អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កំពុង​អង្កេត​​បណ្ដឹង​​ជាង​១០​ករណី
ដោយ ទីន ហ្សាការីយ៉ា
2010-09-28

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដែល​ទើប​បង្កើត​ឡើង​នៅ​​ពេល​ថ្មីៗ​នេះ ទទួល
ពាក្យ​បណ្ដឹង​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ពី​សាធារណជន​បាន​ជាង ១០​ករណី
ហើយ។

RFA



មន្ត្រី​នាំ​ពាក្យ​របស់​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ បាន
ថ្លែង​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​ថា អង្គភាព​ប្រឆាំង​អំពើ
ពុករលួយ​កំពុង​ធ្វើការ​ស៊ើប​អង្កេត​ទៅ​លើ​ពាក្យ​ បណ្ដឹង​អំពី​ករណី
ពុករលួយ​នេះ​ហើយ ដើម្បី​ធ្វើការ​កាត់​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់។

លោក កែវ រ៉េមី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន កាល​ពី
ថ្ងៃ​ទី​២៧ ខែ​កក្កដា នៅ​ឯ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​រាជធានី
ភ្នំពេញ​ថា ពាក្យ​បណ្ដឹង​ជាង ១០​នេះ ក្នុង​នោះ​មាន​មួយ​ចំនួន​ជា​បណ្ដឹង
អាណាមឹក និង​មួយ​ចំនួន​ទៀត​ជា​ពាក្យ​បណ្ដឹង​ចាស់​ដែល​គេ​ប្ដឹង​មុន
អង្គភាព​ប្រឆាំង​ អំពើ​ពុករលួយ​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​រយៈ​ពេល
ជាង ៣​ខែ​នេះ។

លោក កែវ រ៉េមី បាន​អះអាង​ទៀត​ថា ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​មាន
ផែនការ​យុទ្ធសាស្ត្រ ៥​ឆ្នាំ​ទៅ​មុខ គឺ​ចាប់​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ
២០១៥ ដោយ​យុទ្ធសាស្ត្រ​នេះ​គ្មាន​ការ​លើក​លែង​ចំពោះ​មន្ត្រី​ធំៗ ឬ
មន្ត្រី​តូចតាច​នោះ​ឡើយ ឲ្យ​តែ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ
រក​ឃើញ ឬ​មាន​ពាក្យ​បណ្ដឹង​ពី​សាធារណជន​ថា មាន​អំពើ​ពុករលួយ និង​មាន
ភស្តុតាង​ច្បាស់ គឺ​ត្រូវ​ចាត់ការ​ទាំ​អស់។

លោក កែវ រ៉មី បន្ថែម​ថា ៖ «ទី​១​សំខាន់​គឺ​អប់រំ​សាធារណជន​ឲ្យ​បាន​ ជ្រាប
អំពី​អំពើ​ពុករលួយ គេ​ធ្វើ​ម៉េច​ខ្លះ​អី​ខ្លះ ឲ្យ​យល់។ ក្នុង​ការ​អប់រំ
នេះ ក្នុង​គម្រោង​របស់​យើង អាច​នឹង​មាន​ដាក់​ក្នុង​កម្មវិធី​សិក្សា​ដល់
សិស្ស​នៅ​បឋម​សិក្សា​រហូត​ដល់​ ឧត្ដម​សិក្សា»។

លោក កែវ រ៉េមី មិន​បាន​បញ្ជាក់​ទេ​ថា តើ​ពាក្យ​បណ្ដឹង​ជាង ១០​ករណី​នោះ គេ
បាន​ប្ដឹង​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​ណា​នោះ​ទេ ដោយ​លោក​បញ្ជាក់​ថា
នេះ​ជា​រឿង​សម្ងាត់។ លោក កែវ រ៉េមី បាន​ឲ្យ​ដឹង​ទៀត​ថា អង្គភាព​ប្រឆាំង
អំពើ​ពុករលួយ​បាន​រៀបចំ​ធ្វើ​បទ​បញ្ជា​ផ្ទៃក្នុង​របស់​ ខ្លួន​រួច​ហើយ ដែល
មាន​ជាង ១០​ជំពួក និង ៣១​មាត្រា។

មន្ត្រី​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បាន​សាទរ​ចំពោះ​ការ
លើក​ឡើង​របស់​មន្ត្រី​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​ជាតិ​ ប្រឆាំង​អំពើ
ពុករលួយ​នេះ ដោយ​លោក​បញ្ជាក់​ថា ឲ្យ​តែ​ស្ថាប័ន​នេះ​អនុវត្ត​បាន​ដូច​ការ
លើក​ឡើង​នេះ​ជា​ការ​ប្រសើរ​ជា​ទី​ បំផុត ប៉ុន្តែ​លោក​គ្មាន​ជំនឿ​ថា
ស្ថាប័ន​នេះ​អាច​ធ្វើ​បាន​នោះ​ទេ ព្រោះ​មន្ត្រី​នៅ​ក្នុង​អង្គភាព​នេះ​ជា
សមាសភាព​មក​ពី​មន្ត្រី​រដ្ឋាភិបាល​ ទាំង​អស់​នោះ។

មន្ត្រី​សម្របសម្រួល​បណ្ដាញ​រួបរួម​ដើម្បី​គណនេយភាព​សង្គម​នៅ​អាស៊ី
បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា លោក សន ជ័យ បាន​មាន​ប្រសាសន៍​នៅ
ក្រោយ​ពេល​លោក​បាន​ទៅ​ជួប​ពិភាក្សា​ជាមួយ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព
ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​ថា ស្ថាប័ន
ប្រឆាំង​អំពើ​ពុករលួយ​បាន​ទទួល​យក​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១០ និង​បើក
ទូលាយ​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត ក្នុង​ការ​សហការ​ការងារ
ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា ដោយ​លោក​បាន​បញ្ជាក់​ថា នេះ​ជា​សញ្ញា
ល្អ​មួយ។

លោក សន ជ័យ បាន​លើក​ឡើង​ថា លោក ឱម យ៉ិនទៀង បាន​ព្រមព្រៀង​អនុវត្ត​គម្រោង
នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ពេល​ឆាប់ៗ
នេះ ព្រោះ​កន្លង​មក​នៅ​មាន​អាជីវករ និង​ភោជនដ្ឋាន​មួយ​ចំនួន​នៅ​តាម
បណ្ដោយ​ផ្លូវ​នេះ មាន​អំពើ​ពុករលួយ​ច្រើន ដោយ​សមត្ថកិច្ច​បាន​បង្ខំ​ឲ្យ
ម្ចាស់​ហាង​ទាំង​នេះ​បង់​ប្រាក់​ឲ្យ​ពួកគេ។

ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចែង​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​គុក​រវាង ៧
ថ្ងៃ ដល់ ៥​ឆ្នាំ ចំពោះ​អំពើ​ពុករលួយ​កម្រិត​ទាប និង​ផ្តន្ទា​ទោស​ឲ្យ
ជាប់​គុក​រវាង ៥​ឆ្នាំ ដល់ ១៧​ឆ្នាំ ឬ​មួយ​ជីវិត ចំពោះ​អំពើ​ពុក​រលួយ
កម្រិត​ធ្ងន់ធ្ងរ។

លោក កែវ រ៉េមី បាន​ឲ្យ​ដឹង​ថា អង្គភាព​របស់​លោក​បាន​ត្រៀម​ឯកសារ​រួចរាល់
ហើយ ដើម្បី​តម្រូវ​ឲ្យ​មុខ​សញ្ញា​មន្ត្រី​រាជការ និង​ប្រធាន​អង្គភាព​​មួយ
ចំនួន​ដែល​មាន​ជាង ១០​ម៉ឺន​នាក់ នឹង​ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិចាប់​ពី
ខែ​ដើម​ឆ្នាំ​២០១១ ខាង​មុខ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to