តន៍។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ប្រាប់វិទ្យុ អាស៊ីសេរីនៅថ្ងៃសៅរ៍ ទី២១ ខែសីហាថា វិធានការរបស់លោក ហ៊ុន សែន ដើម្បីពង្រឹងអភិបាលកិច្ចល្អ និងលើកទឹកចិត្តដល់មន្រ្តីសកម្មដែល បានបំពេញការងារមាន ប្រសិទ្ធភាព។ លោក ផៃ ស៊ីផានបន្ថែមថា លោកហ៊ុន សែន នឹងបណ្ដេញចេញភ្លាម ទាំងមន្ត្រី អន្តរាគមន៍ ឲ្យបុគ្គល ចូលធ្វើការងារក្នុងស្ថាប័នរដ្ឋ កងទ័ព និង នគរបាល និងមន្រ្តីដែលទទួលបានតំណែង មកពីការអន្តរាគមន៍ទាំងនោះ។ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ មានប្រសាសន៍នៅថ្ងៃ សៅរ៍នេះដែរថា ប្រសិនបើលោក ហ៊ុន សែន មានឆន្ទៈពិតប្រាកដដើម្បី បំបាត់ការអន្តរាគមន៍តែងតាំងតំណែងនោះ លោក ហ៊ុន សែន ត្រូវតែឈប់ចុះ ហត្ថលេខាតែងតាំងមន្ត្រីទាំងនោះបន្តទៀត។ លោកស្រីបន្ថែមថា លោក ហ៊ុន សែន មានបញ្ជីរដ្ឋាភិបាលក្នុងដៃរបស់លោក ដូច្នោះលោកអាចបង្រួញ បញ្ជីនេះនៅពេលណាក៏បានដែរ។ លោកស្រី មូរ សុខហួរ បន្ថែមថា បច្ចុប្បន្ននេះរដ្ឋាភិបាលបានតែងតាំង មន្ត្រីរដ្ឋាភិបាល និងដំឡើងឋានៈមន្ត្រីយោធាច្រើនហួសហេតុពេក ដែល បណ្ដាលឲ្យប៉ះពាល់ដល់ថវិកាជាតិ។ ការកាត់ចំណាយពីមន្ត្រីទាំងនោះ អាចយកថវិកាជាតិមកប្រើប្រាស់លើ វិស័យសំខាន់ រួមមានវិស័យកសិកម្ម អប់រំ និងសុខាភិបាល។ ការព្រមានដកមន្ត្រីពុករលួយរបស់លោក ហ៊ុន សែន ធ្វើឡើងក្រោយពេលដែល លោក ហ៊ុន សែន បានប្រកាសផ្អាកការតែងតាំង និងរើសបុគ្គលិករដ្ឋគ្រប់ ក្រសួងបន្ថែមទៀត កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១០ ដោយសារការចំណាយ បុគ្គលិកមានចំនួនលើសពីការកំណត់កាលពីឆ្នាំ២០០៩។ កាលពីខែឧសភា ការធ្វើជំរឿនរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានរក ឃើញមន្ត្រីរាជការខ្មោច ឬមន្ត្រីរាជការមានតែឈ្មោះប្រហែល ២ពាន់ នាក់ក្នុងក្រសួងចំនួន ២០។ មន្ត្រីរាជការខ្មោច ឬមន្ត្រីរាជការមាន តែឈ្មោះ បានធ្វើឲ្យរដ្ឋាភិបាលបាត់បង់ថវិកាប្រមាណ ២លានដុល្លារ ក្នុងមួយឆ្នាំៗ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

