ថាក់ស៊ីន ប្រាប់​ពី​មូលហេតុ​នៃ​ការ​លា​ឈប់​ពី​តំណែង​ជា​ទីប្រឹក្សា ហ៊ុន សែន
ដោយ យន់ សាមៀន
2010-09-03
RFA
អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ នៅ​ថ្ងៃ​៣ កញ្ញា​នេះ
បាន​ឲ្យ​ដឹង​ថា លោក​បាន​លា​ឈប់​ពី​តំណែង​ជា​ទី​ប្រឹក្សា​​របស់​លោក ហ៊ុន
សែន និង​ជា​ទី​ប្រឹក្សា​សេដ្ឋកិច្ច​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ចៀសវាង​ការ
រំខាន និង​ដោយសារ​តែ​លោក​គ្មាន​ពេល​វេលា​គ្រប់គ្រាន់។

AFP Photo

អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra)

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) អតីត​នាយករដ្ឋមន្ត្រី​ថៃ
និង​ជា​ទណ្ឌិត​កំពុង​ភៀស​ខ្លួន​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​ថៃ បាន
ប្រកាស​ឲ្យ​ដឹង​ថា លោក​បាន​ឈប់​ពី​តួនាទី​លោក​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច
រដ្ឋាភិបាល​កម្ពុជា ដោយសារ​មិន​ចង់​ឲ្យ​មាន​ការ​រំខាន​លោក ហើយ​លោក​ត្រូវ
ការ​ពេល​វេលា​ទំនេរ​សម្រាប់​ខ្លួន​លោក​ផ្ទាល់។

ការ​ប្រកាស​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ គឺ​ក្រោយ​ពេល​ជាង​មួយ​សប្ដាហ៍
បន្ទាប់​ពី​លោក​បាន​លាលែង​ពី​តំណែង​របស់​គាត់ ហើយ​ការ​លាលែង​របស់​លោក
ថាក់ស៊ីន ស៊ីណាវ៉ាត្រ បាន​ធ្វើ​ឲ្យ​កម្ពុជា និង​ថៃ បាន​បន្ត​ទំនាក់ទំនង
ការទូត​ឡើង​វិញ ក្រោយ​ពេល ៩​ខែ ដែល​ប្រទេស​ទាំង​ពីរ​នេះ​បាន​កោះ​ហៅ​ឯក
អគ្គ​រាជ​ទូត​របស់​ខ្លួន​រៀង​​ៗ​ ខ្លួន​ ទៅ​ប្រទេស​នីមួយៗ​វិញ​មក។

កាសែត​ថៃ ឌឹ ណេសិន (The Nation) នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា បាន​ដក​ស្រង់
សម្ដី​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ​ថា ការ​លាលែង​ពី​តំណែង​របស់​លោក ដោយសារ
មាន​ការ​ចោទ​ប្រកាន់​ប្រឆាំង​លោក​ជា​ច្រើន ដោយសារ​តែ​តួនាទី​របស់​លោក
ក្នុង​រដ្ឋាភិបាល​កម្ពុជា ហើយ​ដើម្បី​ជៀសវាង​ពី​ការ​រំខាន​នេះ​បន្ត​ទៅ
ទៀត។ លោក​បាន​ស្នើ​ទៅ​លោក ហ៊ុន សែន ដើម្បី​ឈប់​ទី​តួនាទី​នេះ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បន្ថែម​ថា លោក​មាន​តំណែង ប៉ុន្តែ​លោក​មិន​អាច
បំពេញ​តួនាទី​​លោក​ឲ្យ​កម្ពុជា​បាន​នោះ​ទេ ពីព្រោះ​លោក​កម្រ​​មាន​ពេល
វេលា​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កម្ពុជា។ លោក​បន្ត​ទៀត​ថា ប្រសិន​បើ
រដ្ឋាភិបាល​កម្ពុជា ផ្ដល់​តំណែង​ឲ្យ​លោក​សា​ជា​ថ្មី​វិញ​នោះ លោក​នឹង
បដិសេធ មិន​ទទួល​យក​តំណែង​នេះ​បន្ត​ទៅ​ទៀត​ទេ ពីព្រោះ​លោក​ចង់​ធ្វើ
ការងារ​ផ្ទាល់​ខ្លួន​របស់​លោក​វិញ។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​សុក្រ ទី​៣
ខែ​កញ្ញា មាន​ប្រសាសន៍​ថា កម្ពុជា​ទទួល​ការ​លាលែង​របស់​លោក ថាក់ស៊ីន
ស៊ីណាវ៉ាត្រ ដោយ​មូលហេតុ​ថា លោក​ជាប់​រវល់​ការងារ​ផ្ទាល់​ខ្លួន​របស់​លោក។
ប៉ុន្តែ​លោក កុយ គួង បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​លើក​ឡើង
របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែល​ថា លោក​ត្រូវ​គេ​រំខាន។

នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ និង
សន្តិភាព លោក ឈាង វណ្ណារិទ្ធ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ
ថ្ងៃ​សុក្រ​ថា ការ​លាលែង​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ទំនង​ជា​លោក​ចង់
ស្តារ​ប្រជាប្រិយភាព​របស់​លោក​ឡើង​វិញ ក្រោយ​ពេល​មាន​ការ​ចោទ​ប្រកាន់​ថា
លោក​បាន​ក្បត់​ជាតិ ដោយ​មក​បម្រើ​ការងារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ហើយ​ការ
ស្តារ​ឲ្យ​មាន​ប្រជាប្រិយភាព​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដើម្បី​ត្រៀម
ចូល​រួម​ការ​បោះឆ្នោត​របស់​ថៃ ក្នុង​ពេល​ឆាប់​ខាង​មុន​នេះ។

លោក កុយ គួង ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី
ថៃ លោក អាភីស៊ិត វ៉េតឆាឈីវ៉ាក់ (Abhisit Vejjajiva) នឹង​អាច​ជួប​គ្នា​នៅ
ទីក្រុង​ញូវយ៉ក (New York) សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ក្នុង
កិច្ច​ប្រជុំ​កំពូល​អាស៊ាន សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​លោក​នៅ​មិន​ទាន់​ដឹង
ថា ប្រមុខ​ដឹក​នាំ​ទាំង​ពីរ នឹង​ពិភាក្សា​គ្នា​អំពី​បញ្ហា​អ្វី​នៅ​ឡើយ
ទេ។

លោក ឈាង វណ្ណារិទ្ធ មាន​ប្រសាសន៍​បន្ថែម​ថា លោក​មិន​សង្ឃឹម​ថា ការ​ជួប
ប្រជុំ​របស់​ប្រមុខ​ថ្នាក់​ដឹក​នាំ​កំពូល​របស់​កម្ពុជា និង​ថៃ នឹង​អាច
បញ្ចប់​វិបត្តិ​ព្រំដែន​បាន​នោះ​ទេ។ ជំនួប​នេះ គ្រាន់​តែ​ជា​ជំនួប
និមិត្តរូប​តែប៉ុណ្ណោះ ពីព្រោះ​ថៃ នឹង​មិន​ទទួល​ស្គាល់​ដី ៤,៦​គីឡូម៉ែត្រ
ការ៉េ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជា​ដី​របស់​ខ្មែរ​នោះ​ទេ។

ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​តុលាការ​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ ប្រទេស
ហុល្លង់ កាត់​សេចក្ដី​ឲ្យ​កម្ពុជា​ឈ្នះ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា
ឆ្នាំ​១៩៦២ ប៉ុន្តែ​ថៃ​បាន​តវ៉ា​ថា ដី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​មាន
ទំហំ ៤,៦​គីឡូម៉ែត្រ​ការ៉េ ជា​ដី​របស់​ខ្លួន។ កម្ពុជា​បាន​បដិសេធ​ថា
គ្មាន​តំបន់ ៤,៦​គីឡូម៉ែត្រ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​ដូច​ការ​លើក
ឡើង​របស់​ថៃ​ទេ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to