ឃាត់ខ្លួនជនជាតិវៀតណាមដឹកឈើខុសច្បាប់២នាក់ ដោយ ហង្ស សាវយុត 2010-09-05
សមត្ថកិច្ចរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប បានឃាត់ខ្លួនបុរសជនជាតិ វៀតណាម២នាក់ ជាអ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើរ ចេញពី ទីក្រុងសៀមរាប ឆ្ពោះទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម។ RFA/Hang Savyouth អាជ្ញាធរឃាត់រថយន្តរបស់វៀតណាម ដែលដឹកឈើប្រណិតខុសច្បាប់ពីខេត្ត សៀមរាប ទៅក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី៥ ខែកញ្ញា ២០១០ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា គេបានឃាត់ ខ្លួនបុរសជនជាតិវៀតណាមចំនួន២នាក់ ដែលជាអ្នកបើកបរជាមួយនឹង រថយន្តក្រុងដឹកអ្នកដំណើរ ពីខេត្តសៀមរាប ឆ្ពោះទៅទីក្រុងហូជីមិញ ប្រទេសវៀតណាម២គ្រឿងផង កាលពីព្រឹកថ្ងៃអាទិត្យ ទី៥ ខែកញ្ញា បន្ទាប់ពីបានឆែកឆេររកឃើញកំណាត់ឈើប្រណីតប្រភេទក្រញូង និងធ្នង់ ប្រមាណជាង ១០០ដុំ ដែលគេលួចលាក់ទិញខុសច្បាប់បម្រុងដឹកឆ្លងដែន ទៅប្រទេសវៀតណាម។ លោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានមាន ប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យថា បុរសជនជាតិវៀតណាម ២នាក់ ម្នាក់ឈ្មោះ ឡាយ គក់គឿង អាយុ៣២ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហុង ធីចូវ អាយុ៣៨ឆ្នាំ ត្រូវបានឃាត់ខ្លួនជាមួយរថយន្តក្រុង២គ្រឿង នៅពេល ដែលសមត្ថកិច្ច បានទទួលដំណឹងថា ជនទាំង២នាក់ បានលួចលាក់ទិញ កំណាត់ឈើប្រណីតប្រភេទគ្រញូង និងធ្នង់ ដើម្បីដឹកជញ្ជូនខុសច្បាប់ ទៅកាន់ប្រទេសវៀតណាម។ លោក ទា គឹមសុទ្ធ បានមានប្រសាសន៍ថា នៅពេលឃាត់ខ្លួនជនជាតិវៀតណាម ទាំងពីរ និងរថយន្តក្រុង២គ្រឿងរបស់ក្រុមហ៊ុនSAPACO Tourist គេ បានឆែកឆេរឃើញកំណាត់ឈើប្រណីតចំនួន១០២ដុំ ក្នុងរថយន្តក្រុងនោះ ហើយសមត្ថកិច្ចបាននាំខ្លួនអ្នកបើកបរទាំងពីរ និងរថយន្តក្រុង ទាំងនោះ ដើម្បីរៀបចំសំណុំរឿងឈានទៅរកការផាកពិន័យតាមច្បាប់ ៖ «ជននោះមកទេសចរណ៍ ប៉ុន្តែដល់ឃើញអ៊ីចឹងដាក់ឈើខ្លីៗ ២តឹកៗគ្រញូង និងធ្នង់១០២ដុំ ចាប់ឃាត់ទាំងឡានទាំងអី»។ ទោះយ៉ាងណា មិនអាចទំនាក់ទំនង អ្នកគ្រប់គ្រងក្រុមហ៊ុនរថយន្ត ក្រុង SAPACO Tourist ដឹកជញ្ជូនអ្នកដំណើរ ជុំវិញប្រតិកម្មការចាប់ ខ្លួនអ្នកបើកបរ និងឃាត់ទុករថយន្តក្រុងចំនួន២គ្រឿងនោះបានទេ។ បុគ្គលិកស្រីរបស់ក្រុមហ៊ុនរថយន្តក្រុង SAPACO Tourist ម្នាក់ ដែល មិនប្រាប់ឈ្មោះ បាននិយាយតាមទូរស័ព្ទប្រាប់ថា គាត់បានដឹងពីការ ចាប់ខ្លួនបុរសជនជាតិវៀតណាម២នាក់ និងឃាត់ទុករថយន្តក្រុងរបស់ ក្រុមហ៊ុននោះ ប៉ុន្តែគាត់មិនអាចអធិប្បាយអ្វីបានទេ ពីព្រោះគាត់ មានតួនាទីត្រឹមតែជាអ្នកលក់សំបុត្រប៉ុណ្ណោះ។ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា នេះជាលើក ទី២ហើយ ដែលគេបានឃាត់ទុករថយន្តក្រុង ពាក់ព័ន្ធនឹងការលួចទិញ និងដឹកជញ្ជូនឈើប្រណីតដោយខុសច្បាប់។ កាលពីអំឡុងខែមេសាកន្លងទៅ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀម រាប ធ្លាប់បានឃាត់ខ្លួនបុរសជនជាតិខ្មែរម្នាក់ និងរថយន្តក្រុង ១គ្រឿង ដោយសារតែបានលួចលាក់ដឹកជញ្ជូនឈើគ្រញូងខុសច្បាប់ដូច គ្នានេះ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

