សម្តេច ហេង សំរិន ការពារ​អនុប្រធាន​ទី​១ រដ្ឋសភា ពី​រឿង​មាន​ទីប្រឹក្សា​ច្រើន

Cen.com.kh

ដោយ : លីហូវ (ថ្ងៃទី 3 កញ្ញា 2010)
ភ្នំពេញ: សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បាន​ការពា​រលោក ងួន ញ៉ិល
អនុប្រធាន​ទី​១ រដ្ឋសភា អំពី​ការ​មាន​ទីប្រឹក្សា​ច្រើន ដែល​ត្រូវបាន
អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ស្នើសុំ​ឲ្យ​សម្តេច​ប្រធានរដ្ឋសភា ធ្វើ
ការពន្យល់​ពី​ការចំណាយ​ថវិកា​លើ​ទីប្រឹក្សា​លោក​អនុប្រធាន​ទី​១ រដ្ឋសភា
ដែល​មាន​ចំនួន ៧១ រូប​ ។
​    ​ក្នុង​ចំណា​រលើ​លិខិត​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី
កាលពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១០ សម្តេច ហេង សំរិន បាន​លើកឡើង​ថា នេះ
ជា​ឆន្ទានុសិទ្ធិ​របស់​គ្រប់​ថ្នាក់ដឹកនាំ ដែល​បាន​អនុវត្ត​ស្រប​តាម​នៅ
នីតិវិធី​ច្បាប់​ ។

​    ​ការឆ្លើយតប​យ៉ាងខ្លី និង​មាន​ត្រឹមតែ​ស៊ី​ញ៉េ លើ​ក្បាល​លិខិត​របស់
ក្រុម​អ្នកតំណាងរាស្ត្រ​ដូច្នេះ ខណៈ​ដែល​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស
សមរង្ស៊ី ចំនួន ១៣ រូប បាន​ស្នើសុំ​សម្តេច​ប្រធានរដ្ឋសភា ដើម្បី
ការពន្យល់​ពី​ការចំណាយ​ថវិកា​លើ​ទីប្រឹក្សា​ចំនួន ៧១ រូប របស់លោក ងួន
ញ៉ិល អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​ ។
​    ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១០ ក្រុម
អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​លើកឡើង​ថា លោក ងួន ញ៉ិល អនុប្រធាន
ទី​១ រដ្ឋសភា សព្វថ្ងៃ មាន​ទីប្រឹក្សា​រហូតដល់ ៧១ រូប ហើយ​រដ្ឋសភា​ត្រូវ
ផ្តល់​ប្រាក់ខែ និង​ប្រាក់កំរ៉ៃ​ផ្សេងៗ ដល់​ទីប្រឹក្សា​ទាំង​នោះ​។
រៀងរាល់ខែ ឮថា លោក ងួន ញ៉ិល ទទួលបាន​ប្រាក់ឧបត្ថម្ភ សំរាប់​ជីវភាព​ដល់
ទីប្រឹក្សា​ទាំងនោះ​ថែមទៀត ដូចជា ក្នុង​ខែ​សីហា​នេះ រដ្ឋសភា​ចំណាយ
ទឹកប្រាក់​ជាង ១១២ លាន​រៀល លើ​ទីប្រឹក្សា​ទាំង ៧១ រូបនោះ ដែល​មាន​ទាំង
អ្នកតំណាងរាស្ត្រ ញ៉ែម ថ្ថា​វី ដែលជា​ប្អូនថ្លៃ​របស់​លោក ងួន ញ៉ិល និង
លោក ហង្ស វិចិត្រ ជា​ប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ នៃ​អគ្គលេខាធិការដ្ឋាន
រដ្ឋ​សភា​ផង​ ។

​      ​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​ស្នើ​សូមឲ្យ​សម្តេច
ប្រធានរដ្ឋសភា ពន្យល់​ពី​ការចំណាយ​ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ចំពោះ
ទីប្រឹក្សា​របស់​ លោក ងួន ញ៉ិល អនុប្រធាន​ទី​១​រដ្ឋសភា បើសិន​ជា​ការពិត
ហើយ​ចាត់វិធានកា​រណ៍​ច្បាប់​ជា​បន្ទាន់ ដើម្បី​បញ្ឈប់​ភាពមិនប្រក្រតី​នេះ
 ។
​    ​ចំពោះ​ការលើកឡើង​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​ខាងលើនេះ ត្រូវបាន
លោក ងួន ញ៉ិល អនុប្រធាន​ទី​១ នៃ​រដ្ឋសភា បាន​លើកឡើង​ថា ទីប្រឹក្សា​របស់
លោក មាន​យូរហើយ តាំងតែ​ពី​ជំនាន់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅ
ធ្វើជា​ប្រធានរដ្ឋសភា​ ។

​    ​លោក ងួន ញ៉ិល បាន​បន្តថា ទីប្រឹក្សា ឬ​ជំនួយការ​របស់​លោក ពុំ​មាន
តួនាទី​ស្មើ​រដ្ឋលេខាធិការ ឬ​អនុរដ្ឋលេខាធិការ​ទេ​ ។ ពួកគេ គ្រាន់តែ​ជា
ទីប្រឹក្សា ឬ​ជំនួយការ សម្រាប់​ពិភាក្សា​កិច្ចការងារ​របស់​រដ្ឋ​សភា ហើយ
រាល់​ការតែងតាំង​ទីប្រឹក្សា ឬ​ជំនួយការ សុទ្ធតែ​មាន​ការឯកភាព​ពី​សម្តេច
ហេង សំរិន ប្រធាន​រដ្ឋសភា​ផង​ដែរ​ ។
​    ​ជាមួយ​នឹង​ការលើកឡើង​ដូច្នេះ លោក ងួន ញ៉ិល បាន​ពន្យល់ថា ក្នុង
ការសម្របសម្រួល​នយោបាយ មាន​អ្នកនយោបាយ​ខ្លះ មក​ចូល​ជាមួយ​គណបក្ស​ប្រជាជន
កម្ពុជា ហើយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តល់​បញ្ជី​ឈ្មោះ​ជាង
៣០ រូប ឲ្យធ្វើ​ជា​ទីប្រឹក្សា​របស់​លោ​ក​ ។ ប៉ុន្តែ​ចំនួន​ទីប្រឹក្សា​នេះ
ត្រូវបាន​សម្តេច ហ៊ុន សែន ប្រាប់​ឲ្យ​ឈប់​តែងតាំង​ទៀតហើយ ​។

​    ​សូម​រម្លឹកថា វិបត្តិ​ទីប្រឹក្សា បាន​កើតឡើង​នៅ​រដ្ឋសភា ចាប់តាំងពី
អាណត្តិ​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នៅ​ជា​ប្រធានរដ្ឋសភា ដែល
កាលណោះ នាំឲ្យ​មាន​ការរិះគន់ ចំពោះ​ការតែងតាំង​ទីប្រឹក្សា​របស់​សម្តេច
ក្រុមព្រះ ដែល​មាន​ចំនួន​ប្រមាណ ៨០ រូប​ ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to