ព្រះសង្ឃ​ខ្មែរ​ទទួល​ពាន​រង្វាន់​អង្គការ​ UNDP​ផ្នែក​ការពារ​ព្រៃឈើ
rfi
© លាង ដឺលុច
ដោយ លាង ដឺលុច

ព្រះតេជព្រះគុណ​ប៊ុន សាលួត​ត្រូវ​បាន​កម្មវិធី​អភិវឌ្ឍ​របស់​អង្គការ
សហប្រជាជាតិ UNDP​ជ្រើសរើស​អោយ​ជាប់​ចំណាត់ថ្នាក់​ជា​អ្នក​ថែរក្សា​ព្រៃឈើ
ជាមួយ​ជ័យលាភី ២៤​រូប​ផ្សេង​ទៀត​មក​ពី​ជុំវិញ​ពិភពលោក។ ព្រះតេជព្រះគុណ
ប៊ុន សាលួត​ដែល​ជា​អ្នក​គ្រប់គ្រង​សហគមន៍​ព្រៃឈើ​សង្ឃ​រុក្ខវ័ន្ត​ក្នុង
ខេត្ត​ ឧត្តរមានជ័យ​នឹង​និមន្ត​ចាកចេញ​ទៅ​ទីក្រុង​ញូយ៉ក​ដើម្បី​ទទួល
ពានរង្វាន់​ ដែល​មាន​ឈ្មោះ​ថា គំនិត​ផ្តួចផ្តើម​អេក្វាទ័រ។





ព្រះសង្ឃ ​ព្រះនាម​ប៊ុន សាលួត​នឹង​និមន្ត​ចាកចេញ​ទៅ​ទីក្រុង​ញូយ៉ក
សហរដ្ឋអាមេរិក​នៅ​ដើម​សប្តាហ៍​ ក្រោយ​នេះ តាម​ការ​អញ្ជើញ​របស់​គណៈកម្មការ
រៀបចំ​កម្មវិធី​ពាន​រង្វាន់​គំនិត​ ផ្តួចផ្តើម​អេក្វាទ័រ។ ព្រះតេជព្រះគុណ
ប៊ុន សាលួត​ដែល​បាន​ដឹកនាំ​ការពារ​ព្រៃឈើ និង​អភិរក្ស​សត្វព្រៃ​​តាំងពី
ឆ្នាំ ២០០១​មក ត្រូវ​បាន​អង្គការ UNDP​ប្រចាំ​សហរដ្ឋអាមេរិក​ជ្រើសរើស​អោយ
ជាប់​ជា​ជ័យលាភី​នៃ​អ្នក​ការពារ​ ព្រៃឈើ​និង​ជីវៈចម្រុះ។ តំបន់​ការពារ
ព្រៃឈើ និង​អភិរក្ស​សត្វព្រៃ​ដែល​ក្រោយ​មក​បាន​ប្រែក្លាយ​ទៅជា​សហគមន៍
សង្ឃ​ រុក្ខវ័ន្ត​មាន​ទំហំ ១៨២៦១​ហិចតា​គ្រប​ដណ្តប់​លើ​ស្រុក​សំរោង និង
ស្រុក​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ។

ព្រះតេជព្រះគុណ​ប៊ុន សាលួត​ព្រះជន្ម ៣៩​វស្សា​បាន​មាន​សង្ឃដីកា​ថា
ព្រះអង្គ​រំភើប និង​សប្បាយចិត្ត​ចំពោះ​ការ​ទទួលស្គាល់​ស្នាដៃ​ការងារ​របស់
សហគមន៍​របស់​ ព្រះតេជព្រះគុណ​ក្នុង​ក្របខណ្ឌ​អន្តរជាតិ​យ៉ាង​ដូច្នេះ។ ហើយ
នេះ​ក៏​ជា​មោទនភាព​មួយ​របស់​កម្ពុជា​នៅ​លើ​ឆាកអន្តរជាតិ​ផង​ដែរ។
ព្រះតេជព្រះគុណ​បាន​ពន្យល់​ថា សហគមន៍​ព្រៃឈើ​​មាន​ប្រយោជន៍​ខ្លាំង
សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ​ក្នុង​សហគមន៍​ដែល​មាន ៣៥០០
គ្រួសារ ដែល​រស់នៅ​រំពឹង​លើ​អនុផល​ព្រៃឈើ។ ម្យ៉ាងទៀត​សហគមន៍​ព្រៃឈើ​នេះ
នឹង​ផ្តល់​ជា​ប្រយោជន៍​ថ្នាក់​ជាតិ ពាក់ព័ន្ធ​នឹង​ការ​ទូទាត់​ឥណទាន​កាបូន
ផងដែរ។

លោក​ឡុង រតនៈកុមារ​អនុប្រធាន​នាយកដ្ឋាន​ព្រៃឈើ និង​ព្រៃ​សហគមន៍​នៃ
រដ្ឋបាល​ព្រៃឈើ​បាន​ថ្លែង​អបអរ​ចំពោះ​ជ័យលាភី​របស់​ ព្រះតេជព្រះគុណ​ប៊ុន
សាលួត។ លោក​រតនៈកុមារ​អត្ថាធិប្បាយ​ថា ពាន​រង្វាន់​នេះ​មិនត្រឹម​តែជា​ការ
លើក​ទឹកចិត្ត​ដល់​សហគមន៍​មូលដ្ឋាន​អោយ​ បន្ត​ការងារ​ថែរក្សា​ព្រៃឈើ​តែមួយ
នោះ​ទេ។ តែវា​ក៏​ជា​ការ​លើក​ទឹកចិត្ត​ដល់​រដ្ឋាភិបាល​ក្នុង​ការ​គិតគូរ
និង​ផ្តល់ការ​គាំទ្រ​ដល់​សហគមន៍​ព្រៃឈើ​នានា​នៅ​កម្ពុជា។ យោងតាម​ការ
អះអាង​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដដែល សហគមន៍​សង្ឃ​រុក្ខវ័ន្ត​ជា
សហគមន៍​ដែល​មាន​ទំហំ​ធំ​ជាងគេ​ក្នុង​ចំណោម​ សហគមន៍​ព្រៃឈើ​ទាំង ១២​ដែល
រដ្ឋាភិបាល​បានចេញ​ប្រកាស​ទទួល​ស្គាល់ ហើយ​បាន​ប្រគល់​ការ​គ្រប់គ្រង​ទៅ
អ្នក​ដឹកនាំ​សហគមន៍​មូលដ្ឋាន៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to