សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចាប់ផ្តើមឈឺឆ្អាលរឿងនយោបាយឡើងវិញ cen.com.kh ដោយ : លីហូវ (ថ្ងៃទី 23 សីហា 2010)
ភ្នំពេញ: គឺជាលើកដំបូងហើយ នៅពេលនេះ សម្រាប់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងសព្វថ្ងៃជាព្រះប្រធាន ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ ឋានៈស្មើនាយករដ្ឋមន្ត្រី ដែលព្រះអង្គ ទ្រង់ ចាប់ផ្តើមយកព្រះទ័យឈឺឆ្អាលក្នុងរឿងនយោបាយ ។ នោះគឺអតីត នាយករដ្ឋមន្ត្រីទី១ របស់កម្ពុជា និងជាអតីតប្រធានរដ្ឋសភាផងនោះ បានថ្លែងការណ៍ កុំឲ្យមានការរួបរួម ជាគណបក្សតែមួយ លឿនពេក រវាង គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សជាតិនិយម ដែលជាអតីតគណបក្ស នរោត្តម រណឫទ្ធិ ក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ។ ក្នុងសេចក្តីថ្លែងការណ៍ ដែលបានប្រើនូវព្រះសង្ហារ របស់ ព្រះបរមរាជវាំង ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១០ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានលើកឡើងថា ក្នុងនាមខ្ញុំ ជាអតីតប្រធាន គណបក្ស នរោត្តម រណឫទ្ធិ ខ្ញុំមានហឫទ័យខ្វល់ខ្វាយជាអនេក ចំពោះខ្លឹមសារនៃ សេចក្តីបកស្រាយរបស់ក្រុមប្រឹក្សាធមនុញ្ញ នូវមាត្រា ៣៦ ដែល វាក្យខ័ណ្ឌទី២ ចែងថាៈ “ក្រសួងមហាផ្ទៃ ត្រូវលុបឈ្មោះគណបក្សនយោបាយ ដែល បានប្រកាសរួមបញ្ចូលគ្នានោះ ចេញពីបញ្ជីគណបក្សនយោបាយ បន្ទាប់ពីបាន ទទួលលិខិតជូនដំណឹងពីការរួមបញ្ចូលគ្នានោះ ” ។ ការលើកឡើងដូច្នេះ ត្រូវបានសម្តេចក្រុមព្រះ ធ្វើឡើង ក្រោយពី ព្រះអង្គ បានអាននូវចម្លើយរបស់ក្រុមប្រឹក្សាធមនុញ្ញ ដែលបាន បកស្រាយមាត្រា ៣៦ នៃច្បាប់ស្តីពីគណបក្ស នយោបាយ ដែលលោក សៅ រ៉ានី សមាជិកតំណាំងរាស្ត្រមណ្ឌលព្រៃវែង និង ជាតំណាងគណបក្សជាតិនិយម ( អតីតគណបក្ស នរោត្តម រណឫទ្ធិ ) បានធ្វើលិខិតចុះថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១០ ស្នើសុំឱ្យក្រុមប្រឹក្សាធមនុញ្ញ បកស្រាយមាត្រា ៣៦ តាមរយៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។ ក្នុងសេចក្តីថ្លែងការណ៍ដដែល សម្តេចក្រុមព្រះ បានលើកឡើងថា នៅក្នុង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធមនុញ្ញទាំងបីករណី គណបក្សនយោបាយ ទាំងពីរ សុទ្ធតែត្រូវបាត់បង់អាសនៈ នៅរដ្ឋសភា ព្រឹទ្ធសភា រួមទាំង ក្រុមប្រឹក្សា នៅថ្នាក់ក្រោមជាតិ គឺដោយសារតែការបោះឆ្នោតសកល និង អសកល កន្លងមក ត្រូវធ្វើតាមប្រព័ន្ធសមាមាត្រ ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងនាមព្រះអង្គ ជាអ្នកគោរពច្បាប់ និងអ្នកប្រជាធិបតេយ្យ សម្តេចក្រុមព្រះ យល់ឃើញថា ការបកស្រាយលើមាត្រា ៣៦ របស់ក្រុមប្រឹក្សាធមនុញ្ញ គឺជាការបកស្រាយដ៏ត្រឹមត្រូវ ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលបានលាឈប់ពីនយោបាយ កាលពី ចុងឆ្នាំ២០០៨ បានបញ្ជាក់ថា ព្រះអង្គ មិនដែលមានទស្សនៈប្រឆាំងទៅនឹង ការរួបរួមគ្នារវាងគណបក្សជាតិនិយម ( អតីតគណបក្ស នរោត្តម រណឫទ្ធិ ) ជាមួយនឹងគណបក្សហ្វ៊ុនស៊ិនប៉ិចទេ។ ក៏ប៉ុន្តែប្រសិនបើការរួបរួមនេះ ធ្វើឱ្យបាត់បង់តំណែង តួនាទី នៃសមាជិករដ្ឋសភា សមាជិក-សមាជិកា ក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ខ័ណ្ឌ ខេត្ត-ក្រុង រាជធានី នៃ អតីតគណបក្ស នរោត្តម រណឫទ្ធិ ដែលប្រជាពលរដ្ឋបានគាំទ្របោះឆ្នោត នា ឆ្នាំ ២០០៧ មាន ៤១៩.១៩១សម្លេង និងនៅឆ្នាំ ២០០៨ សម័យបោះឆ្នោតសកល គណបក្ស នរោត្តម រណឫទ្ធិ ទទួលបានសម្លេងគាំទ្រពីប្រជាពលរដ្ឋ ៣៣៧.៩៤៣ សម្លេង ហើយទទួលបានពីរអាសនៈនៅរដ្ឋសភា នោះគឺត្រូវតែមានការគិតគូរ ឡើងវិញ ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបញ្ជាក់ថា ក្នុងនាមព្រះអង្គ ជា អ្នកប្រជាធិបតេយ្យ គោរពនូវឆន្ទៈប្រជារាស្ត្រជាមូលដ្ឋាន ដែលបាន បោះឆ្នោតជូន ក្នុងក្របខ័ណ្ឌគណបក្ស នរោត្តម រណឫទ្ធិ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ពុំអាចទទួលយកបាន នូវការបាត់បង់តំណែង តួនាទី នៃ សមាជិករដ្ឋសភា សមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក- ខ័ណ្ឌ ខេត្ត-ក្រុង រាជធានី បានទ្បើយ។ ព្រះអង្គ មានចេតនាចង់ឃើញ សមាជិក-សមាជិកាទាំងអស់នោះ ត្រូវបានបញ្ចប់នូវអាណត្តិរបស់ខ្លួន តាមនីតិវិធីដែលបានកំណត់ ។ ក្នុងន័យនេះដែរ តាមរយៈការបកស្រាយរបស់ក្រុមប្រឹក្សាធមនុញ្ញ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យល់ឃើញថា គណបក្សជាតិនិយម ( អតីត គណបក្ស នរោត្តម រណឫទ្ធិ ) ពុំអាចរួមបញ្ចូលគ្នា ជាគណបក្សនយោបាយតែ មួយ ដែលធ្វើឱ្យបាត់បង់នូវសម្លេងអ្នកគាំទ្រ និងសមាជិក-សមាជិកា ដ៏ ឧត្តុងឧត្តម ដែលតែងតែបូជាកម្លាំងកាយចិត្ត និងធនធាន ក្នុងការយកចិត្ត ទុកដាក់គិតគូ ដល់ឧត្តមប្រយោជន៍ជាតិ និងអនាគតប្រទេសជាតិ ព្រមទាំង បាត់បង់ឈោះគណបក្ស និងកិត្តិយស នៃគណបក្សជាតិនិយម ( អតីតគណបក្ស នរោត្តម រណឫទ្ធិ ) ទៀតផង ។ អាស្រ័យហេតុនេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានអំពាវនាវដល់ ប្រធាន ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់ ព្រមទាំងសមាជិក-សមាជិកា ទូទាំងព្រះរាជាណាចក្រកម្ពុជា មេត្តាពិនិត្យពិចារណាឱ្យបានហត់ចត់ ចំពោះជោគវាសនា នៃគណបក្សជាតិនិយម ( អតីតគណបក្ស នរោត្តម រណឫទ្ធិ ) ។ សូមរម្លឹកថា គណបក្សហ្វ៊ុនស៊ិនប៉ិច ក្រោមការដឹកនាំរបស់លោក កែវ ពុទ្ធរស្មី និងគណបក្សជាតិនិយម ក្រោមការដឹកនាំរបស់លោក ឈឹម សៀកឡេង បានចុះហត្ថលេខាលើពិធិសារ ចងសម្ព័ន្ធភាពនឹងគ្នាជាផ្លូវការ កាលពី រសៀលថ្ងៃច័ន្ទ ទី៧ ខែមិថុនា ឆ្នាំ២០១០ ។ ការរួបរួមជាសម្ព័ន្ធភាពអតីតគណបក្សរាជានិយម របស់បងប្អូនគូសត្រូវ ទាំងពីរ ដើម្បីបង្កើតនូវបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរួម នៅក្នុង គណបក្សតែមួយ សម្រាប់ចូលរួមការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ២០១២ និង ការបោះឆ្នោតជាតិឆ្នាំ២០១៣ខាងមុខ។ គណបក្សរាជានិយមទាំងពីរ ក៏បាន ប្រកាសថា នឹងឈានដល់ការបង្រួបបង្រួម ជាគណបក្សតែមួយឡើងវិញ នាពេល ឆាប់ៗនេះ ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

