កម្មករ​រាប់​ពាន់​នាក់​ធ្វើ​កូដកម្ម​ព្រម​ៗ​គ្នា​នៅ​តាម​រោងចក្រ
ដោយ សេក បណ្ឌិត
2010-09-13

គម្រោង​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ​របស់​កម្មករ បន្ទាប់​ពី​ការ​ទាមទារ
ដំឡើង​ប្រាក់​ខែ ដែល​ចំណាយ​ពេល​អស់​ជា​ច្រើន​ខែ​មិន​បាន​ជោគជ័យ បាន​ផ្ទុះ
ឡើង​ហើយ​នៅ​ថ្ងៃ​១៣ កញ្ញា ដោយ​មាន​កម្មករ​រាប់​ពាន់​នាក់​ចូលរួម​នៅ​​មុខ
រោង​ចក្រ​​ពួក​គេ​ធ្វើ​ការ​ រៀង​ៗ​ខ្លួន។

AFP Photo

១៣-កញ្ញា-២០១០: ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ
កម្ពុជា (C.CAWDU) លោក អាត់ ធន់ (ស្ដាំ) ថ្លែង​ទៅ​កាន់​កម្មករ ក្នុង
អំឡុង​ពេល​ធ្វើ​កូដកម្ម​នៅ​ខាង​ក្រៅ​រោងចក្រ​មួយ ក្នុង​រាជធានី​ភ្នំពេញ។

ការ​ផ្ទុះ​ឡើង​នូវ​កូដកម្ម​ព្រម​ៗ​គ្នា​នេះ គេ​មិន​ទាន់​ឃើញ​មាន
ប្រតិកម្ម​យ៉ាង​ណា​នៅ​ឡើយ​ពី​រដ្ឋាភិបាល។ អ្នក​គ្រប់គ្រង​រោងចក្រ​មួយ
ចំនួន បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ផល​ប៉ះពាល់​ការងារ​ផលិត ជា
ពិសេស​អាច​ខ្វះ​ទំនិញ​នាំ​ចេញ ដែល​អាច​មិន​គ្រប់គ្រាន់​តាម​តម្រូវការ
អ្នក​បញ្ជា​ទិញ។

កូដកម្ម​អហិង្សា​របស់​កម្មករ​រោងចក្រ​កាត់​ដេរ​ប្រមាណ ៤០​កន្លែង ដែល​មាន
កម្មករ​ចូលរួម​ប្រហែល ៦​ម៉ឺន​នាក់ បាន​ផ្ទុះ​ឡើង​ព្រម​ៗ​គ្នា​ស្ទើរ​គ្រប់
ទី​កន្លែង ទាំង​នៅ​ក្នុង​ក្រុង និង​នៅ​ជាយ​ទីក្រុង​ភ្នំពេញ ខេត្ត​កណ្ដាល
និង​កំពង់ស្ពឺ នៅ​ថ្ងៃ​១៣ កញ្ញា​នេះ ដោយ​ទាមទារ​ឲ្យ​ថៅកែ​ដំឡើង​ប្រាក់
ខែ។

តំណាង​កម្មករ​នៅ​រោងចក្រ សាង វ៉ូ (SANG VO) ស្ថិត​នៅ​ឃុំ​ត្រពាំងគង ស្រុក
សំរោងទង ខេត្ត​កំពង់ស្ពឺ លោក គីម អ៊ីម បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ
ខាង​ក្រៅ​រោង​ចក្រ ពេល​ដែល​កំពុង​ធ្វើ​ការ​តវ៉ា បាន​ឲ្យ​ដឹង​ថា កម្មករ
ដែល​ចូលរួម​តវ៉ា​នេះ​មាន​ប្រហែល ៧០០​នាក់ ទៅ ៨០០​នាក់ ក្នុង​ចំណោម​កម្មករ
នៅ​ក្នុង​រោងចក្រ​ទាំង​មូល​មាន​ជាង ៣.០០០​នាក់។

តំណាង​កម្មករ​រូប​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ការ​តវ៉ា​នេះ​ក៏​មាន​ការ
រំខាន​ពី​សមត្ថកិច្ច​ប៉ូលិស​ខ្លះ​ដែរ ដូច​ជា​មិន​ឲ្យ​ស្រែក​តវ៉ា​តាម
មេក្រូ ហើយ​គំរាម​ដក​ហូត​យក​មេក្រូ និង​ចាប់​ខ្លួន​ជាដើម។

នៅ​ឯ​រោងចក្រ ជូ សិង ស្ថិត​នៅ​សង្កាត់​ព្រែក​លាប ខណ្ឌ​ឫស្សីកែវ រាជធានី
ភ្នំពេញ ក៏​មាន​ធ្វើ​កូដកម្ម​ដូច​គ្នា​ដែរ។ អនុ​ប្រធាន​សហជីព
ធម្មាធិបតេយ្យ កញ្ញា អៀម ចាន់បូនី បាន​ឲ្យ​ដឹង​ថា កម្មករ​រោងចក្រ​នៅ​ទី
នោះ​មាន​ជាង ១.៥០០​នាក់ ក្នុង​ចំណោម​កម្មករ​ក្នុង​រោងចក្រ​សរុប​ប្រហែល
៣.០០០​នាក់។

នាង​បាន​ឲ្យ​ដឹង​ទៀត​ថា តំណាង​ថៅកែ​រោងចក្រ​បាន​ចាក់​សោ​បង្ខាំង​កម្មករ
មួយ​ចំនួន​មិន​ឲ្យ​ចេញ​មក​ ចូលរួម​ធ្វើ​កូដកម្ម​នៅ​ខាង​ក្រៅ​ឡើយ។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​ផ្នែក​គ្រប់គ្រង​ធនធាន​មនុស្ស
នៅ​រោងចក្រ ជូ សិង នាង ទិត្យ ម៉ី បាន​បដិសេធ​ថា មិន​មាន​ការ​ហាម​ឃាត់
កម្មករ​មិន​ឲ្យ​ចេញ​ធ្វើ​កូដកម្ម​នោះ​ឡើយ។

ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​នៅ​ពេល​នេះ គឺ​មាន​គោល​បំណង​ដូច​គ្នា​ទៅ
នឹង​ការ​ទាមទារ​របស់​មេ​ដឹកនាំ​សម្ព័ន្ធ​សហជីព ​ប្រជាធិបតេយ្យ​កម្មករ
កាត់​ដេរ​កម្ពុជា (C.CAWDU) របស់​លោក អាត់ ធន់ ដែល​បាន​ទាមទារ​មិន​បាន
ជោគជ័យ​កន្លង​មក នូវ​លក្ខខណ្ឌ ៤​ចំណុច​ពី​សមាគម​រោងចក្រ​កាត់​ដេរ គឺ​ទី​១
ដំឡើង​ប្រាក់​ខែ​គោល​អប្បបរមា​ពី ៧៥​ដុល្លារ ទៅ ៩៣​ដុល្លារ ,ទី​២ ប្រាក់
ថ្លៃ​អាហារ​ពេល​ថែម​ម៉ោង, ទី​៣ ប្រាក់​ឧបត្ថម្ភ​សម្រាប់​សុខភាព និង​ទី​៤
សុំ​ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ​រៀង​រាល់​មួយ​ឆ្នាំ​ម្ដង។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (C.CAWDU)
លោក អាត់ ធន់ បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា ការ​ធ្វើ​កូដកម្ម​ថ្ងៃ
នេះ​បាន​ធ្វើ​ឡើង​តាម​ការ​គ្រោង​ទុក បន្ទាប់​ពី​ការ​ចរចា​ជា​ច្រើន​លើក
ជាមួយ​សមាគម​កាត់​ដេរ និង​ក្រសួង​ការងារ មិន​មាន​លទ្ធផល។

លោក​បន្ត​ថា មក​ដល់​ត្រឹម​ម៉ោង ១​រសៀល​ថ្ងៃ​ទី​១៣ កញ្ញា ដែល​ជា​ថ្ងៃ
ដំបូង​នៃ​ការ​ធ្វើ​កូដកម្ម​នេះ សមត្ថកិច្ច​បាន​ចាប់​ឃាត់​ខ្លួន​កម្មករ
មួយ​ចំនួន​នៅ​កន្លែង​ផ្សេង​ៗ​គ្នា ដើម្បី​ធ្វើ​ការ​សាកសួរ ហើយ​លោក​កំពុង
ធ្វើ​ការ​សម្រប​សម្រួល​ឲ្យ​ដោះលែង​មក​វិញ។ លោក អាត់ ធន់ បន្ត​ថា ការ​ធ្វើ
កូដកម្ម​នេះ​ពុំ​មាន​ពេល​កំណត់​ទេ លុះត្រាតែ​មាន​ការ​ឆ្លើយ​តប​តាម​ការ
ទាមទារ​របស់​កម្មករ​កន្លង​មក។

ប្រធាន​ផ្នែក​គ្រប់គ្រង​ធនធាន​មនុស្ស​នៅ​រោងចក្រ ជូ សិង នាង ទិត្យ ម៉ី
បាន​សម្ដែង​ការ​បារម្ភ​ថា បើ​កូដកម្ម​នេះ​អូស​បន្លាយ​យូរ​ទៅ​មុខ​ទៀត​នោះ
នឹង​ប៉ះពាល់​ដល់​ដំណើរការ​ផលិត​នាំ​ចេញ​មិន​គ្រប់គ្រាន់​តាម​ការ​គ្រោង
ទុក​ ឡើយ ហើយ​ចាំបាច់​ត្រូវ​មាន​ការ​ដោះស្រាយ​ជា​បន្ទាន់។

មន្រ្តី​ជាន់​ខ្ពស់​ទទួល​បន្ទុក​សម្រប​សម្រួល​ដោះស្រាយ​វិវាទ​ការងារ នៃ
សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា លោក ជាតិ ខេមរា បាន​មាន​ប្រសាសន៍​ថា
ការ​ធ្វើ​កូដកម្ម​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ផលិត​របស់
រោងចក្រ ​ទេ ព្រោះ​ការ​ធ្វើ​កូដកម្ម​នេះ​តាម​លោក​អង្កេត​មើល មាន​តែ ២១
កន្លែង​ទេ នៅ​ថ្ងៃ​ទី​១​នេះ ហើយ​លោក​កំពុង​ធ្វើ​ការ​អង្កេត​បន្ត​ទៀត
ចំពោះ​សភាពការណ៍​នេះ។

លោក​បន្ត​ថា ដំណោះស្រាយ​ពុំ​មាន​អ្វី​ក្រៅ​ពី​ការ​អនុវត្ត​តាម​សេចក្ដី
សម្រេច​របស់​ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដែល​កម្មករ​ភាគ​ច្រើន​បាន
ព្រមព្រៀង​គ្នា​រួច​ហើយ ហើយ​សមាគម​នៅតែ​រក្សា​ជំហរ​នេះ​ដដែល។

នៅ​ថ្ងៃ​ច័ន្ទ ទី​១៣ កញ្ញា​នេះ ពុំ​មាន​សេចក្ដី​រាយការណ៍​ថា មាន​កម្លាំង
សមត្ថកិច្ច​បង្ក្រាប​កម្មករ​ធ្វើ​កូដកម្ម​ក្នុង​លក្ខណៈ​ ទ្រង់ទ្រាយ​ធំ
នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១០ ​ក្រុម​ប្រឹក្សា​ការងារ​បាន
សម្រេច​ដំឡើង​ប្រាក់​ខែ​គោល​អប្បបរមា​​របស់​ កម្មករ ដែល​មាន​ស្រាប់​ពី ៥០
ដុល្លារ ទៅ ៦១​ដុល្លារ​ក្នុង​មួយ​ខែ ដោយ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​១ ខែ
តុលា ឆ្នាំ​២០១០ រហូត​ដល់​ឆ្នាំ​២០១៤។ ប៉ុន្តែ​ការ​ដំឡើង​នេះ សហជីព
កម្មករ​មិន​ទទួល​យក​ទេ ហើយ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​កាត់​ដេរ និង​ស្បែក
ជើង​នៅ​កម្ពុជា ដំឡើង​ប្រាក់​ខែ​របស់​កម្មករ​ឲ្យ​បាន​ចំនួន​ចន្លោះ​ពី ៧៥
ទៅ​ដល់ ៩៣​ដុល្លារ​ក្នុង​មួយ​ខែ និង​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន​ទៀត៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to