រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​វៀតណាម​ធ្វើ​ទស្សនកិច្ច​កម្ពុជា
ដោយ សុខ សេរី
2010-09-13

ប្រទេស​កម្ពុជា និង​វៀតណាម មិន​ត្រឹម​តែ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ
គ្នា​ក្នុង​វិស័យ​នយោបាយ និង​ការ​ទូត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ភាគី​ទាំង​ពីរ
មាន​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី ក្នុង​វិស័យ​យោធា​ទៀត​ផង។

RFA/Sok Serey

លោក វូ ទៀន ចុង (Vu Tien Trong) វរសេនីយ៍​ឯក​ពិសេស និង​ជា​នាយក
វិទ្យាស្ថាន​ទទួល​បន្ទុក​ទំនាក់​ទំនង​ពិសេស នៃ​ក្រសួង​ការ​ពារ​ជាតិ
វៀតណាម (កណ្ដាល) ធ្វើ​សន្និសីទ​កាសែត​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី
១៣ កញ្ញា ២០១០

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា និង​វៀតណាម​បាន​ឯកភាព
គ្នា​ទ្វេ​ភាគី ពង្រឹង និង​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​គ្នា
ក្នុង​វិស័យ​យោធា ដើម្បី​រក្សា​សន្តិសុខ​នៅ​ក្នុង​តំបន់ និង​នៅ​តាម
ព្រំដែន​ប្រទេស​ទាំង​ពីរ ប្រឆាំង​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​ការ
បណ្ដុះ​បណ្ដាល​មន្ត្រី​យោធា​កម្ពុជា នៅ​ក្នុង​ប្រទេស​វៀតណាម។

ការ​ឯកភាព​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​របស់
រដ្ឋលេខាធិការ​ក្រសួង​ការ​ពារ​ជាតិ​វៀតណាម លោក ង្វៀន ជី​វិញ (Nguyen Chi
Vinh) នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ដល់​ថ្ងៃ​ទី
១៣ ខែ​កញ្ញា គឺ​បាន​ជួប​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រដ្ឋ
មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ លោក ទៀ បាញ់ និង លោក នាង ផាត រដ្ឋ​លេខាធិការ
ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ក្រសួង​ការ​ពារ
ជាតិ​កម្ពុជា និង​វៀតណាម​បាន​ចុះ​ហត្ថ​លេខា​ទ្វេ​ភាគី​រួច​ម្ដង​ទៅ​ហើយ
ក្នុង​ការ​សហ​ប្រតិបត្តិការ​នេះ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១០ កន្លង​ទៅ
នេះ។

វីរ​ឯក​ពិសេស នៃ​ក្រសួង​ការ​ពារ​ជាតិ​វៀតណាម លោក វូ ទៀន​ចុង (Vu Tien
Trong) និង​ជា​នាយក​វិទ្យាស្ថាន​របស់​ក្រសួង​ការ​ពារ​ជាតិ​វៀតណាម ទទួល
បន្ទុក​ទំនាក់​ទំនង​ការ​បរទេស បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត
នៅ​ឯ​សណ្ឋាគារ Inter-Continental នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ តាម​រយៈ​អ្នក
ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា ៖ «ក្នុង ​នោះ​មាន​ការ​ជួយ​ឧបត្ថម្ភ ក៏​ដូច
ជា​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស។ ជួយ​ខាង​សម្ភារ ហើយ​ក្នុង​នោះ​ជួយ​គ្នា
ក្នុង​ការ​សង្គ្រោះ​មហន្តរាយ ចំពោះ​ភូមិភាគ​តាម​ព្រំដែន។ វៀតណាម-កម្ពុជា
មាន​ចុះ​ហត្ថ​លេខា​ដើម្បី​រក្សា​ឲ្យ​ខ្សែ​ព្រំដែន ឲ្យ​មាន​ខ្សែ​ព្រំដែន
សន្តិភាព»។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា លោក​ឧត្ដមសេនីយ៍​ឯក
ឈុំ សុជាតិ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​១៣ ខែ
កញ្ញា​ថា ៖ «ការ​ធ្វើ​ទស្សនកិច្ច​របស់​អនុ​រដ្ឋ​មន្ត្រី ក្រសួង​ការ​ពារ
ជាតិ​វៀតណាម នៃ​ប្រទេស​វៀតណាម មក​កម្ពុជា​នៅ​ក្នុង​រយៈ​ពេល​២​ថ្ងៃ​នេះ
បាន​បង្កើន​នូវ​ទំនាក់​ទំនង​ល្អ​ប្រសើរ រវាង​កិច្ច​សហ​ប្រតិបត្តិការ​រវាង
ក្រសួង​ការ​ពារ​ជាតិ​ទាំង​២ ដែល​យើង​ធ្លាប់​បាន​ធ្វើ​កន្លង​មក។ ហើយ​ពិសេស
វៀតណាម​បាន​សន្យា​ជួយ​បណ្ដុះ​បណ្ដាល​វិស័យ​ធន​ធាន​មនុស្ស។ សំខាន់​គឺ​ការ
ហ្វឹកហ្វឺន​នាយ​ទាហាន និង​ការ​បណ្ដុះ​បណ្ដាល​នាយ​ទាហាន ដើម្បី​ពង្រឹង
វិស័យ​ការ​ពារ​ជាតិ និង​ការ​ថែ​រក្សា​សន្តិភាព​នៅ​តាម​ខ្សែ​បណ្ដោយ
ព្រំដែន»។

ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋលេខាធិការ​ក្រសួង​ការ​ពារ​ជាតិ នៃ​ប្រទេស
វៀតណាម​មក​កម្ពុជា​នា​ពេល​នេះ នៅ​គ្រា​ដែល​ប្រទេស​វៀតណាម​កំពុង​តែ​រៀបចំ
ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី
ក្រសួង​ការ​ពារ​ជាតិ​អាស៊ាន ឬ​ហៅ​កាត់​ថា ADMM (Asean Defense Minister
Meeting) នៅ​ក្នុង​ទីក្រុង​ហាណូយ (Hanoi) ចាប់​ពី​ថ្ងៃ​ទី​១២ តុលា ដល់
ថ្ងៃ​ទី​១៣ តុលា​ខាង​មុខ​ឆាប់ៗ​នេះ។

មាន​ប្រទេស​ចំនួន​៨ ជា​ដៃ​គូរ​ជា​មួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​១០
ប្រទេស ក្នុង​វិស័យ​យោធា​នោះ ក្នុង​នោះ​មាន​ដូច​ជា ទី​១ សហ​រដ្ឋ​អាមេរិក
ទី​២ ប្រទេស​ចិន ទី​៣ ប្រទេស​រុស្ស៊ី ទី​៤ ប្រទេស​ជប៉ុន ទី​៥ កូរ៉េ​ខាង
ត្បូង ទី​៦ ប្រទេស​ឥណ្ឌា ទី​៧ ប្រទេស​អូស្ត្រាលី និង​ទី​៨ ប្រទេស
ញីវហ្សែឡេន ជា​ដើម។

ប្រទេស​កម្ពុជា​មាន​គម្រោង​ការ​បញ្ជូន​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ
លោក ទៀ បាញ់ នៅ​ក្នុង​កិច្ច​ប្រជុំ​ខាង​មុខ​នោះ​ដែរ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
  • ... Campatriot People Power CPP កម្លាំងអ្ នកស្នេហាជាតិ
    • ... Bury Chau

Reply via email to