ភ្នំពេញ: លោក អ៊ីវ៉ាន ហ្គាស្ប៉ារ៉ូវីច ( IVAN GASPAROVIC ) ប្រធានាធិបតី នៃសាធារណៈរដ្ឋ ស្លូវ៉ាគ ( Slovak ) បានដឹកនាំគណៈប្រតិភូ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាម៉ោង ៤ រសៀលថ្ងៃអង្គារនេះ ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១០ នៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល រដ្ឋមន្ត្រីក្រសួង ព្រះបរមរាជវាំង បានទទួលលោកប្រធានាធិបតីសាធារណៈរដ្ឋ ស្លូវ៉ាគ នៅ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយនឹងអង្គទូតនានា និងអ្នកមុខអ្នកការជាច្រើនរូបផ្សេងទៀត។ តាមកម្មវិធី លោកប្រធានាធិបតី ស្លូវ៉ាគ នឹងត្រូវចូលក្រាប បង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី នៅ ព្រះបរមរាជវាំង នាវេលាម៉ោង ១០ ព្រឹក ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០១០ ។ ចំណែកនៅពេលរសៀល លោកប្រធានាធិបតី អ៊ីវ៉ាន ហ្គាស្ប៉ារ៉ូវីច ទទួល ជួបដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់ ជាមួយនឹងសម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា, សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជួបសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅមហាប្រាសាទ ខេមរិន្ទ ក្នុងព្រះបរមរាជវាំង។ បន្ទាប់ពីទស្សនាព្រះវិហារ ព្រះកែវមរកត ក្នុងព្រះបរមរាជវាំង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា ឆ្នាំ២០១០ លោកប្រធានាធិបតី និង គណៈប្រតិភូ ប្រទេស ស្លូវ៉ាគ នឹងត្រូវចេញដំណើរតាមជើងយន្តហោះ ឆ្ពោះទៅ កាន់ខេត្តសៀមរាប ដើម្បីទស្សនាប្រាង្គប្រាសាទបុរាណខ្មែរ។ លោកប្រធានាធិបតី អ៊ីវ៉ាន ហ្គាស្ប៉ារ៉ូវីច នឹងដឹកនាំ គណៈប្រតិភូ នៃសាធារណៈរដ្ឋ ស្លូវ៉ាគ ចាកចេញពីទឹកដីខេត្តសៀមរាប ដើម្បី បញ្ចប់ដំណើរទស្សនកិច្ច នៅកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០១០។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បាន មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស្លូវ៉ាគ នៅ កម្ពុជា ពេលនេះ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការទ្វេភាគី ដែលប្រទេសទាំងពីរ មានស្រាប់។ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស្លូវ៉ាគ នៅកម្ពុជា ពេលនេះ ក៏ជាការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវរដ្ឋ បន្ទាប់ពី ព្រះករុណាព្រះមហាក្សត្រ នរោត្តម សីហមុនី បានយាងទៅបំពេញព្រះរាជដំណើរ ទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេស ស្លូវ៉ាគ កាលពីខែកញ្ញា ឆ្នាំ២០០៦។ លោក កុយ គួង បានបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស្លូវ៉ាគ នៅកម្ពុជា ក៏ដើម្បីពង្រីកនូវវិស័យសហប្រតិបត្តិការ ទ្វេភាគី រួមទាំងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យមាន វិសាលភាព កាន់តែទូលំទូលាយថែមទៀត។ លោក កុយ គួង បានបន្ថែមថា ទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា និង ស្លូវ៉ាគ កន្លងមក មានតិចតួច ដោយស្ថិតិរបស់ក្រសួងពាណិជ្ជកម្ម បង្ហាញថា នៅឆមាសទី១ ឆ្នាំ២០០៩ ការនាំទំនិញពីកម្ពុជា ទៅកាន់ សាធារណៈរដ្ឋ ស្លូវ៉ាគ មានទឹកប្រាក់ជាង ៥០០.០០០ ដុល្លារ។ ចំណែកការនាំ ទំនិញពីស្លូវ៉ាគ មកកាន់កម្ពុជា សម្រាប់ឆមាសទី១ ឆ្នាំ២០០៩ មាន ប្រហែល ៩.០០០ ដុល្លារ ប៉ុណ្ណោះ។ កម្ពុជា និងសាធារណៈរដ្ឋ ស្លូវ៉ាគ បានភ្ជាប់ទំនាក់ទំនងការទូត នឹងគ្នា នៅក្នុងឆ្នាំ១៩៩៧ បន្ទាប់ពីសាធារណៈរដ្ឋសង្គមនិយម ឆេកូ ស្លូវ៉ាគី បានបំបែកជារដ្ឋពីរ គឺសាធារណៈរដ្ឋ ស្លូវ៉ាគ និង សាធារណៈរដ្ឋ ឆេក នៅក្នុងឆ្នាំ១៩៩៣។ ចំណែកទូត ស្លូវ៉ាគ ប្រចាំកម្ពុជា មាននិវេសន្នដ្ឋាន នៅក្នុង ទីក្រុងបាងកក ប្រទេសថៃ។ រីឯទូតកម្ពុជា ប្រចាំប្រទេស ស្លូវ៉ាគ មាន និវេសន្នដ្ឋាន នៅប្រទេសអាល្លឺម៉ង់៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

