​សម្តេច​ ហ៊ុន សែន ឆ្លើយតប​សំណើរ​តំណាងរាស្ត្រ​បក្សប្រឆាំង​ដី​សម្បទាន
សេដ្ឋកិច្ច​ក្រុមហ៊ុន Phnom ​Penh Sugar នៅ​អម​លាំង
cen.com.kh
ដោយ : សុភ័ក្ត្រ (ថ្ងៃទី 27 សីហា 2010)

ភ្នំពេញ: កាលពី​ថ្ងៃទី២៩ កក្កដា ២០១០ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ឆ្លើយតប
ករណី​តំណាង​គណបក្ស​សមរង្ស៊ី​តាមរយៈ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន
ប្រធានរដ្ឋសភា ករណី​ការស្នើរ​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី
ចំនួន ០៧​រូប ស្នើរ​សុំ​ពិនិត្យ​លើ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់
ក្រុមហ៊ុន Phnom Penh Sugar Industry Co. Ltd. របស់​ឯកឧត្តម លី យ៉ុង​ផាត់
សមាជិក​ព្រឹទ្ធសភា អ្វើ​ឲ្យ​ប៉ះពាល់​ដីស្រែ​របស់ប្រជាពលរដ្ឋ​នៅ​ឃុំ​អម
លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។
​យោងតាម​លិខិតលេខ ២១៨ រ.ស ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១០ របស់រដ្ឋសភា ។

សម្ដេច ហ៊ុន សែន បានបំភ្លឺយ៉ាងនេះថា
សូមជម្រាបចំពោះការស្នើរបស់អ្នកតំណាងរាស្រ្តខាងលើ ខ្ញុំសូមឆ្លើយតបដូចតទៅ :
​ ​១- ចំពោះ​ការ​លើកឡើងថា រាជរដ្ឋាភិបាល​បានផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច
ឲ្យ​ក្រុមហ៊ុន Phnom Penh Sugar Industry Co. Ltd. របស់​ឯកឧត្តម លី យ៉ុង
ផាត់ សមាជិក​ព្រឹទ្ធសភា ជាន់​លើដី​ស្រែ​របស់ប្រជាពលរដ្ឋ​នៅ​ឃុំ​អម​លាំង
ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ហើយ​រាជរដ្ឋាភិបាល​ត្រូវតែ​ទទួលខុសត្រូវ
ចំពោះ​ផលប៉ះពាល់​ដីស្រែ​-​ចម្ការ​របស់​ពលរដ្ឋ​ទាំងនេះ​ :

​ ​កន្លងមក​ការផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច គឺ​ផ្អែកលើ​លទ្ធផល​នៃ
ការចុះពិនិត្យ​ជាក់ស្តែង​ដល់​មូលដ្ឋាន តាមរយៈ​យន្តការ​ក្រុមការងារ​អន្តរ
ជំនាញ និង​ពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ហើយ​ផ្ទៃដី​ដែល
កាន់កាប់ដោយ​ប្រជាពលរដ្ឋ និង​ផ្ទៃដី​ព្រៃឈើ​ដែលមាន​សក្តានុពល​សម្រាប់
បរិស្ថាន​ត្រូវ​រក្សាទុក ដោយ​មិន​ផ្តល់​ឲ្យ​ធ្វើ​អាជីវកម្ម​ទេ ។ ដោយឡែក
ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជូន​ក្រុមហ៊ុន​ភ្នំពេញ ស៊ូ​ហ្គើ​រ ដែលមាន
ទីតាំង​ស្ថិត ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ចំនួន ៩៣៩៣ ហិកតា គឺ
ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បាន​អនុវត្តតាម​នីតិវិធី
ត្រឹមត្រូវ ដោយមាន​ការចុះពិនិត្យ​សិក្សា​វាយតម្លៃ​ទី​តាំ​ស្នើសុំ ដោយ
ក្រុមហ៊ុន​ការងារ​លេខាធិការដ្ឋានបច្ចេកទេស សម្រាប់​ដី​សម្បទាន​សេដ្ឋកិច្ច
សហការ​ជាមួយ​ក្រុមការងារ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន មុនពេល​ស្នើរ​សុំ
ការសម្រេច​ពី​រាជ​រដ្ឋ​ភិ​បាល ។

​ ​ក្រោយពី​ទទួលបាន​ការអនុញ្ញាត ឲ្យ​ធ្វើការ​វិនិយោគ​ពី​រាជរដ្ឋាភិបាល
ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ
រួមជាមួយ​សមត្ថកិច្ច​ជំនាញ​របស់​អាជ្ញាធរខេត្ត​កំពង់ស្ពឺ បាន​ចុះ
ធ្វើការបោះបង្គោល​ចំណុច​ព្រំប្រទល់​ដី​សម្បទាន​របស់​ក្រុមហ៊ុន និង
ធ្វើការ​សិក្សា​ផលប៉ះពាល់​ផ្សេងៗ​នៅ​ក្រុមហ៊ុន ដើម្បី​ធ្វើការ​កាត់
ផ្ទៃដី​ចេញពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចំពោះ​ ផ្ទៃដី ​ពាក់ព័ន្ធ
ជាមួយ​ប្រជាពលរដ្ឋ និង​តំបន់​ដែល​ត្រូវ​រក្សាទុក និង​តំបន់​ការពារ​ផ្សេងៗ
ចំនួន ១.០៥០ ហិកតា បន្ថែមទៀត ដែល​នាំ​ឲ្យ​ផ្ទៃដី​ក្រុមហ៊ុន​នៅសល់
សម្រាប់ធ្វើ​អាជីវកម្ម​ជាក់ស្តែង​បាន​ ចំនួន​តែ ៨.៣៤៣ ហិកតាប៉ុណ្ណោះ និង
បានធ្វើការ​កាត់​ដី​ពាក់ព័ន្ធ ២០០​ម៉ែត្រ សងខាង​ផ្លូវ​៥២ (​ពី​ស្រុក
ឧដុង្គ​ ទៅ​ស្រុក​ឱ​រ៉ា​ល់​) ទុក​ជូន​ប្រជាពលរដ្ឋ​បន្ថែមទៀត​ផងដែរ ។
ទន្ទឹមនឹងនោះ​ក្រុមហ៊ុន​បាន​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង
នេសាទ និង​អាជ្ញាធរ​មូលដ្ឋាន រៀបចំ​ដី​នៅក្បែរ​តំបន់សម្បទាន​ចំនួន ២០៤
ហិកតា សម្រាប់​បែងចែក​ជូន​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​ពិតប្រាកដ​តាម​រូបភាព
សម្បទាន​ដី​សង្គមកិច្ច និង​មាន​គម្រោង​សាងសង់​សាលារៀន មណ្ឌល​សុខភាព ផ្សារ
និង​វត្តភ្នំ​ពិស សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ។

​ ​ដូចនេះ​អ្វីដែល​ជាការ​បារម្ភ​ដូច​ការលើកឡើង​ក្នុង​ចំណុច​ទី​១ និង​ទី​២
នោះ​ត្រូវបាន​រាជរដ្ឋាភិបាល​ធ្វើការ​ពិនិត្យ និង​កាត់ចេញ​រួចហើយ ។
​ ​២- ពាក់ព័ន្ធ​នឹង​ការ​លើកឡើងថា មានការ​វាយ​ធ្វើបាប និង​ចាប់​ឃុំឃាំង
ប្រជាពលរដ្ឋ​ចំនួន ០២ ​រូប :
​ ​ដោយ​មិន​យល់​ពី​នីតិវិធី​ក្នុងការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ក្រុម
អ្នកនយោបាយ​ឱកាសនិយម ក្រុម​សង្គម​ស៊ីវិល​មួយចំនួន និង​ក្រុម​អ្នក​គួ​ក
ជេរ​ដី​អនាធិបតេយ្យ ក្រុម​អ្នក​បោះបង្គោល​ចាប់ដី​ព្រៃ​លក់ បាន​ឃោសនា
អកុសល​ដល់​ប្រជាជន ដែលមាន​ដីធ្លី​នៅក្នុង​តំបន់​នោះ​ថា រដ្ឋ​បានផ្តល់​ដី
ទៅ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​វិនិយោគ រួមទាំង​ដីស្រែ​-​ចម្ការ​បរស់​ពួកគាត់
ដែលមាន​នៅក្នុង​នោះ ។ ក្រោយពី​ទទួលបាន​ព័ត៌មាន​អកុសលទាំងនោះ​រួចមក ដោយមាន
ការភ័យខ្លាច​បាត់បង់​ដីធ្លី​របស់​ពួកគាត់​ ដូច​អ្វីដែល​ក្រុម​ឱកាសនិយម
ផ្សព្វផ្សាយ​នោះ ជា​បន្តបន្ទាប់​ប្រជាជន​បាននាំគ្នា​ធ្វើបាតុកម្ម ទាមទារ
ដីធ្លី​របស់​ពួកគាត់​ជាច្រើនលើក​ច្រើនសា ដោយមាន​ក្រុមឱកាសនិយម​នៅ​ពីក្រោយ
ខ្នង​ការងារ​នេះ ទោះបីជា​ក្រុមការងារ​បានធ្វើ​ការបញ្ជា​ក់​អះអាងថា រដ្ឋ
ធានា​មិន​ឲ្យ​មានការ​បាត់បង់​ដីធ្លី​របស់​ពួកគាត់​ក៏ដោយ ។ ដោយមាន​មេខ្លោង
នាំ​ប​ញ្ជេះ​កំហឹង​ខ្លាំង​ទៅៗ នៅ​ថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០១០ ប្រជាជន
ទាំងនោះ​បាន​បង្ក​អំពើហិង្សា ដោយ​ដុត​ទីស្នាក់ការ​ក្រុមហ៊ុន និង​ធ្វើ​ឲ្យ
ខូចខាត​អស់ទ្រព្យ​សម្បត្តិ​មួយចំនួន​រួមមាន ​: រោង​យាម​របស់​ប៉ូលិស ១
ខ្នង​ទំហំ ២ x ៣​ម ស្នាក់ការ​ក្រុមហ៊ុន ១​ខ្នង​ទំហំ ៦ x ១២​ម រោង​ដាក់
គ្រឿងចក្រ ១​ខ្នង​ទំហំ ៦ x ១២​ម រោង​បាយ និង​ផ្ទះ​កុមារ ១​ខ្នង​ទំហំ ៤ x
៦ ម បន្ទប់ទឹក​មួយកន្លែង​ចំនួន ៦​បន្ទប់ និង​ខូចខាត​សម្ភារៈ​មួយចំនួនទៀត
មាន​តុ​វែង​មួយ កៅអី ១០ គ្រែ​១៣ ម៉ាស៊ីន GPS ចំនួន ៤​គ្រឿង ប្រាក់
ដុល្លារ ៨.៥៧៥ ដុល្លារ និង​ប្រាក់រៀល ២០.៣០០.០០០​រៀល ព្រមទាំង​សម្ភារៈ
សម្រាប់​បុគ្គលិក​ប្រើប្រាស់​ចំនួន ១០​នាក់​ត្រូវ​ឆេះ​ទាំងអស់ ។

​ ​ក្រោយពី​បង្ក​អំពើហិង្សា​បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់
ក្រុមហ៊ុន ​រួចមក ក្រុមហ៊ុន​បានដាក់​ពាក្យ​ប្តឹងទៅ​តុលាការ​សាលាដំបូង
ខេត្តកំពង់ស្ពឺ ដើម្បី​ធ្វើការ​ចាប់​ជនដៃដល់ និង​មេខ្លោង​ឲ្យ
ទទួលខុសត្រូវលើ​ការខូចខាត​នេះ ។ នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០១០ តុលាការ
សាលាដំបូង​ខេត្តកំពង់ស្ពឺ បានធ្វើការ​ឃុំខ្លួន​មេខ្លោង និង​ជនដៃដល់​ចំនួន
ពីរ​នាក់ គឺ​លោក យូ ថូ និង​លោក​ ឃិន វុទ្ធី ជា​ច្រ​ជា​ជន​នៅ​ឃុំ​អម​លាំង
ពីបទ​បំ​ផ្លិ​ញបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ។ បន្តា​ប់​ពី​តុលាការ
បានធ្វើ​ការឃុំខ្លួន​មនុស្ស​ពីរ​នាក់​នោះ​រួចមក ប្រជាជន​ប្រមាណ​ជា ៤០០
នាក់ បាននាំគ្នា​មក​ធ្វើបាតុកម្ម​នៅមុខ​តុលាការ​សាលាដំបូង​ខេត្ត ដើម្បី
ឲ្យ​តុលាការ​ធ្វើការ​ដោះលែង​ជនទាំង ២​នាក់​នោះ​វិញ ដែល​បាតុកម្ម​នេះ
បានធ្វើ​ឲ្យ​មានការ​ស្ទះ​ចរាចរ​ផ្លូវជាតិ​លេខ​៤ ជិត​ពីរ​ម៉ោង ។ ដោយមាន
ការសម្របសម្រួល​ពី​អាជ្ញាធរខេត្ត​ ក្នុង​ការសុំ​ដោះលែង​ជន​ចាប់​ចោទ
ទាំងពីរ​នាក់​ឲ្យ​នៅក្រៅ​ឃុំ​វិញ ប្រជាជន​ទាំងនោះ​ក៏បាន​វិលត្រឡប់​ទៅ
លំនៅឋាន​របស់​ពួកគាត់​វិញ ហើយ​នៅ​ថ្ងៃទី ២៩ ខែ​ឆ្នាំ​ដដែល តុលាការ
សាលាដំបូង​ខេត្តកំពង់ស្ពឺ ក៏បាន​ធ្វើការ​ដោះលែង​ជនជាប់ចោទ​ទាំងពីរ​នាក់
ឲ្យ​រួចខ្លួន​ពី​ការឃុំ​ឃាំង ។ នៅក្នុង​សភាពការណ៍ដែល​ប្រជាជន​នាំគ្នា
ធ្វើបាតុកម្ម​ទាមទារ​ដីធ្លី​របស់​ ពួកគាត់​នេះ អាជ្ញាធរខេត្ត​កំពង់ស្ពឺ
បាន​បង្កើត​អនុគណៈកម្មការ​មួយ​សម្រាប់​សម្របសម្រួល​ការងារ​នេះ ដែល​ដឹកនាំ
ដោយ​អភិបាលរង​ខេត្ត​មួយរូប និង​មាន​សមាសភាព​អង្គភាពជំនាញ​ពាក់ព័ន្ធ
ចូលរួម​ជា​សមាជិក ។ ក្នុង​កិច្ចសម្របសម្រួល​នោះ​ គឺ​ខេត្ត​បានធ្វើ
ការអះអាង​ជាមួយ​ពលរដ្ឋ​ថា : រដ្ឋ​ធានា​មិន​ឲ្យ​មានការ​បាត់បង់​ដីធ្លី
ដែលជា​ដី​អាស្រ័យ​ផល​របស់​ប្រជាជន​នៅក្នុង​ទីតាំង​របស់​ក្រុមហ៊ុន​ឡើយ ដោយ
ធ្វើការ​កាត់​ផ្ទៃដី​ចំនួន​ដូចខាងលើ​រក្សាទុក​ជូន​ប្រជាជន ហើយ​ធ្វើការ
វាស់វែង​ចេញ​បង្កាន់ដៃ​ជូន​ពួកគាត់ ។

​ ​តាម​ការវាយតម្លៃ​កន្លងមក ក្រុមការងារ​ថ្នាក់​ខេត្ត​-​ស្រុក​-​ឃុំ និង
អង្គភាព​ជំនាញ​ពាក់ព័ន្ធ​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ តាមដាន
ត្រួតពិនិត្យ និង​ធ្វើការ​ដោះស្រាយ​ជា​បន្តបន្ទាប់​នូវ​ភាព​អសកម្ម​នៃ
ក្រុម​ប្រជាពលរដ្ឋ​ មួយចំនួន​តូច​ក្នុង​ឃុំ ដែល​ជឿ​តាម​ពាក្យឃោសនា​ជា
អកុសល​របស់​ក្រុម​អគតិ ដែល​មិន​យល់​អំពី​នីតិវិធី​ក្នុងការ​ផ្តល់​ដី
សម្បទាន​សេដ្ឋកិច្ច ហើយ​ព្យាយាម​បង្ក​រារាំង​ដល់​ការវិនិយោគ និង​ធ្វើ​ឲ្យ
ខូច​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ​ក្នុង​តំបន់​នោះ​ផង ។ បច្ចុប្បន្ននេះ​ក្រោម
ការខិតខំ​ប្រឹងប្រែងរ​បស់​អាជ្ញាធរ​គ្រប់លំដាប់​ ថ្នាក់ បាន​នាំ
សភាពការណ៍​នៃ​ការមិនយល់​គ្នា​របស់​ប្រជាជន​វិល​ទៅរក​សភាព​ធម្មតា​ វិញ និង
ប្រជាជនមាន​ការចូលរួម ក្នុងការ​អនុវត្ត​ការងារ​ជាមួយ​ក្រុមការងារ​រប​ស់
អាជ្ញា​ធរមាន​សមត្ថ​កិច្ច ។

​ ​៣- ពាក់ព័ន្ធ​នឹង​ចំណុច​ទី​៣ ដែល​លើកឡើងថា ការផ្តល់​ដី​សម្បទាន​ដល់
ក្រុមហ៊ុន​របស់​រាជរដ្ឋាភិបាល​កន្លងទៅ បាននាំគ្នា​ដល់​ការបំផ្លាញ​ព្រៃ
ធម្មជាតិ និង​រំលោភបំពាន​យ៉ាង​បំពាន​ដល់​សិទ្ធិ​រស់​នៅលើ​ដីធ្លី​របស់
ពលរដ្ឋ​ យ៉ាងធ្ងន់ធ្ងរ ។
​ ​គោលបំណង​នៃ​ការផ្តល់​ដី​សម​ទាន​សេដ្ឋកិច្ច គឺ​សំដៅ​ជំរុញ​ឲ្យ​មានការ
វិនិយោគ​លើ​វិស័យ​កសិកម្ម ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ បង្កើត
ការងារ បង្កើន​ប្រាក់ចំណូល​បន្ថែម​ដល់​គ្រួសារ ផ្ទេរ​បច្ចេកទេស
វិជ្ជាបង្កើន​ចំណេះដឹង​លើ​បច្ចេកទេស​កសិកម្ម ព្រមទាំង​អាច​ទទួលបាន​នូវ
ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ដូចជា​ផ្លូវ ស្ពាន ថ្នល់ សាលារៀន
មន្ទីរពេទ្យ ដែល​សាង់សង់ឡើង​ដោយ​ក្រុមហ៊ុន​វិនិយោគ​សម្រាប់​ប្រើប្រាស់​ជា
សាធារណៈ ។

ធនធានធម្មជាតិ​ត្រូវបាន​គ្រប់គ្រង​ថែរក្សា និង​អភិវឌ្ឍន៍​តាម​បទដ្ឋាន
បច្ចេកទេស​ត្រឹមត្រូវ​ដូចជា ព្រៃឈើ​ល្អៗ ត្រូវបាន​ពិនិត្យ​កាត់​ខ្វៀ​ល
ចេញ ដើម្បី​រក្សាទុក និង​ដីព្រៃ​នៅ​សងខាង​ប្រភពទឹក​ក៏ត្រូវ​កាត់​រក្សាទុក
តាម​បទដ្ឋាន​បច្ចេកទេស ​ព្រៃឈើ​ផងដែរ ។ ផ្ទៃដី​ដែល​ផ្តល់​សម្រាប់​វិនិយោគ
សម្បទាន​ដី​សេដ្ឋកិច្ច​កន្លងមក គឺ​សុទ្ធតែ​បានរៀបចំ​នូវ​របាយការណ៍
វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ទាំងអស់ ដែល​នេះ​ជា​លក្ខខណ្ឌ
ដែល​រាជរដ្ឋាភិបាលបាន​ត្រៀម និង​ការពារ​នូវ​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ
មុននឹង​អនុញ្ញាត​ជា​ផ្លូវការ​ផ្តល់ជូន​ក្រុមហ៊ុន ហើយ​សិទ្ធិ​រស់នៅ
ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ក្នុង​តំបន់​ សម្បទាន​មិន
ត្រូវបាន​ប៉ះពាល់​ទេ ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to