កម្ពុជា បង្កើនយុទ្ធសាស្ត្រការទូត ដើម្បីវាយបកឲ្យទាន់ពេល ចំពោះ ព័ត៌មានមួលបង្កាច់របស់ថៃ cem.com.kh ដោយ : លីហូវ (ថ្ងៃទី 6 កញ្ញា 2010)
ភ្នំពេញ: ព្រះរាជាណាចក្រកម្ពុជា បានផ្លាស់ប្តូរតំណែងឯកអគ្គរាជទូត ប្រចាំអង្គការ យូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលជា យុទ្ធសាស្ត្រការទូតថ្មីមួយទៀត ដើម្បីធ្វើការវាយបកឲ្យទាន់ពេលវេលា សម្រាប់ទប់ទល់នឹងព័ត៌មានមួលបង្កាច់របស់ថៃ លើកម្ពុជា ជាពិសេសលើ ប្រាសាទព្រះវិហារ ។ លោក នុត ណារ៉ាង ត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាពថ្មី នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការ យូណេស្កូ ជំនួស លោក ខែក ស៊ីសូដា ។ លោក នុត ណារ៉ាង នឹងត្រូវចេញដំណើរ ក្នុងពេល ឆាប់ៗនេះ ដើម្បីទៅបំពេញបេសកកម្ម ក្នុងតួនាទីជាឯកអគ្គរាជទូតកម្ពុជា ប្រចាំអង្គការ យូណេស្កូ ក្នុងអាណត្តិរយៈពេល ៣ ឆ្នាំ ។ មុននឹងចេញដំណើរ លោក នុត ណារ៉ាង អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ សម័យរដ្ឋកម្ពុជា បានចូលជួប និងជម្រាបលាសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១០ នៅវិមានរដ្ឋសភា ។ សម្តេច ហេង សំរិន បានផ្តល់នូវអនុសាសន៍ជាច្រើនចំណុច ដល់ ឯកអគ្គរាជទូតថ្មីរបស់កម្ពុជា ប្រចាំអង្គការ យូណេស្កូ ដោយត្រូវ ធ្វើការវាយបកឲ្យទាន់ពេលវេលា រាល់ព័ត៌មាន ដែលមួលបង្កាច់លើប្រទេស កម្ពុជា ពិសេសគឺប្រាប់បណ្តាប្រទេសជាមិត្ត និងអង្គទូតនានា ពី ការឈ្លានពានរបស់ថៃ លើទឹកដីកម្ពុជា ពិសេសក្រោយពេល ដែលប្រាសាទ ព្រះវិហារខ្មែរ ត្រូវបានបញ្ចូលជាបេតិកភណ្ឌពិភពលោក ។ លោក គាំម កុសល នាយឧទ្ទកាល័យសម្តេច ហេង សំរិន ក៏បាននាំពាក្យ ប្រាប់ក្រុមអ្នកកាសែត អំពីជំនួបនោះថា សម្តេច ហេង សំរិន បានផ្តាំផ្ញើ ដល់លោក នុត ណារ៉ាង ថា ព្រឹត្តិការណ៍សំខាន់ ទៅធ្វើជាទូត នៅអង្គការ យូណេស្កូ ធ្វើយ៉ាងណា ត្រូវទប់ទល់បញ្ហាថៃឈ្លានពានលើកម្ពុជា ដោយ ត្រូវខិតខំ ធ្វើយ៉ាងណាវាយបកឲ្យទាន់ពេលវេលា ហើយផ្សព្វផ្សាយជាមួយ បណ្តាប្រទេសជាសមាជិក និងរាល់បណ្តាទូតរបស់អង្គការ យូណេស្កូ ។ លោក គាំម កុសល ក៏បានបន្ថែមថា កម្ពុជាត្រៀមគ្រប់មធ្យោបាយ ដោយយក ច្បាប់ជាមូលដ្ឋាន ។ ក្នុងនោះ ជំហររបស់កម្ពុជា គឺគោរពធម្មនុញ្ញ អាស៊ាន អង្គការសហប្រជាជាតិ និងច្បាប់នានា ដែលជាគោល ដោយមិនមែនដូច ថៃ ដែលចេះតែគូសផែនទី ហើយចង្អុលចូលមក ( ក្នុងដីកម្ពុជា ) នោះទេ ។ លោក នុត ណារ៉ាង ដែលត្រូវចេញទៅបំពេញបេសកកម្មការទូត នៅអង្គការ យូណេស្កូ បានទទួលយកអនុសាសន៍របស់សម្តេច ហេង សំរិន ហើយប្តេជ្ញាថា នឹង ខិតខំប្រឹងប្រែង ដើម្បីបំពេញតួនាទី ជាឯកអគ្គរាជទូតរបស់កម្ពុជា ក្នុងវិស័យវប្បធម៌ នៅអង្គការ យូណេស្កូ ឲ្យទទួលបានជោគជ័យ ។ លោក នុត ណារ៉ាង បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតថា កិច្ចការ នេះ ចាំបាច់ត្រូវពន្យល់គេ ឲ្យគេយល់ច្បាស់អំពីអតីតកាលរបស់ទឹកដី កម្ពុជាប៉ុនណា? ហើយយើងនៅសល់សព្វថ្ងៃប៉ុណ្ណឹង។ ក្នុងនោះ ប្រាសាទ នានា នៅជុំវិញប្រទេសកម្ពុជា ពិសេសប្រាសាទ នៅថៃ សុទ្ធតែជារបស់ ខ្មែរទេតើ! ( កាលពីអតីតកាល ប្រាសាទបុរាណទាំងនោះ ជាទឹកដីរបស់ អាណាចក្រកម្ពុជា ) ។ ចំពោះប្រាសាទព្រះវិហារ ក៏ត្រូវបានលោក នុត ណារ៉ាង គូសបញ្ជាក់ថា ការធ្វើប្រាសាទព្រះវិហារ ជានិមិត្តរូប ដើម្បីចងភ្ជាប់ដែនដីអាណាចក្រ ខ្មែរ ពីខាងត្បូង ទៅខាងជើង។ ម្យ៉ាងទៀត ប្រាសាទព្រះវិហារ បានកើតឡើង មុនការកកើតប្រទេសថៃទៅទៀត ។ ឯកអគ្គរាជទូតថ្មីរបស់កម្ពុជា ប្រចាំអង្គការ យូណេស្កូ លោក នុត ណារ៉ាង ក៏បានបញ្ជាក់ថា ផ្អែកតាមប្រវត្តិសាស្ត្រ យើងត្រូវពន្យល់ ឲ្យគេយល់ពីសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា ហើយត្រូវខិតខំការពារ ចំពោះបញ្ហាផ្សេងទៀត ដែលថៃ បានកេងបន្លំលើវិស័យវប្បធម៌របស់ កម្ពុជាយើងជាច្រើន ហើយថៃចេះតែនិយាយផ្តេសផ្តាស ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

