អង្គការក្រៅរដ្ឋាភិបាល រកឃើញថា ប្រាក់បញ្ញើរពីពលករខ្មែរ ធ្វើការក្រៅ ប្រទេសមានចំនួន ៣០០ លានដុល្លារ ក្នុងមួយឆ្នាំៗ
cen.com.kh ដោយ : សុភ័ក្ត្រ (ថ្ងៃទី 18 កញ្ញា 2010) ភ្នំពេញ: លោក យ៉ា ណាវុធ ប្រធានអង្គការ ខារ៉ាម កម្ពុជា ដែលធ្វើការ ខាងពលករចំណាកស្រុក បានលើកឡើងថា ពលករខ្មែរ ធ្វើការនៅក្រៅប្រទេសបាន ផ្តល់ប្រាក់បញ្ញើរមកក្រុមគ្រួសារ ក្នុងមួយឆ្នាំៗ នូវទឹកប្រាក់ ប្រមាណ ៣០០ លានដុល្លារ។ លោក យ៉ា ណាវុធ បានលើកឡើងថា មានពលករខ្មែរចំនួនជាង ២០ ម៉ឺន នាក់ ចេញទៅធ្វើពលករនៅប្រទេសថៃ ដែលក្នុងនោះរដ្ឋាភិបាលបានជួយ ពលករបានចំនួនជាង ៨ ម៉ឺននាក់ ទទួលបានឯកសារស្របច្បាប់ ធ្វើជាពលករ នៅប្រទេសថៃ។ ក្នុងនោះមានពលករកម្ពុជាចំនួន ១២.០០០ នាក់ ត្រូវបាន នាំទៅធ្វើការ នៅប្រទេសថៃ តាមរយៈក្រុមហ៊ុននាំពលករស្របច្បាប់។ នៅ ប្រទេសម៉ាឡេស៊ី ចំនួនជិត ២ ម៉ឺននាក់។ ពលករកម្ពុជាធ្វើការនៅប្រទេស កូរ៉េខាងត្បូងមានជិត ៩.០០០ នាក់ និងកោះតៃវ៉ាន់ មានស្ត្រីខ្មែររង ការជួញដូរ តាមរយៈរៀបការក្លែងក្លាយ មានជាង ៥.០០០ នាក់។ លោក យ៉ា ណាវុធ បានបន្ថែមថា ស្ថានភាពពលករខ្មែរចំណាកស្រុក ទៅ ធ្វើការក្រៅប្រទេស នៅពេល បច្ចុប្បន្ននេះ មានភាពល្អប្រសើរជាង ៦ ឆ្នាំមុន ដែលកាលណោះពលករកម្ពុជា មានលក្ខណៈដូចទាសករ។ លោក បន្តទៀតថា បច្ចុប្បន្ន រដ្ឋាភិបាល បានខិតខំសហការជាមួយ ប្រទេសជាដៃគូទទួលពលករ ដោយបង្កើតនូវយន្តការ ព្រមទាំងសន្ធិសញ្ញា ការពារសិទ្ធិពលករ ដូចជា គោលនយោបាយទេសន្តរប្រវេសន៍ និងបទបញ្ជា ដោយ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងមហាផ្ទៃ សំរាប់ គ្រប់គ្រងក្រុមហ៊ុនជ្រើសរើសពលករ ហើយពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ បាន ធ្វើការបង្ក្រាបក្រុមហ៊ុនមួយចំនួន ពីបទបង្ខាំងមនុស្សខុសច្បាប់ ហើយ ជាសារព្រមាន ដល់បណ្តាក្រុមហ៊ុនឯទៀត ដើម្បីការពារសិទ្ធិពលករខ្មែរ ។ លោក យ៉ា ណាវុធ បានបន្ថែមថា បើទោះបីជា រដ្ឋាភិបាលបានបង្កើត ច្បាប់ជាច្រើន ដើម្បីការពារសិទ្ធិពលករ នៅតែកើតមានបញ្ហាមួយចំនួន ដល់ពលករ មាន ដូចជា ការរឹតត្បិតសេរីភាពដើរហើររបស់ពលករ ជាពិសេសនៅ ក្រៅប្រទេស និងបណ្តាក្រុមហ៊ុនមួយចំនួន នៅក្នុងស្រុក មានបញ្ហារំលោភ សិទ្ធិពលករ ជាងនេះទៀតកិច្ចសន្យារវាងក្រុមហ៊ុន និងពលករ គឺមានតែនៅ ក្រុមហ៊ុន។ ហេតុនេះហើយ អង្គការសង្គមស៊ីវិល ចង់ឃើញមានការគោរពច្បាប់ និងគោរពសិទ្ធិពលករខ្មែរ ដែលត្រូវបានអនុវត្តនៅបណ្តាប្រទេសថៃ ម៉ាឡេស៊ី កូរ៉េ ក៏ដូចជា ក្រុមហ៊ុន នៅក្រៅប្រទេស និងក្រុមហ៊ុន ក្នុងស្រុកផងដែរ។ លោក យ៉ា ណាវុធ បានឱ្យដឹងទៀតថា នៅក្នុងឆ្នាំ២០១០នេះ អង្គការ ខារ៉ាម បានទទួលពាក្យបណ្តឹងពីពលករខ្មែរបានចំនួនជាង ២០ ពាក្យបណ្តឹង ដែលបានប្តឹងថៅកែ នៅបរទេស និងថៅកែក្រុមហ៊ុន នៅក្នុង ស្រុក ហើយមានការដោះស្រាយសំណងមួយចំនួន ដោយសហការជាមួយរដ្ឋាភិបាល។ កាលពីសប្តាហ៍មុន ពលការិនី ដែលរងគ្រោះ ដោយការរំលោភសិទ្ធិ ការងារ រំលោភរាងកាយ និងបង្អត់អាហារ ហើយបានបង្ខំចិត្ត រត់ចេញពី កន្លែងធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានជួយសង្គ្រោះ បញ្ជូនមក ដល់ប្រទេសកម្ពុជាវិញ។ ក្នុងសន្និសីទកាសែត នៅអង្គការសិទ្ធិមនុស្ស អាដហុក ក្រុមស្ត្រី ពលកររងគ្រោះទាំងនោះ បានថ្លែងពីទុក្ខលំបាក ក្នុងនាមជាពលករនៅ ប្រទេសម៉ាឡេស៊ី ព្រមទាំងអំពាវនាវ ដល់ពលរដ្ឋខ្មែរឯទៀត ឲ្យពិចារណា និងស្វែងរកព័ត៌មាន ឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងសំរេចចិត្ត ចាក ចេញពីស្រុកកំណើត ដើម្បីទៅធ្វើការនៅក្រៅប្រទេស។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតគោលនយោបាយថ្មីមួយ ដើម្បីការពារ ពលករឆ្លងដែន ទៅធ្វើការនៅក្រៅប្រទេស។ ឯកសារគោលនយោបាយ ស្តីពី ទេសន្តរប្រវេសន៍ការងារ ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹង សេចក្តីថ្លែងការណ៍អាស៊ាន ដែលតម្រូវឲ្យរដ្ឋាភិបាល ក្នុងបណ្តាប្រទេស សមាជិកអាស៊ាន ទាំង ១០ ប្រទេស ត្រូវបង្កើតយន្តការ ច្បាប់ ឬគោលនយោបាយ ដើម្បីការពារសិទ្ធិពលករចំណាកស្រុក ទាំងមុនពេលចាកចេញ ទាំងពេល ទៅដល់ប្រទេសទទួល និងក្រោយពេលបញ្ជូនត្រឡប់មកវិញ។ គោលនយោបាយ ដែលរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្សព្វផ្សាយ កាលពីខែ សីហាកន្លងមក ក៏ដើម្បីប្រឆាំងនឹងការរំលោភបំពាននានា ការជួញដូរ មនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្មលើក្រុមពលករឆ្លងដែនផងដែរ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

