លោក ហ៊ុន សែន៖ ចីរភាព​នៃ​ការអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​គឺ​ត្រូវ​មាន
សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ
RFI
© សុវណ្ណារ៉ា
ដោយ នេត្រ ភក្រ្តា

ប្រមុខ​​រដ្ឋាភិបាល​កម្ពុជា​ លោក​ហ៊ុន​ សែន​ បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា
កត្តា​សុខ​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​ គឺជា​ចំណុច​សំខាន់​ ដើម្បី
ធានា​ការអភិវឌ្ឍន៍​សង្គម​ និង​សេដ្ឋកិច្ច​មាន​ចីរភាព​សម្រាប់​ប្រទេស
កម្ពុជា​​ និង​តំបន់​ទាំងមូល។​ សេដ្ឋកិច្ច​កម្ពុជា​ដែលតាម​ការ​លើក​ឡើង
របស់​លោក​ ហ៊ុន​ សែន​ គឺមាន​ការវិវឌ្ឍន៍​​កើន​ឡើង​ ហើយ​អត្រា​នៃ
ភាពក្រីក្រ​ក៏​បាន​ធ្លាក់​ចុះ។



ចីរភាព ​នៃ​ការអភិវឌ្ឍន៍​​សង្គម​ សេដ្ឋកិច្ច​អាច​ធ្វើ​ទៅ​បាន​ លុះ​ត្រា
តែ​ប្រទេស​ជាតិ​ធានា​ឲ្យ​បាន​នូវ​សុខសន្តិភាព​ និង​ស្ថិរភាព​នយោបាយ
ពេញលេញ​ជាមុន​សិន​ ដែល​ចាត់ទុក​ថា​ជា​កត្តា​សំខាន់​បំផុត​មិនអាច​ខ្វះ
បាន។ នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន
ក្នុង​កិច្ច​ពិភាក្សា​មួយ​ដែល​មាន​ឈ្មោះ​ថា​ កិច្ចសន្ទនា​អាស៊ី​-ល៉ីង
កម្ពុជា​ឆ្នាំ​ ២០១០ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ក្នុង​រាជធានី​ភ្នំពេញ។

លោក​នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែង​បន្ត​ទៀត​ថា​ កត្តា​យុទ្ធសាស្ត្រ​ឈាន​ទៅ
ដល់​ការបង្រួប​បង្រួម​ជាតិ​តាម​រយៈ​នយោបាយ​ ឈ្នះ-ឈ្នះ ​និង​ការធានា​បាន
សន្តិភាព​ពេញលេញ​សម្រាប់​កម្ពុជា​នៅចុង​ឆ្នាំ ​១៩៩៨​ ធ្វើឲ្យ​ប្រទេស​ដែល
ទទួល​រងគ្រោះ​ដោយ​សង្គ្រាម​ស៊ីវិល​ជាង​ពីរ​ទសវត្សរ៍​មក​ នេះ​អាច​ឈាន​ និង
ចាប់ផ្តើម​ដំណើរការ​សេដ្ឋកិច្ច​ទីផ្សារ​មួយ​ដែល​សម​ស្រប​សម្រាប់​ប្រទេស
ជាតិ។

ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​លើក​ឡើង​ពី​កំណើន​សេដ្ឋកិច្ច​ដ៏​ឆាប់រហ័ស​របស់
កម្ពុជា​ផង​ដែរ​ ដែល​ក្នុង​នោះ​ពីឆ្នាំ ​១៩៩៩​ ដល់​ឆ្នាំ ​២០០៣​ កំណើន
សេដ្ឋកិច្ច​បាន​កើន​ឡើង​ជិត​ ៩%​ និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស
ជាពិសេស​ក្នុង​វិស័យ​ទេសចរណ៍​ និង​ឧស្សាហកម្ម​កាត់ដេរ។​ វិស័យ​កាត់ដេរ
និង​ទេសចរណ៍​ដែល​ត្រូវ​លោក​ ហ៊ុន​ សែន​ ឲ្យ​ដឹង​ថា ​បាន​ក្លាយ​ជា​គន្លឹះ
សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ទន្ទឹម​នឹង​ជំនួយ​អភិវឌ្ឍន៍
ផ្លូវការ​នានា។

នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​ មកពី​ស្ថាប័ន​ជាតិ​ និង​អន្តរជាតិ​ លោក ហ៊ុន
សែន​ បាន​គូស​បញ្ជាក់​ប្រកប​ដោយ​មោទនភាព​ថា​ នៅ​ចន្លោះ​ឆ្នាំ ​២០០៤​ ដល់
ឆ្នាំ ​២០០៨​ កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ ១០,៣%។
ទិដ្ឋភាព​នេះ​ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី​ សង្កត់​ធ្ងន់​ថា​ ជា​លើក​ទី​១
ដែល​កម្ពុជា​អាច​សម្រេច​កំណើន​ពីរ​ខ្ទង់​ជាប់ៗ​គ្នា​ ហើយ​សន្ទុះ​ដ៏​ល្អ
ប្រសើរ​នេះ​ក៏​ដោយសារ​តែ​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​ រហ័ស​នៃ​វិស័យ
ធនាគារ​ លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស ​និង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ផង
ដែរ។

រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​លើក​ឡើង​ពី​កំណើន​នៃ​ផលិតផល​ក្នុង​ស្រុក ​ហើយ
បើ​តាម​ការ​បញ្ជាក់​របស់​លោក​ហ៊ុន​ សែន​ ចំណូល​ជា​មធ្យម​របស់​ប្រជាជន
កម្ពុជា​ម្នាក់​បាន​កើន​ឡើង​៣​ដង​ គឺ​ពី​២២៩ ​ដុល្លារ​ឡើង​ដល់​ ៧៣៩
ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​លើក​ឡើង​ថា​​ អត្រា​នៃ​ភាពក្រីក្រ​ក៏​បាន
ធ្លាក់​ចុះ​ពី​ប្រមាណ​ ៥០%​នៅ​ក្នុង​ឆ្នាំ​ ១៩៩៣​ មកត្រឹម​ ៣០%
ក្នុងឆ្នាំ​ ២០០៧​ បន្ទាប់មក​ទៀត​ បាន​បន្តធ្លាក់​ដល់​ ២៧,៤% ​នៅ​ក្នុង
ឆ្នាំ​ ២០០៩។​ និន្នាការ​នៃ​ការ​ធ្លាក់​ចុះ​អត្រា​នៃ​ភាព​ក្រីក្រ​នេះ
ត្រូវ​រដ្ឋាភិបាល​ កម្ពុជា​រំពឹង​ថា​នឹង​បន្ត​កើត​មាន​ទៀត។

ជាមួយ​គ្នា​នេះ​ដែរ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​ក៏​បាន​លើក​ឡើង​ពី
ការ​ធ្វើ​សមាហរ័ណកម្ម​ផ្ទៃ​ក្នុង​ ដែល​មាន​ន័យ​ស្មើ​នឹង​ការធ្វើ
សមាហរណកម្ម​ជាមួយ​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​ តំបន់​ ដើម្បី​ប្រយុទ្ធ
ប្រឆាំង​នឹង វិបត្តិ​សេដ្ឋកិច្ច​ និង​ជំរុញ​ការអភិវឌ្ឍន៍​នៅ​ក្នុង​តំបន់៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to