អគ្គលេខាធិការ អ.ស.ប.ត្រៀម​​​ជួយ​កម្ពុជា​-ថៃ​ដោះស្រាយ​ជម្លោះ​ព្រំដែន

© RFI
ដោយ នេត្រ ភក្រ្តា

លោក បាន គីមូន តាមរយៈ​អ្នក​នាំពាក្យ​របស់​លោក បាន​ថ្លែង​កាលពី​ថ្ងៃ
ម្សិលមិញ​ថា លោក​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ជួយ​រដ្ឋាភិបាល
កម្ពុជា និង​ថៃ​ដោះស្រាយ​ភាព​ទ័លច្រក​ក្នុង​ជម្លោះ​ព្រំដែន​រវាង​ប្រទេស
ទាំងពីរ។ លោក ហ្វាហាន់ ហាក់ មន្ត្រី​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ មាន
ប្រសាសន៍​ថា លោក បាន គីមូន សង្ឃឹម​ថា កម្ពុជា និង ថៃ​នឹង​ដោះស្រាយ​ជម្លោះ
តាម​បណ្តោយ​ព្រំប្រទល់​ដែន​ដោយ​មិត្តភាព​តាម​រយៈ​ ការចរចា។ លោក​ថា លោក
បាន គីមូន ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ជួយ​ភាគី​ទាំងពីរ។

បទ​អន្តរាគមន៍​របស់ នេត្រ ភក្ត្រា

(06:49)

21/08/2010

ការទទួល ​យក​តួនាទី​ជា​អ្នក​សម្របសម្រួល​របស់​ប្រមុខ​អង្គការ​សហប្រជាជាតិ
នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន
សែន ថា​នឹង​ពិភាក្សា​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​នឹង​លោក បាន គីមូន ពេល
លោក​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅចុង​ខែ​តុលា​ខាង​មុខ និង​បាន​ស្នើ
សុំ​ឲ្យ​លោក​បាន គីមូន ឬ​មន្ត្រី​ផ្សេង​ធ្វើ​អន្តរាគមន៍​ដើម្បី​ជួយ
កម្ពុជា​ដោះស្រាយ​ជម្លោះ​ ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ផង​ដែរ។

 ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​រហូត​មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​មាន​សំណើ ជា
ផ្លូវការ​ណា​មួយ​ពី​ភាគី​កម្ពុជា ឬ​ភាគី​ថៃ​ឲ្យ​លោក បាន គីមូន ធ្វើ​ជា
អ្នក​សម្របសម្រួល​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។

រដ្ឋាភិបាល​កម្ពុជា​បាន​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​គោលជំហរ​របស់​លោក
បាន គីមូន​ ក្នុង​ការ​ជួយ​ប្រទេស​កម្ពុជា​ដោះស្រាយ​បញ្ហា។ លោក ទិត សុធា
មន្ត្រី​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តី
ការ​គណៈរដ្ឋមន្ត្រី​បាន​ថ្លែង​ថា ការ​ដែល​អគ្គលេខាធិការ​អង្គការ
សហប្រជាជាតិ​ត្រៀម​ខ្លួន​ជួយ​ដោះស្រាយ​បញ្ហា ​នេះ គឺ​ជា​ការ​ផ្តល់​នូវ
ក្តី​សង្ឃឹម​ដល់​កម្ពុជា និង​ក៏​ស្រប​តាម​បំណង​របស់​កម្ពុជា​ដែល​ចង់​យក
បញ្ហា​ជម្លោះ​ដែនដី​ទៅ​ ដោះស្រាយ​ក្នុង​ក្រប​ខ័ណ្ឌ​ពហុភាគី​ដែរ។ មិន​តែ
ប៉ុណ្ណោះ កម្ពុជា​នឹង​បង្ហាញ​ឯកសារ​ស្រប​ច្បាប់​នានា​ទាក់ទង​នឹង
អធិបតេយ្យ​របស់​ កម្ពុជា និង​ប្រាសាទ​ព្រះវិហារ​ទៅ​អង្គការ​សហប្រជាជាតិ
និង​ពិភពលោក​ទាំងមូល​ឲ្យ​បាន​ដឹង។

បើតាម​លោក​ ទិត សុធា ប្រសិន​បើ​បញ្ហា​ជម្លោះ​ដែនដី​នឹង​ត្រូវ​បាន
ដោះស្រាយ​ដោយ​មាន​ការ​ចូលរួម​ ពី​សំណាក់​ប្រមុខ​អង្គការ​សហប្រជាជាតិ នោះ
កម្ពុជា​រំពឹង​ថា​ដំណោះស្រាយ​នឹង​មាន​ភាព​ត្រឹមត្រូវ ហើយ​អាច​ទទួល​យក​បាន
ទាំង​គ្រប់​ភាគី។ កម្ពុជា បើ​តាម​លោក ទិត សុធា ហាក់​ដូច​ជា​មិន​សូវ​មាន
ជំនឿ​លើ​ការ​ដោះស្រាយ​បញ្ហា ដោយ​ទ្វេ​ភាគី​ទេ ដោយសារ​តែ​ថៃ​បាន​បង្ហាញ
ពុត​ត្បុត​យ៉ាង​ច្បាស់ និង​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​បញ្ចប់
ជម្លោះ ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ទេ។

ប្រទេស​ថៃ​នៅ​តែ​បន្ត​ចង់​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។ លោក​រដ្ឋមន្ត្រី
ក្រសួង​ការបរទេស​ថៃ លោក ​កាស៊ីត ភិរម្យ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ
ប្រាប់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ
ស្នើ​សុំ​យោបល់​របស់​ថៃ​លើ​សំណើ​របស់​កម្ពុជា​ សុំ​ឲ្យ​អាស៊ាន​ធ្វើ
អន្តរាគមន៍​ក្នុង​ជម្លោះ​ព្រំដែន​ដែរ។ លោក កាស៊ីត បាន​សរសេរ​ថា ប្រទេស​ថៃ
ចង់​បន្ត​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា តាម​រយៈកិច្ច​ព្រម​ព្រៀង
ទ្វេ​ភាគី និង​តាម​ច្បាប់​អន្តរជាតិ ដោយ​មាន​ជំនឿ​ថា កម្ពុជា​-ថៃ​នឹង
ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​ទ្វេ​ភាគី ដើម្បី
ផលប្រយោជន៍​នៃ​ប្រជាជាតិ​ដែល​ស្ថិត​នៅ​ជិត​​ខាង​គ្នា​ទាំងពីរ។

ប៉ុន្តែ​លោក កុយ គួង មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន
ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ប្រសិន​បើ​ថៃ​ចង់​និយាយ​ពី​បញ្ហា​ដោយ​កិច្ចចរចា
ទ្វេ​ភាគី ថៃ​ត្រូវ​តែ​ធ្វើការ​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​ចំនួន​បី​ដែល
ប្រមុខ​ការទូត ​នៃ​ប្រទេស​ទាំងពីរ​បាន​សម្រេច​យល់​ព្រម​ជាមួយ​គ្នា​នៅ
ក្នុង​កិច្ច​ប្រជុំ​ ចាប់​ពី​ឆ្នាំ ២០០៨ មក។ ទាក់ទង​នឹង​បញ្ហា​នេះ លោក
កាស៊ីត បាន​ពន្យល់​ដល់​ប្រទេស​សមាជិក​អាស៊ាន​ថា ការ​ខក​ខាន​មិន​ទាន់​បាន
អនុម័ត​លើ​កិច្ចព្រមព្រៀង​បី​រវាង​កម្ពុជា​-ថៃ គឺ​មិនមែន​ថៃ​មាន​ចេតនា
ក្នុង​ការ​ពន្យារ​ពេល​ទេ ប៉ុន្តែ​គឺ​ដោយសារ​តែ​ថៃ​ត្រូវ​ការ​គោរព​ទៅ​តាម
នីតិ​វិធី​ប្រជាធិបតេយ្យ។

នៅ​ថ្ងៃ​នេះមន្ត្រីរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​លើ
សំដី ​របស់​មេ​ដឹក​នាំ​អាវ​លឿង​ ថៃ ស៊ុនធិលឹមថងគុន
ដែលបានថ្លែងមើលងាយនាយករដ្ឋមន្ត្រីខ្មែរ។ មន្ត្រី​ រដ្ឋាភិបាល​កម្ពុជា លោក
ទិត សុធា បាន​ថ្លែង​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា កម្ពុជា​សូម​ទាត់​ចោល
ទាំង​ស្រុង​ចំពោះ​សំដី​របស់​មេដឹកនាំ​អាវ​លឿង​រូប​នេះ ​ដែល​បាន
ប្រើប្រាស់​ភាសា​អសីលធម៌​មក​លើ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​ ក្នុង
កម្មវិធី​ទូរទស្សន៍​មួយ​ផ្សាយ​កាលពី​យប់​មិញ។ មេដឹកនាំ​អាវ​លឿង ស៊ុនធិ
លឹមថងគុន បាន​ថ្លែង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រមិល​គុណ​ស្តេច
ថៃ និង​ប្រជាជន​ថៃ និង​ថា​លោក​បាន​បន្លំ​យក​ប្រាសាទ​ព្រះ​វិហារ​ធ្វើ​ជា
របស់​កម្ពុជា។ មេដឹកនាំ​ថៃ​រូប​នេះ​បាន​ចោទ​លោក​នាយក​រដ្ឋមន្ត្រី​ថែម​ទៀត
ថា បាន​បង្កើត​នូវ​ភាព​ប្រេះឆា​ដល់​ប្រជាពលរដ្ឋ​ថៃ ដោយ​ផ្តល់​ការ​គាំទ្រ
និង​ជម្រក​ដល់​ក្រុម​ភេរវករ​ប្រឆាំង​នឹង​ព្រះមហាក្សត្រ​ថៃ និង​បាន​ថា​កុំ
ថា​ឡើយ​យក​ឈាម​មក​លាង​ជើង គឺ​ត្រូវ​កាត់​ក្បាល​យក​មក​ដោត​ផ្ចាញ់​ផ្ចាល
ថែម​ទៀត។

លោក ទិត សុធា ថ្លែងថា គឺស៊ុនធិ លឹមថងគុនទេ ដែល​ជា​អ្នក​វង្វេង
ប្រវត្តិសាស្ត្រ និង​បាន​បន្ត​ថា​នាយក​រដ្ឋមន្ត្រី​អាភីស៊ីត និង
ព្រះមហាក្សត្រ​ថៃ គួរ​តែ​តម្រូវ​ឲ្យ​មេដឹកនាំ​ក្រុម​អាវ​លឿង​រូប​នេះ​សុំ
ទោស​នាយក​ រដ្ឋមន្ត្រី​ខ្មែរ ជា​ផ្លូវការ បើ​ពុំ​នោះ​ទេ រដ្ឋាភិបាល​ថៃ
របស់​អាភីស៊ីត​សម្បូរ​ដោយ​ក្រុម​មនុស្ស​ពាល និង​អសីលធម៌ ហើយ​ថា
រដ្ឋាភិបាល​នេះ បាន​និង​កំពុង​ប្រើប្រាស់​ច្បាប់​ព្រៃ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to