សម្ដេច​ក្រុម​ព្រះ និង​ការ​វិល​ចូល​ឆាក​នយោបាយ
ដោយ កែវ និមល
2010-08-25
RFA
ការ​ចេញ​ផ្សាយ​សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម
រណឫទ្ធិ ទាក់ទង​ការ​ចង​សម្ព័ន្ធ​ភាព​រវាង​បក្ស​ហ៊្វុនស៊ិនប៉ិច និង​បក្ស
ជាតិ​និយម កាល​ពី​ពេល​ថ្មីៗ ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​យល់​ថា ព្រះអង្គ​នៅ
មិន​ទាន់​លះ​បង់​ការ​គិត​គូរ​អំពី​នយោបាយ​នៅ​ឡើយ។




តើ ​នោះ​ជា​ការ​ស្ទាបស្ទង់​មួយ មុន​ពេល​ព្រះអង្គ​វិល​ត្រឡប់​ចូល​ឆាក
នយោបាយ​វិញ ឬ​យ៉ាង​ណា? តើ​អ្នក​ដឹក​នាំ​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​គណបក្ស
ជាតិ​និយម យល់​យ៉ាង​ណា​ដែរ?

កាល​ពី​ថ្ងៃ​ទី​២៣ សីហា​កន្លង​មក​នេះ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ
បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​លើក​ឡើង​ជាអាទិ៍​ថា ព្រះអង្គ​មាន
ព្រះទ័យ​ខ្វាយខ្វល់​ជា​អនេក ចំពោះ​ខ្លឹមសារ​នៃ​ការ​បកស្រាយ​របស់
ក្រុមប្រឹក្សា​ធម្មនុញ្ញ ទាក់ទង​នឹង​មាត្រា​ទី​៣៦ នៃ​ច្បាប់​ស្ដីពី
គណបក្ស​នយោបាយ ដែល​អាច​នាំ​ឲ្យ​មាន​ការ​លុប​ចោល​ឈ្មោះ​គណបក្ស​នយោបាយ ដែល
បាន​ប្រកាស​រួបរួម​គ្នា​រវាង​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​គណបក្ស ជាតិនិយម។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​បាន​លើក​ឡើង​ទៀត​ថា ព្រះអង្គ​មិន
ប្រឆាំង​ចំពោះ​ការ​រួបរួម​គ្នា​រវាង​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​គណបក្ស
ជាតិ​និយម ទេ តែ​ព្រះអង្គ​មិន​អាច​ទទួល​យក​បាន​ឡើយ បើ​សិន​ជា​ការ​រួបរួម
នេះ​ធ្វើ​ឲ្យ​មាន​ការ​បាត់បង់​តំណែង តួនាទី​របស់​សមាជិក​សភា សមាជិក​ក្រុម
ប្រឹក្សា​ឃុំ សង្កាត់ ស្រុក ខេត្ត ក្រុង នៃ​អតីត​គណបក្ស នរោត្តម រណឫទ្ធិ។

លោក នរាណាឫទ្ធិ អានន្ទដាយ៉ាត ជំនួយការ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ
អតីត​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ សីហា
ថា នេះ​ជា​ការ​យក​ចិត្ត​ទុកដាក់​របស់​ព្រះអង្គម្ចាស់ ហើយ​មិន​មែន​ក្នុង
នាម​ព្រះអង្គ​ជា​ឧត្ដម​ទីប្រឹក្សា​ព្រះមហាក្សត្រ​កម្ពុជា ​នោះ​ទេ។

លោក កែវ ពុធរស្មី ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​មាន​ប្រសាសន៍​ទាក់ទង
ជាមួយ​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​របស់​សម្ដេច​ ក្រុម​ព្រះ នរោត្តម
រណឫទ្ធិ ថា​មិន​មាន​ចំណុច​អ្វី​ថ្មី​ទេ ចំពោះ​សេចក្ដី​ថ្លែង​ការណ៍​នោះ
ពីព្រោះ​អ្នក​ដឹកនាំ​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស ហ៊្វុនស៊ិនប៉ិច និង
គណបក្ស ជាតិ​និយម មាន​ការ​យល់​ច្បាស់​ពី​ចំណុច​បាត់​បង់​នោះ។

លោក កែវ ពុធរស្មី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា តាម​ទស្សនៈ​របស់​លោក
ផ្ទាល់​ការ​ចេញ​ផ្សាយ​សារ​នេះ​បង្ហាញ​ថា សម្ដេច​ក្រុម​ព្រះ​លោក​នៅ​មិន
អស់​អាល័យ​ជាមួយ​នយោបាយ​ស្រុក​ទេស​នៅ​ឡើយ​ទេ ហើយ​ព្រះអង្គ​មាន​សិទ្ធិ
ពីព្រោះ​មិន​មាន​ច្បាប់​ណា​មួយ​នៅ​ប្រទេស​កម្ពុជា បាន​ហាម​សកម្មភាព
នយោបាយ​របស់​ព្រះអង្គ​នោះ​ឡើយ។

ចំពោះ​សំណួរ​ថា បើ​ព្រះអង្គ​ធ្លាប់​ថ្លែង​ថា មិន​ធ្វើ​នយោបាយ ហើយ​បែរ​ជា
មក​ធ្វើ​នយោបាយ​វិញ​នោះ លោក កែវ ពុធរស្មី បាន​ឲ្យ​ដឹង​ថា ពាក្យ​សន្យា​មិន
មាន​ទោស​អ្វី​ទេ។

លោក ឈឹម សេកឡេង ប្រធាន​គណបក្ស​ជាតិ​និយម មាន​ការ​រវល់ លោក​សុំ​មិន​មាន
យោបល់​ទេ តែ​លោក​បាន​សុំ​ឲ្យ​លោក លោក ប៉ែន សង្ហា អ្នក​នាំ​ពាក្យ​គណបក្ស
មាន​ប្រសាសន៍​ជំនួស។

លោក ប៉ែន សង្ហា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រោយ​ពេល​បាន​ទទួល​សេចក្ដី
ថ្លែង​ការណ៍​របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ គណបក្ស​បាន​ផ្ញើ
លិខិត​មួយ​ទូល​តប និង​ពន្យល់​ព្រះអង្គ​អស់​ហើយ ជាមួយ​គ្នា​នោះ​ដែរ​គណបក្ស
ហ៊្វុនស៊ិនប៉ិច និង​គណបក្ស ជាតិនិយម មិន​បាន​ចូល​គ្នា​នៅ​ឡើយ គឺ​នៅ​ត្រឹម
តែ​ចង​សម្ព័ន្ធ​ភាព​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ។

លោក ប៉ែន សង្ហា បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​របស់
សម្ដេច​ក្រុម​ព្រះ គឺ​មាន​ន័យ​ថា ព្រះអង្គ​នៅ​យក​ចិត្ត​ទុក​ដាក់​ចំពោះ
អតីត​សមាជិក​គណបក្ស ដែល​ជា​កូន​ចៅ​របស់​ព្រះអង្គ ហើយ​បើ​ព្រះអង្គ​ចូល
ប្រឡូក​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ គឺ​ជា​សិទ្ធិ​របស់​ព្រះអង្គ មិន​មាន
ច្បាប់​ណា​មួយ​នៅ​ប្រទេស​កម្ពុជា​ហាម​ឃាត់​ព្រះអង្គ​នោះ​ទេ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​របស់​អង្គការ​សង្កេតការណ៍​បោះ​ឆ្នោត​មួយ
ឈ្មោះ​ហៅ​ថា ខុមហ្រ្វែល បាន​មាន​ប្រសាសន៍​ថា សេចក្ដី​ថ្លែង​ការណ៍​នេះ​មាន
ន័យ​ថា សម្ដេច​ក្រុម​ព្រះ​លោក​នៅ​មាន​ការ​គិតគូរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ
បញ្ហា​ នយោបាយ ហើយ​បើ​ព្រះអង្គ​វិល​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​វិញ​នោះ
ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​អាច​មាន​ការ​ប្រែ​ប្រួល​ខ្លះ​ៗ​ជា​មិន​ខាន។

លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ដែល​ធ្លាប់​ធ្វើ​តំណាង
រាស្ត្រ​តាំង​ពី​ឆ្នាំ​១៩៩៣ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ចំពោះ​សកម្មភាព
របស់​សម្ដេច​ក្រុម​ព្រះ លោក​ជឿ​ថា អ្នក​នយោបាយ​មិន​អាច​ចោល​នយោបាយ​បាន​ទេ
ហើយ​ការ​ចូលរួម​របស់​ព្រះអង្គ​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ ជា​ការ​ពង្រឹង
ចលនា​រាជា​និយម​នៅ​កម្ពុជា។

គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​បង្កើត​ឡើង​ពី​ចលនា​ហ៊្វុនស៊ិនប៉ិច ហើយ​បាន
ទទួល​ជ័យ​ជម្នះ​យ៉ាង​ច្រើន​លើស​លុប​នៅ​ឆ្នាំ​១៩៩៣ លុះ​ដល់​ឆ្នាំ​២០០៦ មាន
ទំនាស់​ផ្ទៃ​ក្នុង​កើត​ឡើង ហើយ​បាន​បែក​ចេញ​ជា​គណបក្ស​ពីរ គឺ​គណបក្ស
ហ៊្វុនស៊ិនប៉ិច​ដដែល និង​មួយ​ទៀត គឺ​គណបក្ស នរោត្តម រណឫទ្ធិ ដែល​ក្រោយ​មក
បាន​ដូរ​ឈ្មោះ​ទៅ​ជា គណបក្ស​ជាតិ​និយម។ ការ​បែក​គ្នា​នេះ បាន​ធ្វើ​ឲ្យ
ការ​គាំទ្រ​គណបក្ស​ដែល​មាន​និន្នាការ​រាជា​និយម បាន​ធ្លាក់​ចុះ​ជា
ខ្លាំង៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to