អសន្តិសុខ​ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​សម្រាប់​សង្គម​ខ្មែរ
rfi
©សុវណ្ណារ៉ា
ដោយ ប៉ែន បូណា

អំពើ​ប្លន់​ប្រដាប់​អាវុធ ​ឃាតកម្ម ​អំពើហិង្សា និង​គ្រោះថ្នាក់​ចរាចរណ៍
គឺជា​បញ្ហា​ធំៗ​ដែល​កំពុង​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​ប្រឈម​នឹង​​បញ្ហា
អសន្តិសុខ​យ៉ាង​ធ្ងន់ធ្ងរ នា​ពេល​បច្ចុប្បន្ន។ ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់
បាន​បាត់បង់​ជីវិត ជា​រៀងរាល់​ថ្ងៃ ក្នុង​ថ្លុកឈាម និង​ទឹកភ្នែក​ដោយសារ
តែ​បញ្ហា​ទាំងនេះ។ សមត្ថកិច្ច​កំពុង​ចាត់​វិធានការ​យ៉ាង​ក្តៅ​គគុក ដើម្បី
រក្សា​សណ្តាប់ធ្នាប់​សង្គម ប៉ុន្តែ​ស្ថានភាព​ហាក់​មិន​បាន​ធូរស្រាល​ឡើយ។
មនុស្ស​ជាច្រើន​ បាន​ស្តី​បន្ទោស​ទៅ​លើ​ការធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម
និង​អសមត្ថភាព​របស់​អាជ្ញាធរ​ក្នុង​ការរក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ។



ជន ​អន្ធពាល​មួយ​ក្រុម​ដែល​ប្រដាប់​ដោយ​អាវុធ​ខ្លី ​ខ្នោះដៃ​ និង​ដំបង
ឆក់ ​បាន​ប្លន់​​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​នៅ​កណ្តាល​រាជធានី​ភ្នំពេញ
កាល​ពី​ព្រលប់​ថ្ងៃ​ទី​៣​ខែ​កញ្ញា។​ ជនរងគ្រោះ​ដែល​ជា​និស្សិត​ស្រី​អាយុ
១៩​ឆ្នាំ​ត្រូវ​បាន​ក្រុម​ចោរ​ចាប់​ ដាក់​ខ្នោះដៃ និង​ខ្នោះជើង​រួច​ដឹក
យក​ទៅ​ទម្លាក់​ចោល​នៅ​ឯ​ជាយ​ក្រុង​ដោយ​ប្លន់​យក​ រថយន្ត​ និង​គ្រឿង
អលង្ការ​អស់​គ្មាន​សល់។

នេះ​គឺជា​ព្រឹត្តិការណ៍​ដែល​ធ្វើឲ្យ​រញ្ជួយ​រាជធានី​ភ្នំពេញ​ម្តង​ទៀត
សម្រាប់​ចុង​សប្តាហ៍​នេះ។ ​តែ​វា​មិន​មែន​ជា​រឿង​ថ្មី និង​អស្ចារ្យ​ជាងគេ
ឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​រឿងរ៉ាវ​អសន្តិសុខ​ដែល​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ។
​នៅ​មាន​រឿងរ៉ាវ​ដ៏គួរ​ឲ្យ​រន្ធត់ និង​អមនុស្សធម៌​ជាច្រើន​ទៀត​ដែល​កំពុង
អង្រួន​សង្គម​ខ្មែរ​ឲ្យ​ធ្លាក់​ក្នុង ​អសន្តិសុខ​គួរ​ឲ្យ​ព្រួយ​បារម្ភ។
អំពើ​ប្លន់​ ឃាតកម្ម​ រំលោភ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​បាន​ក្លាយ​ជា
ព្រឹត្តិការណ៍​លើ​ទំព័រ​មុខ​ របស់​សារព័ត៌មាន​ជា​រៀងរាល់​ថ្ងៃ។

នៅ​មិន​ទាន់​មាន​តួលេខ​ណាមួយ​ដែល​បង្ហាញ​ពី​ចំនួន​អ្នកស្លាប់​ប៉ុន្មាន
នាក់ ក្នុង​មួយ​ថ្ងៃ​ដោយសារ​អំពី​អសន្តិសុខ​ទាំង​នោះ​នៅ​ឡើយ​ទេ។ ​ប៉ុន្តែ
​បើ​និយាយ​ពី​គ្រោះថ្នាក់​ចរាចរណ៍​វិញ ការសិក្សា​បង្ហាញ​ថា ​មាន​ពលរដ្ឋ
ខ្មែរ​យ៉ាងហោច​ណាស់​ក៏​៤​នាក់​ដែរ ដែល​បាន​ស្លាប់​ជារៀង​រាល់​ថ្ងៃ។ នេះ
នៅ​មិនទាន់​គិត​អ្នករងរបួស​ និង​ការខូចខាត​ទ្រព្យសម្បត្តិ​ដ៏ច្រើន​សន្ធឹក
សន្ធាប់​នោះ​ផង​ទេ។

ដើម្បី​កាត់​បន្ថយ​អ្នកស្លាប់​នៅ​លើ​ដងផ្លូវ​ សមត្ថកិច្ច​គ្រោង​នឹង​ដាក់
ឧបករណ៍​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​ចំពោះ​ អ្នកបើកបរ​ចាប់​ពី​ថ្ងៃ​ទី​១​ខែ
តុលា​ខាង​មុខ​ត​ទៅ។​ ជនណា​ដែល​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​នឹង​ត្រូវ​គេ
ផាក​ពិន័យ​យ៉ាង​ ធ្ងន់ធ្ងរ។ នេះ​ជា​វិធានការ​បន្ថែម​ថ្មី​ទៀត​ទៅ​លើ
ការបង្ខំ​ឲ្យ​អ្នកបើកបរ​ពាក់មួក​ សុវត្ថិភាព​ និង​ពាក់​ខ្សែក្រវាត់
ការពារ​ដែល​កំពុង​តែ​អនុវត្ត។

ប្រទេស​កម្ពុជា​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​សន្តិភាព​បន្ទាប់​ពី​ភ្លើង
សង្គ្រាម​បាន​រលត់​ទៅ។ ប៉ុន្តែ ​ជន​កម្ពុជា​នៅ​មិន​ទាន់​ស្គាល់​សន្តិភាព
ផ្លូវចិត្ត​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ កាល​ពី​ពេល​ថ្មីៗ​នេះ  គណបក្ស​ប្រជាជន
កម្ពុជា​ដែល​កំពុង​កាន់​អំណាច​បាន​ចាត់ទុក​បញ្ហា​អសន្តិសុខ ​ថា ជា​បញ្ហា
ចម្បង​មួយ​ដែល​ខ្លួន​ត្រូវ​ដោះស្រាយ។ ​ប៉ុន្តែ​ គេ​នៅ​​មិន​ទាន់​ឃើញ​មាន
លទ្ធផល​ជាក់​ស្តែង​នៅ​ឡើយ​ទេ។

គេ​មិន​ទាន់​ដឹង​ថា តើ​គណបក្ស​កាន់​អំណាច​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​អាច​យក
ឈ្នះ​លើ​បញ្ហា​ អសន្តិសុខ​សង្គម ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់​ក្នុង​សុខ
សន្តិភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​បាន​ដែរ​ឬ យ៉ាងណា​នោះ​ទេ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to