((ដូចចំឡែកបន្តិច មិនដឹងជាពួកគេកើតរោគអផ្សុកខ្លាំងណាស់ឬ  ?
បានជានាំគ្នាមកធ្វើពិធី​​បង្សុកូល​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធឲ្យ​ដង្កូវនាង
  !  ចុះខ្មែរយើងដែលនាំគ្នាសម្លាប់ត្រីនៅតាមទន្លេបឹងបួ
យកមកបរិភោគអស់រាប់ពាន់ឆ្នាំមកហើយនោះ
ម្ថេចក៏គេមិននាំគ្នាធ្វើបុណ្យបង្សុកូលដែរឬអី ?   ))



ពិធី​​បង្សុកូល​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ដង្កូវនាង​នៅ​សៀមរាប
ដោយ ហង្ស សាវយុត
2010-09-12

អ្នក​ស្រុក​នៅ​ខែត្រ​សៀមរាប រួម​ជាមួយ​ជនបរទេស​មួយ​ចំនួន បាន​នាំគ្នា
សម្ដែង​ការ​ដឹង​គុណ​ដល់​​ដង្កូវនាង ដែល​បាន​លះបង់​ជីវិត​រាប់​លាន​ក្បាល
ក្នុង​១​ឆ្នាំៗ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ឲ្យ​មនុស្ស​លោក។

RFA/Hang Savyouth

១១-កញ្ញា-២០១០: ពិធី​បង្ហាញ​ការ​តប​ស្នង​សង​គុណ​ដង្កូវនាង តាម​បែប​បូរាណ
និង​ការ​បង្ហាញ​ផ្ទាំង​សំពត់​ហូល ដែល​ធ្វើ​ពី​សរសៃ​សូត្រ​ដង្កូវនាង នៅ
ភូមិ​ជប់សោម ឃុំ​ពាក់ស្នែង ស្រុក​អង្គរធំ ខេត្ត​សៀមរាប។

ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ជប់សោម ឃុំ​ពាក់ស្នែង​ ក្នុង​ស្រុក​អង្គរធំ
ខេត្ត​សៀមរាប ​និង​ជន​បរទេ​ស​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ជប៉ុន​រាប់​រយ​នាក់
កាល​ពី​រាត្រី​ថ្ងៃ​១១ កញ្ញា​ បាន​នាំ​គ្នា​ចូលរួម​អបអរ​សាទរ​ពិធី​បុណ្យ
បង្សុកូល​មួយ​តាម​បែប​ព្រះពុទ្ធ ​សាសនា ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ដង្កូវ
នាង ​ដែល​គេ​យល់​ថា​បាន​លះ​បង់​ជីវិត​ដើម្បី​ផលិត​ជា​សរសៃ​សូត្រ​ដ៏​ល្អ
ប្រណីត បម្រើ​ផល​ប្រយោជន៍​មនុស្ស​លោក​ជា​ច្រើន​ជំនាន់​មក​ហើយ​។

លោក មាស អុល ប្រធាន​គម្រោង​របស់​វិទ្យាស្ថាន​វាយនភណ្ឌ​ប្រពៃណី​ខ្មែរ ដែល
កំពុង​ដំណើរការ​ផលិត​ក្រមា, ក្រណាត់, សម្លៀក​បំពាក់ និង​សម្ភារៈ
ប្រើប្រាស់​ជា​ច្រើន​ទៀត​អំពី​សូត្រ ដើម្បី​លក់​តាម​ទីផ្សារ បាន​មាន
ប្រសាសន៍​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ថា វិទ្យាស្ថាន​របស់​លោក​ដែល​ចិញ្ចឹម
ដង្កូវ​នាង ដើម្បី​ផលិត​ជា​សរសៃ​សូត្រ​គុណភាព​ដ៏​ល្អ​បំផុត​នោះ គឺ​បាន
ធ្វើ​ពិធី​បុណ្យ​ដង្កូវនាង​ចំនួន ៧​ដង​មក​ហើយ ចាប់​តាំង​ពី​មាន​ការ
បង្កើត​ទី​កន្លែង​ផលិត​សូត្រ​ខ្មែរ​នោះ​មក​។

លោក មាស អុល បាន​បញ្ជាក់​ថា ៖ «ដែល​យើង​ធ្វើ​បុណ្យ​រំឭក​ខួប​ហ្នឹង​ ទំនៀម
ទម្លាប់​ពី​បូរាណ​យើង គឺ​ថា យើង​ចិញ្ចឹម​ដង្កូវនាង បាន​សម្លាប់​ច្រើន
ណាស់! រយៈពេល​ម្ដង​ៗ​យើង​សម្លាប់​រាប់​ម៉ឺន​រាប់​លាន​ក្បាល! អ៊ីចឹង​យើង
ធ្វើ​បុណ្យ​នេះ​ឧទ្ទិស​កុសល​ជូន​ចំពោះ​ដង្កូវនាង​ដែល​ស្លាប់​ បាត់បង់
ជីវិត​ទៅ»។

ក្នុង​ពិធី​បុណ្យ​ដង្កូវនាង​នោះ ផលិត​ផល​ជា​ច្រើន​ដែល​សុទ្ធ​សឹង​ផលិត​ចេញ
អំពី​សរសៃ​សូត្រ​ធម្មជាតិ ត្រូវ​បាន​គេ​យក​មក​តាំង​ពិព័រណ៍ និង​ការ​ដើរ
បង្ហាញ​ម៉ូត ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ជន​បរទេស​ជា​ច្រើន ដែល
ចូលរួម​ទស្សនា​មាន​ការ​ចាប់​ចិត្ត និង​សប្បាយ​អបអរ​សាទរ​ដោយ​ស្នូរ​ទះ​ដៃ
កងរំពង។

ទោះ​ជា​យ៉ាង​ណា អ្នក​បូរាណ​វិទ្យា​ខ្មែរ​បាន​និយាយ​ថា ​គេ​ហាក់​ពុំ
ធ្លាប់​ឮ និង​ពុំ​ធ្លាប់​ជួប​ប្រទះ​នូវ​ឯកសារ​ណា​មួយ​ដែល​បញ្ជាក់​អំពី
ពិធី​បុណ្យ​ ដង្កូវនាង ដែល​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​ខ្មែរ​ទាល់​តែ​សោះ
ពី​សម័​យ​បុព្វកាល​មក។ ប៉ុន្តែ​គេ​យល់​ថា ដោយសារ​តែ​ប្រទេស​ខ្មែរ​គឺ​ជា
ប្រទេស​ចំណាស់​មួយ ក្នុង​ការ​ផលិត​សូត្រ​ដ៏​ល្អ​ឯក​រាប់​សតវត្ស​មក​ហើយ
ការ​ធ្វើ​ពិធី​បុណ្យ​បង្សុកូល​​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ដង្កូវនាង
ដែល​ស្លាប់​បាត់បង់​ជីវិត​នោះ ក៏​ជា​សីលធម៌​ដ៏​ប្រពៃ​មួយ​ដែរ។

លោក​បណ្ឌិត មីសែល ត្រាណេ អ្នក​បូរាណ​វិទ្យា​របស់​ប្រទេស​កម្ពុជា បាន​មាន
ប្រសាសន៍​ថា ប្រទេស​ខ្មែរ​បាន​ផលិត និង​ប្រើប្រាស់​សូត្រ​ដែល​បាន​ពី
ដង្កូវនាង​យូរ​លង់​ណាស់​មក​ហើយ តាំង​ពី​មុន​សម័យកាល​បង្កើត​នគរ​ភ្នំ
មកម៉្លេះ។

លោក​បណ្ឌិត មីសែល ត្រាណេ បាន​អះអាង​ថា ៖ «យើង​មាន​ភស្តុតាង​ចាប់​ពី
សតវត្ស​ទី​២ ទៅ ៣ មុន​គ្រិស្ត​សករាជ​ក៏​ដោយ បាទ​មាន! សូត្រ​គឺ​ជនជាតិ​ចិន
បាន​រក​ឃើញ​មុន​ខ្មែរ ខ្មែរ​គ្រាន់តែ​បាន​អភិវឌ្ឍ​សូត្រ​ហ្នឹង​តាម
វិធីសាស្ត្រ តាម​បច្ចេកទេស​ខ្លួន តាម​បរិស្ថាន​ផលិតផល​ខ្លួន បាន​ផលិត​ផល
ខ្មែរ​មាន​លក្ខណៈ​ល្អ​ជាង​សូត្រ​អ្វី​ទាំង​អស់! ហើយ​សូត្រ​មិន​មែន​តែ
សម្រាប់​តែ​ទេវតា និង​ព្រះ​មហាក្សត្រ​ទេ សូត្រ​ក៏​ជា​ដង្វាយ​មួយ​សម្រាប់
អាទិទេព ទាំង​ពុទ្ធ ទាំង​ព្រាហ្មណ៍​ដែរ ទោះ​បី​ព្រះ​សង្ឃ​ខ្មែរ​ក្តី​លោក
គ្រង​ចីវរ​លោក ក៏​សូត្រ​ដែរ!»។

លោក ម៉ូរីម៉ូតូ គីគុអូ ជនជាតិ​ជប៉ុន ដែល​ជា​ម្ចាស់​វិទ្យាស្ថាន​វាយណភណ្ឌ
ប្រពៃណី​ខ្មែរ​​​នោះ បាន​មាន​ប្រសាសន៍​ថា សូត្រ​ខ្មែរ​ដែល​លោក​កំពុង​ផលិត
ពី​ធម្មជាតិ​សុទ្ធសាធ​នេះ មាន​គុណភាព​ល្អ​ដែល​អាច​រក្សា​ទុក​បាន​រាប់​រយ
ឆ្នាំ ហើយ​ជា​រៀងរាល់​ឆ្នាំ​លោក​បាន​ផលិត​សូត្រ​បាន​ប្រមាណ ១​តោន ដែល​មាន
លក់​នៅ​ក្នុង​ទីផ្សារ​ស្រុក​ខ្មែរ​ផង និង​នាំ​ចេញ​ទៅ​ពិព័រណ៍​ដល់​ប្រទេស
ជប៉ុន បារាំង អាល្លឺម៉ង់ និង​សហរដ្ឋ​អាមេរិក​ជាដើម ដោយ​បច្ចុប្បន្ន​បាន
ផ្ដល់​ការងារ​ឲ្យ​អ្នក​ភូមិ​ខ្មែរ​ជាង ៣០០​នាក់។

លោក ម៉ូរីម៉ូតុ បាន​មាន​ប្រសាសន៍​ថា សូត្រ​ខ្មែរ​គឺ​មាន​គុណភាព​ល្អ​បំផុត
ដោយ​លោក​បាន​ទៅ​ឃើញ​សូត្រ​ខ្មែរ​មួយ​ផ្ទាំង ដែល​ត្រូវ​បាន​ស្ដេច​ថៃ​យក
ធ្វើ​ជា​អំណោយ​ជូន​ប្រធានាធិបតី​អាមេរិក កាល​ពី​ជាង​រយ​ឆ្នាំ​មុន ដែល
កំពុង​រក្សា​ទុក​ក្នុង​សារមន្ទីរ​ក្រុង​ញូវយ៉ក ​នៅតែ​មាន​គុណភាព​ដដែល៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to