កម្ពុជា​បញ្ជូន​កង​កម្លាំង​ដោះ​មីន​ដំបូង​ទៅ​ប្រទេស​លីបង់
ដោយ សុខ សេរី
2010-09-27
rfa
ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​មាន​គម្រោង​ការ​បញ្ជូន​កង​កម្លាំង​ រក្សា
សន្តិភាព​កម្ពុជា និង​ក្រុម​ដោះ​មីន​សរុប​ជាង​២០០​នាក់ ជា​លើក​ដំបូង ទៅ
កាន់​ប្រទេស​លីបង់ (Lebanon) នៅ​ចុង​ខែ​តុលា​ខាង​មុខ​នេះ ដើម្បី​បំពេញ
បេសកកម្ម​មនុស្សធម៌​រយៈ​ពេល​១​ឆ្នាំ តាម​សំណើ​របស់​អង្គការ​សហ​ប្រជា
ជាតិ។


ប្រភព​ពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា គ្រឿង
យន្ត ឬ​សម្ភារ​មួយ​ចំនួន​សម្រាប់​ប្រើ​ប្រាស់ នៅ​ក្នុង​បេសកកម្ម​ដោះ​មីន
នោះ ត្រូវ​បាន​គេ​ដឹក​ទៅ​ប្រទេស​លីបង់ (Lebanon) តាម​កប៉ាល់​ទឹក​រួច​ហើយ
ទៅ​ដល់​ប្រទេស​នេះ​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា​កន្លង​ទៅ​នេះ។

ឧត្ដម​សេនីយ៍​ឯក​ផ្កាយ​មាស​បួន លោក ប្រាក់ សុខុន និង​ជា​ប្រធាន​គណ
កម្មការ​ជាតិ សម្រប​សម្រួល​កិច្ចការ​ងារ​បញ្ជូន​កម្លាំង​ចូល​រួម​ថែ​រក្សា
សន្តិភាព របស់​អង្គការ​សហ​ប្រជា​ជាតិ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ
អាស៊ី​សេរី នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​ថា ៖ «ជា​លើក​ទី​មួយ ដែល​យើង​បញ្ជូន
កង​វិស្វកម្ម​របស់​យើង គេ​ហៅ​ថា សំណង់​បញ្ឈរ និង​សំណង់​ផ្ដេក។ សំណង់
បញ្ឈរ​ទាក់​ទង​ទៅ​នឹង​អគារ ហើយ​សំណង់​ផ្ដេក គឺ​ទាក់​ទង​នឹង​ផ្លូវ​ស្ពាន។
ក្នុង​កម្លាំង​ទាំង​២០០​នាក់​ជាង​នេះ គឺ​មាន​មួយ​កង​អនុ​សេនា​តូច​ដោះ​មីន
ជា​លើក​ដំបូង​ផង​ដែរ។ មាន​ពាក់​កណ្ដាល មាន​ដោះ​មីន ដោយ​គ្រឿង​យន្ត»។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១០ កន្លង​ទៅ​នេះ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា
បាន​សម្រេច​ពន្យារ​ពេល​ក្នុង​ការ​បញ្ជូន​កង​កម្លាំង​ទាំង​នោះ​ទៅ​កាន់
ប្រទេស​លីបង់​រួច​ម្ដង​ទៅ​ហើយ ដោយសារ​តែ​រដ្ឋាភិបាល​លីបង់ មិន​ទាន់​បាន
ត្រៀម​ខ្លួន​រួច​ស្រេច​បាច់​នៅ​ឡើយ ដើម្បី​ទទួល​កង​កម្លាំង​ថែ​រក្សា
សន្តិភាព​របស់​កម្ពុជា។ សាកល​វិទ្យា​ធិការ នៃ​សាកល​វិទ្យា​ល័យ​ខេមរៈ លោក
បណ្ឌិត សុខ ទូច និង​ជា​អ្នក​សង្កេត​ការ​នយោបាយ​ប្រទេស​កម្ពុជា បាន​មាន
ប្រសាសន៍​ថា ៖ «ប្រទេស ​កម្ពុជា​ជា​ប្រទេស​មួយ ដែល​សិក្សា​ពី​បញ្ហា​កប់
គ្រាប់​មិន​គ្រប់​ប្រភេទ តាំង​ពី​របស់​មហា​អំណាច ទាំង​ចិន អាមេរិក
រុស្ស៊ី ទាំង​អស់​នេះ​នៅ​លើ​ទឹក​ដី​កម្ពុជា អីចឹង​បទ​ពិសោធន៍ ដ៏​ច្រើន
គ្រប់​ប្រភេទ​នេះ ដែល​អាច​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​អ្នក​ជំនាញ នៅ​ក្នុង
ការ​ដោះ​មីន»។

លោក ប្រាក់ សុខុន ធ្លាប់​បាន​បញ្ជាក់​កាល​ពី​ខែ​កក្កដា​ថា កង​កម្លាំង
រក្សា​សន្តិភាព​កម្ពុជា​ចំនួន​ជាង ២០០​នាក់​ខាង​លើ​នេះ គឺ​ត្រូវ​បាន​គេ
ចែក​ជា​២​ផ្នែក។ ផ្នែក​ទី​១ គឺ​កម្លាំង​វិស្វកម្ម​សាង​សង់​អគារ ផ្លូវ
ថ្នល់ និង​ស្ពាន ចំនួន​ប្រមាណ ១៥០​នាក់។ និង​ផ្នែក​ទី​២ គឺ​កម្លាំង​ដោះ
មីន​ដោយ​គ្រឿង​ចក្រ និង​ដៃ ចំនួន​ប្រមាណ ៥០​នាក់ សម្រាប់​បេសកកម្ម​រយៈ
ពេល ១​ឆ្នាំ តាម​សំណើ​របស់​អង្គការ​សហ​ប្រជាជាតិ។

ប្រទេស​កម្ពុជា​បាន​បញ្ចូល​កង​កម្លាំង​ថែ​រក្សា​សន្តិភាព​ដោះ​មីន​ចំនួន
ជាង​២០០​នាក់ ជា​លើក​ដំបូង​បង្អស់ កាល​ពី​ឆ្នាំ​២០០៦ កន្លង​ទៅ ទៅ​កាន់
ប្រទេស​ស៊ូដង់ (Sudan) សម្រាប់​បំពេញ​បេសកកម្ម​របស់​អង្គការ​សហ​ប្រជា
ជាតិ​រយៈ​ពេល​១​ឆ្នាំ។ មក​ដល់​ពេល​នេះ គេ​បាន​ប្ដូរ​វេន​គ្នា​ចំនួន ៥​លើក
រួច​មក​ហើយ។

កាល​ពី​ឆ្នាំ​២០០៩ កន្លង​ទៅ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា បាន​បញ្ចូល
កម្លាំង​ដោះ​មីន​កម្ពុជា​មួយ​ក្រុម ចំនួន​តិច​ជាង​១០០​នាក់ ទៅ​កាន់
ប្រទេស​ឆាត (Chad)  នៅ​អាហ្វ្រិក​កណ្ដាល​រយៈ​ពេល ១​ឆ្នាំ តាម​សំណើ​របស់
អង្គការ​សហ​ប្រជា​ជាតិ។

ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​រង​គ្រោះ​ដោយ​សារ​គ្រាប់​មីន​ច្រើន​លាន
គ្រាប់ បន្សល់​ពី​សម័យ​សង្គ្រាម​ជាង​៣០​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​១៩៧០
មក។ នៅ​ពេល​នេះ កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​មួយ​នាំ​មុខ​គេ នៅ​ក្នុង
តំបន់​អាស៊ី ក្នុង​ការ​ថែ​រក្សា​សន្តិភាព និង​មាន​ជំនាញ​ខាង​ដោះ​មីន
សម្រាប់​ប្រទេស​នានា​លើ​ពិភព​លោក នេះ​បើ​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់
លោក ហ្សង់ ព្យែរ ដេ ម៉ាហ្គារី (Jean Pierre De Margerie) តំណាង​នៃ​អ្នក
សម្រប​សម្រួល​របស់​អង្គការ​សហ​ប្រជា​ជាតិ​កន្លង​មក​នៅ​ក្នុង​ ប្រទេស
កម្ពុជា៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to