កិច្ចប្រជុំ​​​នៃ​មិត្ត​របស់​តុលាការ​ខ្មែរ​ក្រហម​ ដើម្បី​ស្វែង​​រក
វិភាគទាន​ បន្ត​ដំណើរ​ការ​កាត់ទោស​មេ​ខ្មែរ​ក្រហម

© សុវណ្ណារ៉ា
ដោយ លី ម៉េងហួរ

នៅ​ថ្ងៃ​អង្គារ ទី ៧ កញ្ញា​នេះ ក្រុម​មន្ត្រី​តុលាការ​ខ្មែរក្រហម តំណាង
រាជរដ្ឋាភិបាល​កម្ពុជា បណ្តា​ឯកអគ្គរាជទូត និង​ឯកអគ្គរដ្ឋទូត ប្រចាំ
កម្ពុជា​ប្រមាណ​ជិត ៤០ ប្រទេស តំណាង​អង្គការ​សហប្រជាជាតិ និង​តំណាង​សហភាព
អឺរ៉ុប ដែល​គេ​ហៅថា មិត្ត​របស់​សាលាក្តី​ខ្មែរក្រហម បាន​ជួបប្រជុំ​គ្នា
ដើម្បី​ស្វែងរក​ការ​រៃអង្គាស​ថវិកា សម្រាប់​បន្ត​ដំណើរការ​កាត់ទោស​មេ
ខ្មែរក្រហម។ ទាំង​ភាគី​កម្ពុជា និង​ទាំង​ភាគី​អង្គការ​សហប្រជាជាតិ ក្នុង
តុលាការ​ខ្មែរក្រហម កំពុងតែ​ប្រឈម​នឹង​កង្វះ​ថវិកា សម្រាប់​ឆ្នាំ ២០១០
និង​ឆ្នាំ ២០១១។



rfi

កិច្ចប្រជុំ ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំ​ដោយ​ឯកអគ្គរាជទូត​ជប៉ុន
និង​បារាំង ដែល​ជា​សហប្រធាន​ប្តូរ​វេន​នៃ​កិច្ចប្រជុំ​បណ្តា​ប្រទេស​ជា
មិត្ត​របស់​ តុលាការ​ខ្មែរក្រហម នៅ​ព្រឹក​មិញ ធ្វើឡើង​ក្រោម​វត្តមាន​របស់
លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែល​ជា​ប្រធាន​ក្រុមការងារ​បង្កើត​តុលាការ
ខ្មែរ​ក្រហម​របស់​រដ្ឋាភិបាល​ កម្ពុជា និង​លោក Clint Williamson
អ្នកជំនាញការ​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ សម្រាប់ការ
កាត់ទោស​មេ​ខ្មែរក្រហម​។


កិច្ចប្រជុំ ជា​ទ្រង់ទ្រាយ​ធំ​នា​ពេល​នេះ ជា​កិច្ចប្រជុំ​ប្រចាំ​ត្រីមាស
រៀងរាល់ ៣ ខែម្តង រវាង​មន្ត្រី​តុលាការ​ខ្មែរក្រហម និង​បណ្តា​អង្គទូត​នៃ
ប្រទេស ដែល​បាន​ផ្តល់​ជំនួយ​ដល់​តុលាការ​ចម្រុះ​កាត់ទោស​មេ​ខ្មែរក្រហម​។
កិច្ចប្រជុំ​នេះ មាន​គោលបំណង​សំខាន់​ពីរ គឺ​ទី​១-​ស្វែងយល់​ពី
ការវិវឌ្ឍន៍​របស់​តុលាការ​ខ្មែរក្រហម និង​ទី​២-​លើកឡើង​ពី​ការ​រៃអង្គាស
ថវិកា ដើម្បី​ទ្រទ្រង់​កញ្ចប់​ថវិកា របស់​តុលាការ​ខ្មែរក្រហម នៅ​ឆ្នាំ
២០១០ និង​ឆ្នាំ​២០១១។

ខ្សែ​វិដេអូ​ឯកសារ ស្តីពី លទ្ធផល​នៃ​ការកាត់ទោស​លើ​សំណុំរឿង ០០១ ព្រមទាំង
ការផ្សព្វផ្សាយ​ពី​សកម្មភាព​មហាជន ចូលរួម​ដោយ​ផ្ទាល់​ជាមួយ​សាលាក្តី ការ
បញ្ចាំង​ខ្សែភាពយន្ត​តាម​បណ្តា​ខេត្ត​នានា និង​ការ​ទស្សនា​គុក​ទួលស្លែង
ត្រូវបាន​លើក​បង្ហាញ​ដល់​បណ្តា​ប្រទេស​អ្នកផ្តល់​ជំនួយ នៅ​ព្រឹក​មិញ​។


ចំណែក​ថវិកា​សម្រាប់​ភាគី​កម្ពុជា និង​ភាគី​អង្គការសហប្រជាជាតិ ក្នុង
តុលាការ​ចម្រុះ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម ក៏​ត្រូវ​បាន​បង្ហាញ​ក្នុង
កិច្ចប្រជុំ​នោះ​ថា ភាគី​អង្គការសហប្រជាជាតិ នៅ​ខ្វះ​ថវិកា​ចំនួន ៦,៤ លាន
ដុល្លារ សម្រាប់​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ ចំនួន ២៩,៨ លាន​ដុល្លារ​។
ចំណែក​ភាគី​កម្ពុជា នៅ​ខ្វះ​ថវិកា​ចំនួន ១ លាន​ដុល្លារ​សម្រាប់​ឆ្នាំ
២០១០ និង​ឆ្នាំ​២០១១ ត្រូវការ​ថវិកា​ចំនួន ១១,៧ លាន​ដុល្លារ​។ ក៏ប៉ុន្តែ
ខ្ទង់​ថវិកា​របស់​ភាគី​កម្ពុជា ទទួលបាន​ការសន្យា​ផ្តល់​ថវិកា ពី​បណ្តា
ប្រទេស​ជា​មិត្ត​ចំនួន ៤ លាន​ដុល្លារ ដែល​ក្នុងនោះ បូក​រួម​ទាំង​ថវិកា
១,១ លាន​ដុល្លារ ដែលជា​ខ្ទង់ចំណាយ​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក ឌឹម សុវណ្ណា​រុំ មន្ត្រី​ទទួលបន្ទុក​ការងារ​ព័ត៌មាន របស់​តុលាការ
ខ្មែរក្រហម បាន​លើកឡើង​ថា ថវិកា​របស់​ភាគី​កម្ពុជា ក្នុង​តុលាការ
ខ្មែរក្រហម មាន​ត្រឹមតែ​ខែ​វិច្ឆិកា​ប៉ុណ្ណោះ​។
​ចំពោះមុខ​កង្វះ​ថវិកា​នេះ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​លោក
ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​ជា​មិត្ត​របស់
តុលាការ ឲ្យ​បន្ត​ផ្តល់​វិភាគទាន ដើម្បីឲ្យ​បេសកកម្ម​របស់​តុលាការ​ចម្រុះ
កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម ដំណើរការ​ចប់​ចុង​ចប់​ដើម។

បន្ទាប់ពី​កិច្ចប្រជុំ លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​គូសបញ្ជាក់ថា មិនទាន់
មាន​ជា​ការប្រកាស​ថា ប្រទេស​ណាមួយ ផ្តល់​ថវិកា​ប៉ុន្មានៗ ដល់​សាលាក្តី​ទេ
។ ប៉ុន្តែ​បណ្តា​ប្រទេស​ជា​មិត្ត​របស់​តុលាការ ដែល​មាន​ទាំង​បណ្តា​ប្រទេស
សហភាព​អឺរ៉ុប​ផង​នោះ សន្យា​ផ្តល់​វិភាគទាន​បន្តទៀត ដល់​តុលាការ
ខ្មែរក្រហម។

បង្កើតឡើង​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០០៦ តុលាការ​ចម្រុះ បាន​ចំណាយ​ថវិកា
ទាំង​ផ្នែក​ជាតិ និង​អន្តរជាតិ​អស់​ជាង ១០០ លាន​ដុល្លារ​អាមេរិក ដើម្បី
កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម ៥ រូប ដែល​រួមមាន​៖ កាំ​ង ហ្កេក​អ៊ាវ ហៅ
ឌុច, នួន ជា​, អៀង សារី​, អៀង ធីរិទ្ធ និង​ខៀវ សំផន៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to